អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣០ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទ​​​​​​ក្រុងរ៉ូម រម ១១,១-២.១១-១២.២៥-២៩

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្រ​របស់ព្រះអង្គហើយឬ? ទេ! ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិ​អ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ពន្ធបេនយ៉ាមីន។ ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្រ្ដរបស់ព្រះអង្គជាប្រជារាស្ដ្រដែលព្រះអង្គបានជ្រើសរើសទុកជាមុននោះឡើយ។ ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួលតើគេត្រូវដួលរហូតឬ?។ ទេ! គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេ បាននាំឱ្យ​សាសន៍ដទៃទទួលការសង្គ្រោះ បណ្ដាលឱ្យពួកគេមានចិត្ដច្រណែន។ ប្រសិនបើកំហុសរបស់សាសន៍យូដា នាំឱ្យពិភពលោកទទួលព្រះពរដ៏លើសលប់ ហើយការចុះអន់ថយ​របស់គេ នាំឱ្យសាសន៍ដទៃទទួលព្រះពរដ៏លើសលប់យ៉ាងហឹ្នងទៅហើយ ចុះទម្រាំបើពួកគេបានចម្រើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើន​លើស​លប់យ៉ាងណាទៅទៀត?។
​​​
បងប្អូនអើយ!​​​ ខ្ញុំចង់ឱ្យបងប្អូជ្រាបយ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ​​ក្រែងលោបងប្អូនស្មានថា ខ្លួនឯងមានប្រាជ្ញា។ គម្រោងការដ៏លាក់កំបាំងនោះ គឺ​សាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្តរឹងរូស រហូតដល់ពេលសាសន៍ដទៃទាំងអស់ចូល​មកទទួលការសង្គ្រោះ។ ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថា៖«ព្រះអង្គដែលរំដោះនឹងយាងចេញពីក្រុងស៊ីយ៉ូនព្រះអង្គនឹងដកអំពើបាបចេញពីកូនចៅលោកយ៉ាងកុប។ នេះហើយ ជាសម្ពន្ធមេត្រីដែលយើងនឹងចងជាមួយពួកគេ នៅពេលដែលយើងដកអំពើបាបចេញពីពួកគេ»។ បើ​គិតតាមដំណឹងល្អ សាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់​បងប្អូន។ បើគិតតាមការជ្រើរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិត​ដល់បុព្វបុរសរបស់គេ។ កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គ​មិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។

ទំនុកតម្កើងលេខ ៩៤ ,១២-១៥.១៧-១៨ បទព្រហ្មគីតិ

១២.បពិត្រព្រះអម្ចាស់អ្នកដែលព្រះបង្ហាញផ្លូវ
អប់រំប្រៀនប្រដៅអ្នកនោះត្រូវមានមង្គល ។
១៣.នៅថ្ងៃមានអាសន្ន​​ទ្រង់បន្ទន់គេលែងខ្វល់
មានរណ្ដៅនៅសល់ទុកតំកល់កប់ជនពាល ។
១៤.ដ្បិតទ្រង់មិនបង់បោះប្រជារាស្រ្ដឱ្យគេដៀល
ព្រះអង្គក៏មិនចោលចំណែកផ្ទាល់មរតកទ្រង់ ។
១៥.ចៅក្រមនឹងកាតក្ដីដោយប្រពៃមិនបង្អង់
អ្នកដែលមានចិត្តត្រង់តាមគន្លងយុតិ្តធម៌ ។
១៧.ប្រសិនបើព្រះម្ចាស់មិនសង្គ្រោះខ្ញុំភិតភ័យ
ច្បាស់ជាត្រូវក្សិណក្ស័យវិនាសឆ្ងាយជាមិនខាន ។
១៨.ពេលខ្ញុំពោលថាអស់កម្លាំងខ្សោះជិតដួលប្រាណ
ព្រះអង្គទ្រខ្ញុំបានមិនខកខានព្រះទ័យស្មោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៣,៥.៧-៨

អលេលូយ៉ា! អាលេលូយ៉ា!
តើនរណាប្រៀបនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គលើកអ្នកក្រីក្រឡើងដើម្បីអង្គុយលើបល័្លង្ករួមជាមួយសេ្ដចនានា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១.៧-១១

មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃាំ្លមើលព្រះអង្គ។ ព្រះអង្គ​សង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូកជា​​ប្រស្នាទៅគេថា៖« បើមានគេអញ្ជើញអ្នកទៅជប់លៀងក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែង ដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្តិយស ក្រែងលោគេបាន​អញ្ជើញភ្ញៀវម្នាក់ទៀតមានឋានៈខ្ពស់ជាងអ្នក។ ប្រសិនបើ ម្ចាស់ផ្ទះបានអញ្ជើញអ្នក​ផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឱ្យអ្នកទុកកន្លែងកិត្តិយសជូន​អ្នកមានឋានៈខ្ពស់ជាងមិនខាន។ ពេលនោះអ្នកនឹងត្រូវអាម៉ាសមុខ ហើយទៅអង្គុយ​កន្លែងអន់ជាងគេវិញ។ ដូច្នេះ បើមានគេអញ្ជើញអ្នកចូរទៅអង្គុយកន្លែងអន់ជាងគេ​សិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា៖«សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ»។ ពេលនោះ អ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវ​គេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើតម្កើងវិញ»។

232 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira