ថ្ងៃសៅរ៍ អាទិត្យទី៣០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១១,១-២.១១-១២.២៥-២៩
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គហើយឬ? ទេ ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេបាននាំឱ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឱ្យពួកគេមានចិត្តច្រណែន។ ប្រសិនបើកំហុសរបស់សាសន៍យូដានាំឱ្យពិភពលោកទទួលព្រះពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេនាំឱ្យសាសន៍ដទៃទទួលព្រះពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេបានចម្រើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?។ បងប្អូនអើយ ខ្ញុំចង់ឱ្យបងប្អូនជ្រាបយ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គម្រោងការដ៏លាក់កំបាំងនោះ គឺសាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្តរឹងរូស រហូតដល់ពេលសាសន៍ដទៃទាំងអស់បានចូលមកទទួលការសង្គ្រោះ ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថា៖ «ព្រះអង្គដែលរំដោះនឹងយាងចេញពីក្រុងស៊ីយ៉ូន ព្រះអង្គនឹងដកអំពើទមិឡចេញពីកូនចៅលោកយ៉ាកុបនេះហើយជាសម្ពន្ធមេត្រីដែលយើងនឹងចងជាមួយពួកគេនៅពេលដែលយើងដកអំពើបាបចេញពីពួកគេ»។ បើគិតតាមដំណឹងល្អសាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិតដល់បុព្វបុរសរបស់គេ។ កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ព្រះអង្គក៏មិនប្រែប្រួលដែរ។
ទំនុកតម្កើងលេខ ៩៤(៩៣) ,១២-១៥.១៧-១៨ បទព្រហ្មគីតិ
| ១២ | បពិត្រព្រះអម្ចាស់ | អ្នកដែលព្រះបង្ហាញផ្លូវ | |
| អប់រំប្រៀនប្រដៅ | អ្នកនោះត្រូវមានមង្គល | ។ |
| ១៣ | នៅថ្ងៃមានអាសន្ន | ទ្រង់បន្ទន់គេលែងខ្វល់ | |
| មានរណ្តៅនៅសល់ | ទុកតម្កល់កប់ជនពាល | ។ |
| ១៤ | ដ្បិតទ្រង់មិនបង់បោះ | ប្រជារាស្រ្តឱ្យគេដៀល | |
| ព្រះអង្គក៏មិនចោល | ចំណែកផ្ទាល់មរតកទ្រង់ | ។ |
| ១៥ | ចៅក្រមនឹងកាត់ក្តី | ដោយប្រពៃមិនបង្អង់ | |
| អ្នកដែលមានចិត្តត្រង់ | តាមគន្លងយុត្តិធម៌ | ។ |
| ១៧ | ប្រសិនបើព្រះម្ចាស់ | មិនសង្គ្រោះខ្ញុំភិតភ័យ | |
| ច្បាស់ជាត្រូវក្សិណក្ស័យ | វិនាសឆ្ងាយជាមិនខាន | ។ |
| ១៨ | ពេលខ្ញុំពោលថាអស់ | កម្លាំងខ្សោះជិតដួលប្រាណ | |
| ព្រះអង្គទ្រខ្ញុំបាន | មិនខកខានព្រះទ័យស្មោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៣,៥.៧-៨
អាលេលូយ៉ា! អាលេលូយ៉ា!
តើនរណាប្រៀបនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គលើកអ្នកក្រីក្រឡើង ដើម្បីអង្គុយលើបល័្លង្គរួមជាមួយសេ្ដចនានា។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១.៧-១១
មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។ ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖ «បើមានគេអញ្ជើញអ្នកទៅជប់លៀងក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្តិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឱ្យអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
843 Views
Post Views:
861