អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២២
បុណ្យព្រះអម្ចាស់យេស៊ូប្រសូត
ពណ៌ស
បុណ្យព្រះយេស៊ូប្រសូត
ពាក្យ “ណូអែល” ជាពាក្យបារាំង មានន័យថា “កំណើត”។ តាមពិត គ្មាននរណាដឹងច្បាស់ថា ព្រះយេស៊ូប្រសូត្រនៅថ្ងៃណាទេ តែព្រះសហគមន៍បានសន្មតយកថ្ងៃ ២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំឭកថ្ងៃព្រះអង្គប្រសូត ព្រោះចាប់ពីថ្ងៃ ២៥ ធ្នូ តទៅពេលថ្ងៃកាន់តែវែងឡើងបន្តិចម្តងៗ ឯពេលយប់ក៏កាន់តែខ្លីបន្តិចម្តងៗទៅដែរ។ គ្រីស្តបរិស័ទសន្មតយកថ្ងៃ២៥ ធ្នូ ដូច្នេះ ដោយមានបំណងចង់គោរពព្រះយេស៊ូទុកជាពន្លឺដ៏ពិតប្រាកដ ដែលបំភ្លឺមនុស្សលោក។
ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រ គ្រីស្តបរិស័ទមិនគ្រាន់តែនាំគ្នាធ្វើបុណ្យរំឭកព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីអតីតកាលនោះទេ គឺគេនាំគ្នារិះគិតអំពីអត្ថន័យ កំណើតរបស់ព្រះយេស៊ូនោះវិញ។
ព្រះយេស៊ូពិតជាមនុស្សធម្មតា ដែលស្គាល់សុខ ស្គាល់ទុក្ខ និងទទួលមរណភាពដូចមនុស្សយើងដែរ។ ប៉ុន្តែ ព្រះយេស៊ូក៏ពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រានៃព្រះជាម្ចាស់ដែរ។ ដោយព្រះគ្រីស្តមានជីវភាពដូចមនុស្សយើងបេះបិទ ជីវភាពរបស់មនុស្សយើងក៏ទទួលអត្ថន័យថ្មី និងទទួលតម្លៃដ៏ថ្លៃថ្នូរបំផុត។ ព្រះអង្គរួមសាមគ្គីជាមួយមនុស្សយើង ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះបិតាចំពោះមនុស្សលោក ហើយក៏ស្រឡាញ់ព្រះបិតាក្នុងនាមមនុស្សយើងដែរ។
ព្រះយេស៊ូយាងមកនាំផ្លូវមនុស្សលោក ឆ្ពោះទៅកាន់ព្រះបិតា។ ព្រះយេស៊ូយាងមកសំរុះសំរួលមនុស្សលោក ដែលទាស់ទែងគ្នា។ ព្រះយេស៊ូយាងមកបង្ហាញឱ្យដឹងថា មនុស្សគ្រប់ៗរូបមានកិត្តិយសខ្ពង់ខ្ពស់ ទោះខ្លួនជាអ្នកមានក្តី ជាអ្នកក្រក្តី ឬជាជាតិសាសន៍ណាក្តី ក៏ជីវិតមនុស្សយើងមានតម្លៃដ៏ថ្លៃថ្នូរបំផុតដែរ។ សព្វថ្ងៃនេះ ព្រះអង្គគង់នៅក្នុងពិភពលោកយើងនេះ។
អភិបូជានៅពេលថ្ងៃ
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥២,៧-១០
អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសន្តិភាព! គេប្រកាសដំណឹងដ៏ល្អអំពីការសង្គ្រោះ ហើយពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!”។ សូមស្តាប់សំឡេងរបស់អ្នកយាម! ពួកគេបន្លឺសំឡេងឡើង និងស្រែកហ៊ោយ៉ាងសប្បាយជាមួយគ្នា ដ្បិតពួកគេឃើញដោយផ្ទាល់នឹងភ្នែក ព្រះអម្ចាស់យាងត្រឡប់មកក្រុងស៊ីយ៉ូនវិញ។ គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ! ចូរស្រែកហ៊ោយ៉ាងសប្បាយទាំងអស់គ្នា ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ!។ ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គ ឱ្យប្រជាជាតិទាំងអស់ឃើញ ហើយមនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
ទំនុកតម្កើងលេខ ៩៧,១-៦ បទពាក្យ ៧
១. | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណាចដ៏យូរលង់ |
ចូរឱ្យផែនដីរីករាយឡើង | កោះទាំងឡាយផងអសប្បាយ ។ | |
២. | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ |
ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ ។ | |
៣. | មានភ្លើងឆេះនៅមុខព្រះម្ចាស់ | សត្រូវច្រើនណាស់ត្រូវបាត់បង់ |
អ្នកដែលប្រឆាំងច្បាំងព្រះអង្គ | គ្មានសល់ម្នាក់ផងក្ស័យសង្ខារ ។ | |
៤. | មានផ្លេកបន្ទោរជះពន្លឺ | ខ្ទ័រខ្ទារន្ទឺសព្វលោកា |
ផែនដីតក់ស្លុតឥតឧបមា | ញ័រអស់កាយាដោយភិតភ័យ ។ | |
៥. | ភ្នំនានាដែលនៅចំពោះ | ភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ |
ដូចជាក្រមួនត្រូវរលាយ | ដោយកំដៅថ្ងៃនៅមិនបាន ។ | |
៦. | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្តីសប្បុរសល្អថ្កើងថ្កាន |
ឱ្យប្រជារាស្ត្រទាំងប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ ។ |
អត្ថបទទី២
សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១,១-៦
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន ដោយសារពួកព្យាការី។ នៅគ្រានេះ ជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។ ព្រះបុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឱ្យបានបរិសុទ្ធផុតពីបាបរួចហើយ ទ្រង់ក៏គង់នៅខាងស្តាំព្រះដ៏ឧត្តុង្គឧត្តមឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះបុត្រាបានទទួលព្រះនាមប្រសើរ លើសពួកទេវទូតយ៉ាងណា ទ្រង់ក៏បានទទួលឋានៈប្រសើរជាងពួកទេវទូតយ៉ាងនោះដែរ។ ព្រះយេស៊ូគ្រីស្តមានឋានៈធំជាងពួកទេវទូត។ ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវទូតណាថា៖«ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ» ឬមានព្រះបន្ទូលថា៖«យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្ររបស់យើង» ឡើយ។ មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់ បុត្រច្បងឱ្យមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖«ទេវទូតទាំងអស់របស់ព្រះជាម្ចាស់ ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា»។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះពន្លឺបានបំភ្លឺមនុស្សលោក។ ប្រជាជនទាំងឡាយនៅលើផែនដីអើយ!
សូមអញ្ជើញចូលមកក្នុងពន្លឺរបស់ព្រះជាម្ចាស់! សូមអញ្ជើញមកក្រាបថ្វាយបង្គំព្រះអម្ចាស់! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,១-១៨
កាលពីដើមដំបូងបង្អស់ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់កាលពីដើម ដំបូងបង្អស់។ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្តាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ ពន្លឺភ្លឺក្នុងសេចក្តីងងឹត តែសេចក្តីងងឹតពុំបានទទួលពន្លឺទេ។ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក។ លោកមក ធ្វើជាបន្ទាល់ផ្តល់សក្ខីភាពអំពីពន្លឺ ដើម្បីឱ្យមនុស្សទាំងអស់ជឿដោយសារលោក។ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្តល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ព្រះបន្ទូលយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។ រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឱ្យគេអាចទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីការប៉ងប្រាថ្នារបស់មនុស្សទេ គឺកើតពីព្រះជាម្ចាស់វិញ។
ព្រះបន្ទូលកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត។ លោកយ៉ូហានបានផ្តល់សក្ខីភាពអំពីព្រះអង្គដោយប្រកាសថា៖គឺលោកនេះហើយ ដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ យើងទាំងអស់គ្នាទទួលព្រះហឫទ័យប្រណីសន្តោសមិនចេះអស់ មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ដ្បិតព្រះជាម្ចាស់ប្រទានធម្មវិន័យដោយសារលោកម៉ូសេ តែទ្រង់បានសម្តែងព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត ដោយសារព្រះយេស៊ូគ្រីស្ត។ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ទេ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលនាំយើងឱ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។