អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្តយូ៉ហាន នៅពីស្រ្តាណូ ជាបូជាចារ្យ
លោកយ៉ូហាន (១៣៨៦-១៤៥៦) ជាអភិបាលក្រុងប៉េរូសា (ប្រទេសអ៊ីតាលី)។ កាលអាយុសាមសិប លោកចូលបួសក្នុងក្រុមគ្រួសារសន្តៈ ហ្វ្រង់សីស្កូ រួចលោកដើរពាសពេញទ្វីបអឺរ៉ុប ទាំងដាស់តឿនគ្រីស្តបរិស័ទ ឱ្យគោរពព្រះនាមព្រះយេស៊ូ។ លោកខិតខំធ្វើឱ្យព្រះសហគមន៍ដែលបែកបាក់គ្នារួបរួមគ្នាឡើងវិញ។
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១-១១
បងប្អូនជាទីស្រឡាញ់!
ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះយេស៊ូគ្រីស្ដមិនត្រូវទទួលទោសទេ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះយេស៊ូគ្រីស្ដបានរំដោះខ្ញុំឱ្យរួមផុតពីបាប និងពីសេចក្ដីស្លាប់។ ការណ៍ណាដែលធម្មវិន័យរបស់លោកម៉ូសេធ្វើពុំកើត ព្រោះមនុស្សដែលមានភាពទន់ខ្សោយបានធ្វើឱ្យធម្មវិន័យនោះទៅជាអស់ប្ញទិ្ធ ព្រះជាម្ចាស់បានសម្រេចការណ៍នោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ឱ្យយាងមកមានសភាវៈជាមនុស្ស ដូចមនុស្សឯទៀតៗដែលជាប់បាប ហើយដាក់ទោសបាបក្នុងឋានៈជាមនុស្ស។ ព្រះអង្គធ្វើដូច្នេះ ដើម្បីប្រោសយើងឱ្យបានសុចរិតស្របតាមតម្រូវការរបស់ធម្មវិន័យ គឺចំពោះយើងដែលមិនរស់នៅតាមលោកីយ៍ តែរស់នៅតាមព្រះវិញ្ញាណវិញ។ អ្នកដែលរស់នៅតាមលោកីយ៍គិតតែពីខាងលោកីយ៍ រីឯអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែពីខាងព្រះវិញ្ញាណ។ ការគិតខាងលោកីយ៍នាំឱ្យស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំឱ្យមានជិវិត និងសេចក្ដីសុខសាន្ដវិញ ដ្បិតការគិតខាងលោកីយ៍ទាស់នឹងព្រះជាម្ចាស់ ព្រោះលោកីយ៍ពុំចុះចូលនឹងធម្មវិន័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។ អស់អ្នកដែលនៅខាងលោកីយ៍ពុំអាចគាប់ព្រះហប្ញទ័យព្រះជាម្ចាស់បានឡើយ។
ចំពោះបងប្អូន បងប្អូនមិនមែននៅក្រោមអំណាចលោកីយ៍ទៀតទេ គឺបងប្អូននៅក្រោមអំណាចព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងខ្លួនបងប្អូន។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ដ អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រីស្ដគង់នៅក្នុងខ្លួនបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ព្រោះតែបបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជិវិតឱ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឱ្យបានសុចរិត។ ប្រសិនបើ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឱ្យទទួលព្រះជន្មដ៏រុងរឿងសណ្ឋិតនៅក្នុងខ្លួនបងប្អូណមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ដឱ្យទទួលព្រះជន្មដ៏រុងរឿង ទ្រង់ក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូនដែលរមែងតែងតែស្លាប់នេះ មានជីវិតដោយសារព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងខ្លួនបងប្អូននោះដែរ។
ទំនុកតម្កើងលេខ ២៤,១-៦ បទពាក្យ ៧
១. | អ្វីៗដែលនៅលើដែនដី | កើតមកច្រើនក្រៃមីរដេរដាស |
សុទ្ធជាកម្មសិទ្ធិព្រះអម្ចាស់ | ជាស្នាព្រះហស្ដនៃព្រះអង្គ ។ | |
២. | គឺព្រះអង្គហើយដែលចាក់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង |
ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយល្វឹងលើសមុទ្រ ។ | |
៣. | តើនរណាអាចឡើងលើភ្នំ | វិហារឧត្តមដ៏វិសុទ្ធ |
ដែលជាទីស្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ដ ។ | |
៤. | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន |
មិនបណ្ដោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ ។ | |
៥. | ព្រះជាអម្ចាស់ប្រទានពរ | ជោគជ័យបវរសព្វទាំងអស់ |
ហើយព្រះអង្គបានជួយសង្គ្រោះ | ទាំងប្រោសឱ្យរស់មានជីវិត ។ | |
៦. | អ្នកទាំងនេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត |
ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភក្រ្តល្អល្អិតព្រះយ៉ាកុប ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៣៣,១១
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គមិនសព្វព្រះហប្ញទ័យឱ្យមនុស្សបាបបាត់បង់ជីវិតឡើយ
គឺទ្រង់សព្វព្រះហប្ញទ័យឱ្យគេងាកចេញពីផ្លូវអាក្រក់របស់ខ្លួនវិញ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១-៩
ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖«តើអ្នករាល់គ្មាស្មានថា អ្នកស្រុកកាលីឡេទាំងនោះ ជាមនុស្សបាបច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ?។ ទេ! មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូចគេជាមិនខាន។ ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានបាបធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ?។ ទេ! មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិន កែប្រែចិត្ដគំនិតទេ នឹងត្រូវវិនាសអន្ដរាយដូច្នោះដែរ។
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖« មានស្វាយមួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែស្វាយនោះតែគ្មានផ្លែងសោះ គាត់ក៏ប្រាប់អ្នកថែចម្ការថា៖មើល៍ខ្ញុំមករកបេះផ្លែស្វាយនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!»។ អ្នកថែចម្ការឆ្លើយតបថា៖«សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី ប្រហែលជាឆ្នាំក្រោយនឹងមានផ្លែ បើមិនផ្លែទេសឹមកាប់វាចោលទៅចុះ!»។