ថ្ងៃសៅរ៍ អាទិត្យទី២៧
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៥
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៣,២២-២៩
បងប្អូនជាទីស្រលាញ់!
ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឱ្យអស់អ្នកជឿបានទទួលផលស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រីស្ដ។ មុនពេលជំនឿមកដល់ យើងជាប់ឃុំឃាំងក្រោមអំណាចរបស់ធម្មវិន័យទាំងរងចាំជំនឿដែលនឹងត្រូវលេចចេញមក។ ដូច្នេះ ធម្មវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រីស្ដ ដើម្បីឱ្យយើងបានសុចរិតដោយសារជំនឿ។ កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមធម្មវិន័យដែលបានណែនាំយើងនោះទៀតទេ ដ្បិតដោយសារជំនឿលើព្រះគ្រីស្ដយេស៊ូ បងប្អូនសុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់។ បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីឱ្យបានរួមជាមួយព្រះគ្រីស្ដ បងប្អូនក៏មានព្រះគ្រីស្ដនៅជាប់ជាមួយដែរ។ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្រ្តីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រីស្ដយេស៊ូ។ ប្រសិនបើបងប្អូនចូលរួមជាមួយព្រះគ្រីស្ដ បងប្អូនពូជពង្សរបស់លោកអប្រាហាំ ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។
ទំនុកតម្កើងលេខ ១០៥ (១០៤) ,២-៧ បទកាកគតិ
| ២ | ចូរច្រៀងបទថ្វាយ | តម្កើងកុំណាយ | រៀងរាល់វេលា |
| រៀបរាប់អំពី | សព្វអស់ការងារ | អស្ចារ្យគ្រប់គ្រា |
| | ដែលទ្រង់ប្រព្រឹត្ត | ។ |
| ៣ | ចូរខ្ពស់មុខឡើង | ព្រោះតែព្រះយើង | ជាព្រះវិសុទ្ធ |
| អ្នកស្វែងរកទ្រង់ | ខ្ពង់ខ្ពស់បំផុត | ចូរសប្បាយចិត្ត |
| | កុំបីសៅហ្មង | ។ |
| ៤ | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
| ស្វែងរកព្រះភក្រ្ដ | របស់ព្រះអង្គ | កុំនៅរេរង់ |
| | ឈប់ឈរសោះឡើយ | ។ |
| ៥ | សូមនឹកដល់ការ | សម្បើមអស្ចារ្យ | ទ្រង់បានធ្វើហើយ |
| នឹកដល់បាដិហារិយ៍ | កុំនៅកន្តើយ | នឹងការវិនិច្ឆ័យ |
| | ដែលទ្រង់សម្រេច | ។ |
| ៦ | ពូជពង្សរបស់ | ប្រាហាំទាំងអស់ | នៅបម្រើស្រេច |
| កូនចៅយ៉ាកុប | ដ៏ល្អបណ្ដាច់ | ព្រះអង្គសម្រេច |
| | ជ្រើសយកយូរហើយ | ។ |
| ៧ | ព្រះជាអម្ចាស់ | ទ្រង់គឺជាព្រះ | របស់យើងអើយ |
| កុំនៅបង្អង់ | រេរង់តោះតើយ | គឺព្រះនោះហើយ |
| | គ្រប់គ្រង់ផែនដី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១១,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តន៍តាម អ្នកនោះពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៧-២៨
ព្រះយេស៊ូកំពុងតែមានព្រះបន្ទូល ស្រាប់តែមានស្រ្ដីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជនទូលព្រះអង្គថា៖«ស្រ្តីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គលមែន! »។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តន៍តាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
580 Views
Post Views:
585