ថ្ងៃសៅរ៍ អាទិត្យទី៣៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦
បុណ្យរម្លឹក
បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
សូមចុចទីនេះ
នៅថ្ងៃនេះ ព្រះសហគមន៍នាំគ្នាលើកតម្កើងព្រះនាងម៉ារីដែលថ្វាយទាំងចិត្តគំនិតទាំងខ្លួនទៅព្រះជាម្ចាស់ គឺព្រះនាងពិតជា “អ្នកបម្រើដ៏ទន់ទាបរបស់ព្រះអម្ចាស់”។ គ្រីស្តបរិស័ទពីដើម តែងតំណាលថា ឪពុកម្តាយព្រះនាងម៉ារី បានយកព្រះនាងមកថ្វាយព្រះជាម្ចាស់ក្នុងព្រះវិហារយេរូសាឡឹម។ ទោះបីរឿងនេះគ្មានកត់ត្រាទុកក្នុងគម្ពីរក៏ដោយ ក៏យើងជឿថា ព្រះនាងម៉ារីពិតជាថ្វាយចិត្តគំនិតស្ម័គ្រចិត្តបម្រើព្រះជាម្ចាស់ជានិច្ច។ ពេលព្រះអង្គសុំឱ្យព្រះនាងធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ ព្រះនាងយល់ព្រមភ្លាម។ ព្រះនាងត្រឡប់ទៅជាព្រះដំណាក់សម្រាប់ព្រះបុត្រាគង់នៅ។ ព្រះនាងម៉ារីពិតជាគំរូរបស់គ្រីស្តបរិស័ទ ជាពិសេសរបស់បព្វជិត ព្រោះព្រះនាងបានថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់។
សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ១១,៤-១២
ខ្ញុំយ៉ូហាន ឮសំឡេងដែលប្រាប់ខ្ញុំថា៖« សាក្សីទាំងពីរនាក់ គឺជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះអម្ចាស់នៃផែនដី។ ប្រសិនបើមាននរណាម្នាក់ចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គាត់មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។ អ្នកទាំងពីរមានអំណាចធ្វើឱ្យមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះបន្ទូល ហើយក៏មានអំណាចធ្វើឱ្យទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើឱ្យគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។ ពេលអ្នកទាំងពីរបានផ្ដល់សក្ខីភាពរបស់ខ្លួនចប់សព្វគ្រប់ហើយ មានសត្វតិរច្ឆានឡើងពីនរកអវិចីមកច្បាំងនឹងគេ វានឹងឈ្នះ ហើយប្រហារជីវិតគេទៀតផង។ សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្តរូបថា “សូដុម” ឬ “អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។ មនុស្សម្នាពីចំណោមប្រជាជននានា ពីចំណោមកុលសម្ព័ន្ធ ពីចំណោមភាសា និងពីចំណោមជាតិសាសន៍ទាំងឡាយ នឹងឃើញសាកសពរបស់អ្នកទាំងពីរក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតឱ្យយកសាកសពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរឡើយ។ មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្តត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឱ្យគ្នាទៅវិញទៅមក ព្រោះព្យាការីទាំងពីររូបបានធ្វើឱ្យមនុស្សម្នា ដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។ បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតមួយចេញពីព្រះជាម្ចាស់មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើង ធ្វើឱ្យអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។ អ្នកទាំងពីរបានឮសំឡេងមួយពីលើមេឃបន្លឺយ៉ាងខ្លាំងមកកាន់គេថា “សូមឡើងមកនេះ!”។ អ្នកទាំងពីរក៏ឡើងទៅលើមេឃក្នុងពពក រីឯពួកសត្រូវក៏បានឃើញដែរ។
ទំនុកតម្កើងលេខ ១៤៤(១៤៣),១-២.៩-១០ បទព្រហ្មគិត
| ១ | សូមលើកតម្កើងព្រះ | ជាអម្ចាស់ដ៏ឧត្តម | |
| ជាថ្មដានៃខ្ញុំ | ធំរឹងមាំមួនបំផុត | ។ |
| ព្រះអង្គបានបង្ហាត់ | ខ្ញុំចេះស្ទាត់ការប្រយុទ្ធ | |
| ធ្វើសឹកឥតភ័យស្លុត | ចេញតយុទ្ធខ្មាំងជិតជុំ | ។ |
| ២ | ទ្រង់សម្ដែងហប្ញទ័យ | ករុណាក្រៃចំពោះខ្ញុំ | |
| ជាកំពែងរឹងមាំ | ការពារខ្ញុំយ៉ាងអង់អាច | ។ |
| ព្រះអង្គជាជម្រក | ខ្ញុំមកជ្រកឥតភ័យខ្លាច | |
| ទ្រង់ប្រគល់អំណាច | ឱ្យខ្ញុំអាចមានថ្វីដៃ | ។ |
| ៩ | បពិត្រព្រះម្ចាស់អើយ | ខ្ញុំច្រៀងថ្វាយនូវបទថ្មី | |
| និងប្រគុំតន្ដ្រី | ពិរោះក្រៃថ្វាយព្រះម្ចាស់ | ។ |
| ១០ | ព្រះអង្គបានប្រទាន | ឱ្យស្ដេចមានជ័យជម្នះ | |
| ព្រះអង្គបានសង្គ្រោះ | ដាវីដរស់មានសេរី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១-១០
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្ដជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អរបស់ព្រះអង្គ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២០,២៧-៤០
មានអ្នកខាងគណៈសាឌូស៊ីខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖«លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុកឱ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឱ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឱ្យបងប្រុសរបស់ខ្លួន។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់ រួចប្អូនទីបីក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។ បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅតែគ្មានកូនទេ។ នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឱ្យរស់ឡើងវិញនៅលោកខាងមុខ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវទូត។ គេជាបុត្រធីតារបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ ពួកបណ្ឌិតខាងវិន័យខ្លះទូលព្រះអង្គថា៖«លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។
709 Views
Post Views:
712