អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តីហេដវីគ ជាបព្វជិតា
ឬសន្តីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី

ព្រះអម្ចាស់ក្សត្រីយ៍ហេដវីគ (១១៧៤-១២៤៣) ជាព្រះមហេសីរបស់ព្រះបាទហង់រ៉ីទី១ ជាស្តេចស្រុកប៉ូឡូញ។ ព្រះនាងបង្កើតកូនប្រាំពីរនាក់។ ក្រោយពីបានអប់រំកូនទាំងនោះមក ដោយព្រះស្វាមីយល់ព្រម ព្រះនាងសម្រេចព្រះហឫទ័យឈប់រួមរស់ជាមួយ។ ព្រះនាងយកព្រះហឫទ័យទុកដាក់ជួយជនក្រីក្រ និងជនជាប់ឃុំឃាំង។ ពេលព្រះស្វាមីចូលទិវង្គតព្រះនាងចូលបួស។

នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៦៧៣ ព្រះជាម្ចាស់សម្តែងឱ្យដូនជីម៉ាការីត ម៉ារី អាឡាកុក ស្គាល់ព្រះហឫទ័យមេត្តាករុណាដ៏ងអស្ចារ្យរបស់ព្រះគ្រីស្ត។ ចាប់តាំងពីពេលនោះមក គាត់ក៏យកចិត្តទុកដាក់ផ្សព្វផ្សាយសេចក្តីដែលគាត់យល់ឃើញនេះឱ្យគ្រីស្តបរិស័ទឯទៀតៗដឹងឮ។ ដោយសារគាត់ ព្រះសហគមន៍ចាត់ចែងឱ្យធ្វើពិធីបុណ្យគោរពព្រះបេះដូងព្រះយេស៊ូ។

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,១៣.១៦-១៨

បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និង​ពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក។ ព្រះអង្គសន្យាដូច្នេះមិនមែនមកពីលោកអប្រាហាំ បានប្រតិបត្តិតាមធម្មវិន័យនោះទេ គឺមកពីលោកជា​មនុស្សសុចរិត ដោយលោកមានជំនឿ។ មនុស្សទទួលមត៌ក ព្រោះតែមានជំនឿ​​តាមការប្រណីសន្ដោសរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះបន្ទូលសន្យារបស់ព្រះអង្គមាន​ប្រយោជន៍សម្រាប់ពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែសម្រាប់អស់អ្នក​ដែលប្រតិបត្តិតាមធម្មវិន័យប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំជាឪពុករបស់យើងទាំងអស់គ្នានោះដែរ ដូចមានចែងទុកមកថា«យើងបានតែងតាំងអ្នក ឱ្យធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ»។ លោកជាឪពុករបស់យើងនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោស​មនុស្សស្លាប់ឱ្យរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឱ្យកើតមាន​ឡើង។ ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមាន​ជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានចែងទុកមកថា៖«ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។

ទំនុកតម្កើងលេខ ទំនុកតម្កើងលេខ ១០៥,៤-៦ក.៧-៩.៤២-៤៣ បទកាកគតិ

៤.ចូរស្វែងរកព្រះដែលមានតេជះបារមីត្រចង់
ស្វែងរកព្រះភក្រ្តរបស់ព្រះអង្គកុំនៅរេរង់
ឈប់ឈរសោះឡើយ ។
៥.សូមនឹកដល់ការសម្បើមអស្ចារ្យទ្រង់បានធ្វើហើយ
នឹកដល់បាដិហារិយ៍កុំនៅកន្ដើយនិងការវិនិច្ឆ័យ
ដែលទ្រង់សម្រេច ។
៦.ពូជពង្សរបស់ប្រាហាំទាំងអស់នៅបម្រើស្រេច
កូនចៅយ៉ាកុបដ៏ល្អបណ្ដាច់ព្រះអង្គសម្រេច
ជ្រើសយកយូរហើយ ។
៧.ព្រះជាអម្ចាស់ទ្រង់គឺជាព្រះរបស់យើងអើយ
កុំនៅបង្អង់រេរង់តោះតើយគឺព្រះនោះហើយ
គ្រប់គ្រងផែនដី ។
៨.ព្រះអង្គតែងខ្វល់នឹកគិតទៅដល់សម្ពន្ធមេត្រី
ជាព្រះបន្ទូលសន្យាថ្លាថ្លៃស្ថិតស្ថេរយូរក្រៃ
មួយពាន់តំណ ។
៩.សម្ពន្ធមេត្រីដែលទ្រង់លកលៃដោយស្ម័គ្រស្មោះសរ
នឹងអប្រាហាំជាបន្ទូលល្អសន្យាស្មោះសរ
នឹងលោកអ៊ីសាក ។
៤២.ព្រះអម្ចាស់នឹកចាំទាំងរព្ញកបន្ទូលវិសុទ្ធ
សន្យានឹងលោកអប្រាហាំពិតបម្រើពិសិដ្ឋ
ព្រះអង្គពេកពន់ ។
៤៣.ព្រះអង្គបានប្រោសប្រណីសន្ដោសឱ្យប្រជាជន
ព្រះអង្គចេញទាំងអំណរលើសលន់កញ្ជ្រៀវពេកពន់
សប្បាយគ្មានល្ហែ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,២៦-២៧

អលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមប្រទានព្រះវិញ្ញាណនៃសេចក្ដីពិត ឱ្យយើងខ្ញុំផង! សូមព្រះវិញ្ញាណធ្វើសាក្សីក្នុងចិត្តយើងខ្ញុំ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៨-១២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួល​ស្គាល់ខ្ញុំ​នៅចំពោះមុខមនុស្សលោក បុត្រមនុស្សនឹងទទួលស្គាល់អ្នកនោះនៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ រីឯអ្នកណាមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខ​មនុស្សលោក បុត្រមនុស្សក៏នឹងមិនទទួលស្គាល់អ្នកនោះនៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែង​ទោសឱ្យ ប៉ុន្ដែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គមិនលើក​លែង​ទោសឱ្យឡើយ។ កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោសក្នុងធម្មសាលា ​ឬនៅមុខចៅក្រម ឬអ្នកកាន់អំណាច កុំភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធ​នឹងបំភ្លឺអ្នករាល់គ្នាឱ្យដឹងសេចក្ដីដែលត្រូវនិយាយនៅពេលនោះឯង»។

275 Views

Theme: Overlay by Kaira