ថ្ងៃសៅរ៍ អាទិត្យទី២៨
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តីអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក
ជាអភិបាល និងជាមរណសាក្សី
សូមចុចទីនេះ
“គ្រីស្តបរិស័ទបានបោះឆ្នោតជ្រើសរើសលោកអ៊ីញ៉ាសឱ្យធ្វើជាអភិបាលព្រះសហគមន៍ក្រុងអន់ទីយ៉ូក តពីអភិបាលដែលបានបន្តមុខងារពីលោកសិលាមក។ អាជ្ញាធរបានបញ្ជូនលោកពីស្រុកស៊ីរ៉ីទៅក្រុងរ៉ូម ដើម្បីឱ្យសត្វសាហាវហែកស៊ី ព្រោះលោកធ្វើសាក្សីថ្វាយព្រះគ្រីស្ត។ ដល់ក្រុងស្មៀរណា ជាទីក្រុងលោកប៉ូលិការបូសរស់នៅ។ លោកសរសេរលិខិតប្រាំពីរច្បាប់ដ៏មានខ្លឹមសារខ្ពង់ខ្ពស់តាមរបៀបគ្រីស្តទូតប៉ូល។ ក្នុងលិខិតនោះ លោកយកចិត្តទុកដាក់ប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍។ លោកក៏បង្ហាញបំណងរបស់លោក គឺលោកចង់ទៅរស់នៅជាមួយព្រះគ្រីស្ត៖ “ខ្ញុំជាស្រូវរបស់ព្រះជាម្ចាស់ ធ្មេញសត្វសាហាវមុខជាកិនទំពារស្រូវនោះ ដើម្បីឱ្យទៅជាអាហារដ៏និម្មលរបស់ព្រះគ្រីស្ត”។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ១,១៥-២៣
បងប្អូនជាទីស្រឡាញ់!
តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូនដោយរួមជាមួយព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះជនដ៏វិសុទ្ធទាំងអស់នោះ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរព្រោះតែបងប្អូន។ ពេលខ្ញុំអធិដ្ឋាន ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច សូមឱ្យព្រះរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណឱ្យបងប្អូនមានប្រាជ្ញានឹងសម្ដែងឱ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនឱ្យយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។ សូមទ្រង់ប្រទានឱ្យបងប្អូនយល់ទៀតថា ប្ញទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសម្ដែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលទ្រង់បានសម្ដែងក្នុងអង្គព្រះគ្រីស្ដ។ ព្រះអង្គបានសម្ដែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រីស្ដឱ្យទទួលព្រះជន្មដ៏រុងរឿង និងឱ្យគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ ខ្ពស់ជាងវត្ថុស័ក្ដិសិទ្ធិគ្រប់យ៉ាង មានទាំងយមយក្ស អារុក្ខអារក្ស អ្នកតា ទេវតាថែរក្សាព្រៃភ្នំជាដើម និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។ ព្រះជាម្ចាស់បានបង្ក្រាប់អ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ដ ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ ដែលជាព្រះកាយរបស់ព្រះអង្គ។ ព្រះសហគមន៍នេះ បានពោរពេញដោគ្រប់លក្ខណៈសម្បត្តិរបស់ព្រះគ្រីស្ដ ហើយព្រះគ្រីស្ដផ្ទាល់ក៏បានពោរពេញដោយគ្រប់លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ដែរ។
ទំនុកតម្កើងលេខ ៨,២-៧ បទកាកគតិ
| ២ | ឱ!ព្រះអម្ចាស់ | ព្រះអង្គជាព្រះ | របស់យើងខ្ញុំ |
| ព្រះនាមព្រះអង្គ | រុងរឿងឧត្តម | ពាសពេញជិតជុំ |
| | ផ្ទៃមេឃផែនដី | ។ |
| ៣ | ព្រះអង្គបានប្រើ | ពាក្យកោតសរសើរ | តម្កើងថ្លាថ្លៃ |
| របស់ក្មេងៗ | និងទារកក្ដី | ជាកម្លាំងជ័យ |
| | លើសត្រូវមារ | ។ |
| ៤ | ពេលទូលបង្គំ | សម្លឹងមើលចំ | ទៅផ្ទៃមេឃា |
| មើលហ្វូងតារា | មើលព្រះចន្ទ្រា | ដ៏ស្រស់សោភា |
| | ស្នាព្រះហស្ដថ្លៃ | ។ |
| ៥ | ខ្លួនខ្ញុំសួរថា | តើមនុស្សយើងណា | មានឋានៈអ្វី |
| បានជាព្រះអង្គ | នឹកគិតរំពៃ | យកព្រះហប្ញទ័យ |
| | ទុកដាក់ដូច្នោះ? | ។ |
| ៦ | ព្រះអង្គប្រទាន | ឱ្យមនុស្សយើងមាន | កិត្តិយសខ្ពង់ខ្ពស់ |
| ទាបជាងទេវតា | បន្ដិចប៉ុណ្ណោះ | ទៅដល់មនុស្ស |
| | ទុកជាមកុដរាជ្យ | ។ |
| ៧ | ព្រះអម្ចាស់ទ្រង់ | ឱ្យគេគ្រប់គ្រង់ | រាល់ថ្ងៃព្រឹកល្ងាច |
| លើអ្វីទាំងអស់ | ពេញដោយអំណាច | ព្រមទាំងបង្រ្កាប |
| | នៅក្រោមជើងគេ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,២៦-២៧
អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមប្រទានព្រះវិញ្ញាណនៃសេចក្ដីពិតឱ្យយើងខ្ញុំផង! សូមព្រះវិញ្ញាណធ្វើសាក្សីក្នុងចិត្តយើងខ្ញុំ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៨-១២
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សនឹងទទួលស្គាល់អ្នកនោះនៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ រីឯអ្នកណាមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឱ្យ ប៉ុន្ដែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គមិនលើកលែងទោសឱ្យឡើយ។ កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោសក្នុងធម្មសាលា ឬនៅមុខចៅក្រម ឬអ្នកកាន់អំណាច កុំភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឱ្យដឹងសេចក្ដីដែលត្រូវនិយាយនៅពេលនោះឯង»។
693 Views
Post Views:
698