ថ្ងៃសៅរ៍ អាទិត្យទី២៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១-១១
បងប្អូនជាទីស្រឡាញ់!
ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រីស្ដយេស៊ូឥតមានទោសពៃរ៍ទៀតឡើយ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះគ្រីស្ដយេស៊ូ បានរំដោះខ្ញុំឱ្យរួចផុតពីបាប និងពីសេចក្ដីស្លាប់។ ការណាដែលវិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឱ្យវិន័យនោះទៅជាអស់ឫទ្ធិ ព្រះជាម្ចាស់បានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ឱ្យយាងមក មានជាតិជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាប ក្នុងឋានៈជាមនុស្ស។ ព្រះអង្គធ្វើដូច្នេះ ដើម្បីប្រោសយើងឱ្យសុចរិត ស្របតាមការតម្រូវរបស់វិន័យ គឺចំពោះយើងដែលមិនរស់នៅតាមលោកីយ៍ តែរស់នៅតាមព្រះវិញ្ញាណវិញ ដ្បិតអ្នកដែលរស់នៅតាមលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍ រីឯអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែពីខាងព្រះវិញ្ញាណ។ ការគិតខាងលោកីយ៍នាំឱ្យស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំឱ្យមានជីវិត និងសេចក្ដីសុខសាន្តវិញ ដ្បិតការគិតខាងលោកីយ៍ទាស់នឹងព្រះជាម្ចាស់ ព្រោះលោកីយ៍ពុំចុះចូលនឹងវិន័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។ អស់អ្នកដែលរស់នៅក្នុងលោកីយ៍ ពុំអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិននៅខាងលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ដ អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រីស្ដគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតឱ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឱ្យសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ដឱ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូនដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។
ទំនុកតម្កើងលេខ ២៤,(២៣),១-៦ បទពាក្យ៧
| ១ | អ្វីៗដែលនៅលើដែនដី | កើតមកច្រើនក្រៃមីរដេរដាស | |
| សុទ្ធជាកម្មសិទ្ធិព្រះអម្ចាស់ | ជាស្នាព្រះហស្ដនៃព្រះអង្គ | ។ | |
| ២ | គឺព្រះអង្គហើយដែលចាក់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង | |
| ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយល្វឹងលើសមុទ្រ | ។ | |
| ៣ | តើនរណាអាចឡើងលើភ្នំ | វិហារឧត្តមដ៏វិសុទ្ធ | |
| ដែលជាទីស្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ដ | ។ | |
| ៤ | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន | |
| មិនបណ្ដោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ | ។ | |
| ៥ | ព្រះជាម្ចាស់ប្រទានពរ | ជោគជ័យបវរសព្វទាំងអស់ | |
| ហើយព្រះអង្គបានជួយសង្គ្រោះ | ទាំងប្រោសឱ្យរស់មានជីវិត | ។ | |
| ៦ | អ្នកទាំងអស់នេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត | |
| ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភក្រ្តល្អល្អិតព្រះយ៉ាកុប | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៣៣,១១
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គមិនសព្វព្រះហប្ញទ័យឱ្យមនុស្សបាបបាត់បង់ជីវិតឡើយ គឺទ្រង់សព្វព្រះហប្ញទ័យឱ្យគេចាកចេញពីផ្លូវអាក្រក់របស់ខ្លួនវិញ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១-៩
ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថា អ្នកស្រុកកាលីឡេទាំងនោះជាមនុស្សបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ? ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូចគេមិនខាន។ ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ? ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូច្នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរមួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ គាត់ក៏ប្រាប់អ្នកថែចម្ការថា៖ “មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!”។ អ្នកថែចម្ការឆ្លើយតបថា៖ “សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។ ឆ្នាំក្រោយប្រហែលជានឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!”»។
