អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៧,១៥-២៧
ខ្ញុំដានីអែលតប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើឱ្យខ្ញុំតក់ស្លុតណាស់។ ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរនៅក្បែរបល័្លង្ក ហើយសួរគាត់ឱ្យពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។គាត់ក៏បកស្រាយអត្ថន័យ នៃហេតុការណ៍ទាំងអស់ ដែលខ្ញុំបានឃើញនោះ ដូតទៅ៖សត្វធំសម្បើមទាំងបួននោះ គឺព្រះមហាក្សត្របួនអង្គ ដែលនឹងឡើងគ្រងរាជ្យលើផែនដីនេះ។ បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យសម្បតិ្តនោះហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ចជាអង្វែងតរៀងទៅ។ ក្រោយមកខ្ញុំក៏សួរចង់ដឹងឱ្យច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់។ ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់ នៅលើក្បាលសត្វនោះ និងអំពីស្នែងមួយទៀត ដែលដុះឡើងធ្វើឱ្យជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។ ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ រហូតដល់ពេលព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ យាងមកដើម្បីរកយុតិ្ដធម៌ឱ្យប្រជាជនដ៏វិសុទ្ធ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះហើយជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធបានទទួលរាជ្យសម្បត្តិ។ បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួន ដែលនឹងកើតឡើងនៅលើផែនដី។ រាជាណាចក្រនោះ ប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេបជាន់ឈី្ល និងកិនកម្ទេចរាជាណាចក្រឯទៀតៗ។ រីឯស្នែងទាំងដប់ គឺស្ដេចដប់អង្គដែលនឹងឡើងគ្រងរាជ្យក្នុងរាជាណាចក្រ នោះ។ បន្ទាប់មក មានស្ដេចមួយអង្គដែលប្លែកពីស្ដេចមុនៗ ឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ សេ្ដចបីអង្គទៀតចោល។ ស្ដេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់នឹងជិះជាន់សង្កត់សង្កិនប្រជារាស្រ្ដ ដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរវិន័យទៀតផង។ ទ្រង់នឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា។ បន្ទាប់មក ពេលវិនិច្ឆ័យទោសក៏មកដល់ គេនឹងដកអំណាចគ្រប់គ្រងចេញពីស្ដេចនោះ ហើយរាជ្យនេះនឹងត្រូវគេបំផ្លាញឱ្យវិនាសសូន្យរហូតតទៅ។ ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យអំណាចគ្រប់គ្រង និងទ្រព្យសម្បតិ្ដនៃ រាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
ទំនុកតម្កើងរបស់ព្យាការីដានីអែល ៣,៨២-៨៧ បទកាកគតិ
៨២. | ចូរឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | កុំបីឃ្លាតឆ្ងាយ |
សរសើរព្រះអង្គ | ជាព្រះម្ចាស់ថ្លៃ | រៀងរាល់យប់ថ្ងៃ | |
កុំបីអល់អែក ។ | |||
៨៣. | ឱអ៊ីស្រាអែល | អ្នកជាជាតិដែល | វិសុទ្ធពន់ពេក |
ចូរលើកតម្កើង | ព្រះខ្ពស់អនេក | ហួសទាំងផ្ទៃមេឃ | |
កុំសំងំនៅ ។ | |||
៨៤. | ចូរបូជាចារ្យ | គ្រប់ៗកាយា | ឆ្ពោះតម្រង់ទៅ |
តម្កើងព្រះអង្គ | ទាំងថ្ងៃយប់ជ្រៅ | កុំសំងំនៅ | |
សរសើរកុំឈប់ ។ | |||
៨៥. | អស់អ្នកទាំងឡាយ | ដែលតែងខ្វល់ខ្វាយ | បម្រើគោរព |
ស្មូត្រតម្កើងព្រះ | ទាំងថ្ងៃទាំងយប់ | កុំឈរកុំឈប់ | |
នៅស្ងៀមឱ្យសោះ ។ | |||
៨៦. | ចូរវិញ្ញាណក្ខ័ន្ធ | អ្នកស្លាប់ប៉ុន្មាន | កុំបីចន្លោះ |
ព្រលឹងនៃអ្នក | សុចរិតទាំងអស់ | តម្កើងដោយស្មោះ | |
កុំនៅកន្ដើយ ។ | |||
៨៧. | អស់អ្នកគោរព | ប្រណិប័តន៍សព្វគ្រប់ | ព្រះអម្ចាស់អើយ |
និងអ្នកដាក់ចិត្ត | ជាអ្នកខ្សត់ហើយ | កុំបង្អង់ឡើយ | |
តម្កើងព្រះអង្គ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦
អលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គលដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,៣៤-៣៦
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុងសាវ័ក អំពីដំណើរនិវត្ដរបស់ព្រះអង្គថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឱ្យមែនទែន កុំបណ្ដោយឱ្យចិត្ដរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន ដ្បិតថ្ងៃនោះមកដល់ ប្រៀបបាននឹងសំណាញ់ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំងមូល។ ចូរប្រុងស្មារតី ហើយទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាមានកម្លាំងឆ្លងផុតពីហេតុការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឱ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។