អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៣ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី
សូមថ្លែងព្រះគម្ពីរមរណៈសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ៦,១-១៣

ព្រះបាទអន់ទីយ៉ូគូសធ្វើដំណើរយាងទៅមកកាត់តាមស្រុកខាងជើង ទ្រង់បានឮ​គេនិយាយថា នៅស្រុកពែរ្សមានក្រុងមួយឈ្មោះអេលីម៉ាអ៊ីស។ អ្នកក្រុងនេះល្បីថា​សំបូរមាស ប្រាក់ និងភោគទ្រព្យជាច្រើន គឺមានខែលធ្វើពីមាស អាវក្រោះ ព្រមទាំង​អាវុធដែលព្រះបាទអឡិចសង់បានទុកក្នុងទីសក្ការៈនៃក្រុងនោះជាដើម។ ព្រះបាទ​អឡិចសង់ ជាបុត្ររបស់ព្រះបាទភីលីព ជាមហាក្សត្ររបស់ជនជាតិម៉ាសេដូន ដែល​គ្រប់គ្រងលើជនជាតិក្រិកមុនគេ។ ព្រះបាទអន់ទីយ៉ូគូសយាងទៅក្រុងនោះ រិះរក​មធ្យោបាយដណ្ដើមយកក្រុងនេះ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ ប៉ុន្ដែ ត្រូវបរាជ័យព្រោះអ្នកក្រុងបានដឹងពីគម្រោងការជាមុន។ ពួកគេលើកគ្នាមកប្រយុទ្ធនឹងស្ដេចវិញ​ ហើយស្ដេចក៏បាក់ទ័ពយាងត្រឡប់ទៅស្រុកបាប៊ីឡូនដោយអាម៉ាស់ជាខ្លាំង។
ពេលព្រះរាជានៅស្រុកពែរ្សនៅឡើយ មានគេមកទូលថា កងទ័ពដែលចេញទៅ​វាយយកស្រុកយូដាទទួលបរាជ័យ គឺជនជាតិយូដាវាយកម្ទេចកងទ័ពដ៏ខ្លាំងពូកែដែល​លោកមេបញ្ជាការលីស៊ីយ៉ាស បាននាំទៅវាយស្រុកនោះថែមទៀត។ ជនជាតិយូដាក៏​រឹបអូសយកគ្រឿងសាស្ដ្រាវុធ និងជ័យភណ្ឌគ្រប់បែបយ៉ាងពីកងទ័ពដែលចាញ់។ ដូច្នេះ ពួកគេមានកម្លាំងខ្លាំងជាងពីមុន។ ពួកគេបានរំលំរូបបដិមាគួរស្អប់ខ្ពើម ដែលស្ដេចបាន​តម្កល់នៅលើអាសនៈ ក្នុងព្រះវិហារក្រុងយេរូសាឡឹម។ ពួកគេបានសង់កំពែងយ៉ាងខ្ពស់ជុំវិញព្រះវិហារជាថ្មីឡើងវិញដូចកាលពីដើម ហើយក៏សង់កំពែងជុំវិញក្រុងបេតសួរ​ដែលជាក្រុងស្ថិតនៅក្រោមអំណាចរបស់ស្ដេចផ្ទាល់ដែរ។ កាលព្រះរាជាជ្រាបដំណឹង​ទាំងនោះក៏ស្រឡាំងកាំង ហើយរំជួលព្រះហប្ញទ័យយ៉ាងខ្លាំង ។ ទ្រង់ដួលទៅលើក្រឡា​បន្ទំ ហើយក៏ប្រឈួនដោយព្រួយព្រះហប្ញទ័យខ្លាំងពេក ព្រោះហេតុការណ៍ទាំងអស់​មិនបានកើតឡើងស្របតាមព្រះហប្ញទ័យឡើយ។ ស្ដេចស្ថិតនៅក្នុងសភាពបែបនេះជាយូរថ្ងៃ ដ្បិតទ្រង់ព្រួយបារម្ភយ៉ាងខ្លាំង។ កាលព្រះរាជាយល់ថា ខ្លួនជិតចូលទិវង្គត​ ស្ដេចកោះហៅមន្រ្ដីទាំងអស់ឱ្យមកជួបប្រជុំ ហើយមានរាជឱង្ការថា៖«យើងផ្ទំមិនលក់​ទេ ហើយតប់ប្រមល់ក្នុងព្រះហប្ញទ័យខ្លាំងណាស់ យើងសួរខ្លួនយើងផ្ទាល់ថា ហេតុអ្វី​បានជាយើងរងទុក្ខវេទនាដូច្នេះ? ហេតុអ្វីបានជាយើង តប់ប្រមល់ដូច្នេះ? ក្នុងពេល​ដែលយើងមានអំណាច យើងមានព្រះហប្ញទ័យសប្បាយយ៉ាងក្រៃលែង ហើយមនុស្ស​ម្នាក៏ស្រឡាញ់យើងដែរ។ ប៉ុន្ដែឥឡូវនេះ យើងនឹកឃើញពីអំពើអាក្រក់ទាំងប៉ុន្មានដែលយើងបានប្រព្រឹត្តនៅក្រុងយេរូសាឡឹម គឺយើងរឹបអូសយកគ្រឿងមាសប្រាក់​ទាំងប៉ុន្មានពីក្រុងនោះ យើងបានបញ្ជាឱ្យគេសម្លាប់រង្គាលជនជាតិយូដា ដោយគ្មាន​មូលហេតុ។ យើងយល់ថា យើងកើតទុក្ខយ៉ាងនេះបណ្ដាលមកពីអំពើអាក្រក់ដែលយើងបានប្រព្រឹត្តនៅពេលនោះ ហើយយើងត្រូវសោយទិវង្គត ដោយព្រួយព្រះហប្ញទ័យ​នៅលើទឹកដីបរទេសទៀតផង!»។

ទំនុកតម្កើងលេខ ៩,២-៤.៦.១៦.១៩ បទពាក្យ ៧

២.បពិត្រព្រះម្ចាស់ជាទីពឹងទូលបង្គំនឹងលើកតម្កើង
និទានពីការអស្ចារ្យឡើងមានទាំងប៉ុន្មានឱ្យគេស្ដាប់ ។
៣.ព្រោះតែព្រះអង្គខ្ញុំត្រេកអររីករាយសាទរជាដរាប
បពិត្រព្រះអង្គខ្ពស់ឥតប្រៀបសូមទ្រង់សណ្ដាប់ចម្រៀងខ្ញុំ ។
៤.ពួកខ្មាំងសត្រូវដកខ្លួនថយសូមព្រះអង្គជួយទូលបង្គំ
ឱ្យវាជំពប់ជើងដួលគ្រាំវិនាសនៅចំពោះព្រះភក្រ្ត ។
៦.ព្រះអង្គគំរាមសាសន៍នានាពួកមនុស្សពាលាវិនាសព្រម
កេរិ៍ឈ្មោះពួកគេត្រូវរលំខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់ ។
១៦.ប្រជាជាតិនានាធ្លាក់ទៅក្នុងរណ្ដៅជ្រៅដ៏សែនធ្ងន់
ជើងជាប់អន្ទាក់យ៉ាងទារុណដែលពួកគេបានដាក់បង្កប់ ។
១៩.ព្រះអង្គមិនភ្លេចជនក្រក្រីនៅលើផែនដីនេះទាំងអស់
ឯក្ដីសង្ឃឹមដ៏ស្ម័គ្រស្មោះអ្នកវេទនានោះមិនសូន្យឡើយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម ២ធម ១.១០

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្ដ ជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្ដីស្លាប់
ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អរបស់ព្រះអង្គ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២០,២៧-៤០

នៅគ្រានោះ មានអ្នកខាងគណៈសាឌូស៊ីខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ី​ជឿថា មនុស្សស្លាប់មិនទទួលជីវិតថ្មីទេ។ គេទូលសួរព្រះយេស៊ូថា៖«លោកគ្រូ! លោក​ម៉ូសេបានចែងច្បាប់ទុកឱ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅតែគ្មានកូនត្រូវឱ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឱ្យបងប្រុសរបស់ខ្លួន។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ​តែគ្មានកូន។ ប្អូនបន្ទាប់ រួចប្អូនទីបីក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់​ទៅទាំងឥតមានកូន។ បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្រី្ដនោះ ហើយគ្រប់គ្នាបានស្លាប់ទៅតែគ្មានកូនទេ។ នៅទីបំផុត ស្រ្ដីនោះក៏ស្លាប់ដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះទៅជាប្រពន្ធរបស់នរណា?» បើ​បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«មនុស្សក្នុងលោកនេះតែយកគ្នាជាប្ដីប្រពន្ធ ប៉ុន្ដែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យប្រោសឱ្យទទួលជីវិតថ្មីនៅលោកខាងមុខ គេមិនរៀប​ការប្ដីប្រពន្ធទៀតឡើយ។ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវទូត។ គេជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតថ្មីដ៏រុងរឿងហើយ។ លោកម៉ូសេ​បានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងទទួលជីវិតថ្មី នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា​ ​គឺលោកហៅព្រះអម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និង​ជាព្រះរបស់លោកយ៉ាកុប។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជា​ព្រះ​របស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ ពួកធម្មាចារ្យខ្លះទូលព្រះអង្គថា៖«លោកគ្រូ! លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។

329 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira