អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
ទេវទូត អ្នកការពារដ៏វិសុទ្ធ
ក្នុងព្រះគម្ពីរមានចែងអំពីទេវទូតថែរក្សាការពារមនុស្ស ឬនាំសាររបស់ព្រះជាម្ចាស់ឱ្យមនុស្ស។ ព្រះសហគមន៍ឱ្យគ្រីស្តបរិស័ទគោរពទេវទូត ក្នុងគោលបំណងដាស់តឿនគេឱ្យផ្ញើជិវិតលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដែលថែរក្សា និងការពារមនុស្សលោកជានិច្ច។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកបារូក បរ ៤,៥-១២.២៧-២៩
ប្រជាជនខ្ញុំអើយ! ចូរមានចិត្តក្លាហានឡើង! អ្នកជាសក្ខីភាពដែលធ្វើឱ្យគេនឹកចាំឈ្មោះអ៊ីស្រាអែលតរៀងទៅ។ គេលក់អ្នករាល់គ្នាឱ្យប្រជាជាតិនានា មិនមែនដើម្បីឱ្យអ្នករាល់គ្នាវិនាសសាបសូន្យឡើយ។ ព្រះជាម្ចាស់បញ្ជូនអ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ព្រោះអ្នករាល់គ្នាធើ្វឱ្យព្រះអង្គទ្រង់ព្រះពិរោធ។ អ្នករាល់គ្នាបានធើ្វឱ្យព្រះដែលបង្កើតអ្នករាល់គ្នាក្រេវក្រោធ ដ្បិតអ្នករាល់គ្នាបានយកសក្ការបូជាថ្វាយអារក្ស ពុំមែនថ្វាយព្រះជាម្ចាស់ទេ។ អ្នករាល់គ្នាភ្លេចព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច គឺព្រះអង្គដែលបានចិញ្ចឹមអ្នករាល់គ្នា។ អ្នករាល់គ្នាក៏ធ្វើឱ្យក្រុងយេរូសាឡឹម ដែលបានចិញ្ចឹមបីបាច់អ្នករាល់គ្នាកើតទុក្ខដែរ។ ក្រុងយេរូសាឡឹមបានឃើញព្រះជាម្ចាស់ទ្រង់ព្រះពិរោធប្រឆាំងនឹងអ្នករាល់គ្នា ហើយពោលថា៖«ម្នាលក្រុងទាំងប៉ុន្មានដែលនៅជិតខាងក្រុងស៊ីយ៉ូនអើយ! សូមស្ដាប់ខ្ញុំសិន! ព្រះជាម្ចាស់ធ្វើឱ្យខ្ញុំឈឺចុកចាប់យ៉ាងខ្លាំង។ ខ្ញុំឃើញខ្មាំងសត្រូវកៀរកូនប្រុស កូនស្រីរបស់ខ្ញុំទៅធ្វើជាឈ្លើយ ព្រោះព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចដាក់ទោសពួកគេ! ខ្ញុំមានអំណរសប្បាយដោយចិញ្ចឹមបីបាច់កូន រួចខ្ញុំមានទុក្ខព្រួយស្រណោះស្រណោក ដោយឃើញខ្មាំងកៀរយកពួកវាចេញទៅ។ សូមកុំឱ្យនរណាមានអំណរសប្បាយ ដោយឃើញខ្ញុំធ្លាក់ខ្លួនជាស្រី្ដមេម៉ាយ ដែលគេចាប់ពង្រាត់កូនទាំងអស់របស់ខ្ញុំ។ ខ្ញុំនៅស្ងាត់ជ្រងំដោយសារតែកូនៗរបស់ខ្ញុំបានប្រព្រឹត្តអំពើបាប គឺពួកវាបានឃ្លាតចាកពីធម្មវិន័យរបស់ព្រះជាម្ចាស់។ កូនទាំងឡាយអើយ ចូរមានចិត្តក្លាហានឡើង! ចូរស្រែកដង្ហោយហៅព្រះជាម្ចាស់ទៅ! ព្រះអង្គដែលនាំកូនមកទីនេះមុខជាមិនបំភ្លេចកូនទេ។ កាលពីមុនកូនមានបំណងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ឥឡូវនេះ កូនប្រែចិត្តគំនិតហើយ! ចូរខិតខំស្វែងរកព្រះអង្គឱ្យខ្លាំងជាងមុនដប់ដង។ ព្រះអង្គដែលដាក់ទោសកូនឱ្យរងទុក្ខវេទនាយ៉ាងនេះ នឹងយាងមកជួយសង្គ្រោះកូន ហើយប្រទានអំណរសប្បាយឱ្យកូនជារៀងរហូត។
ទំនុកតម្កើងលេខ ៦៩,៣៣-៣៤.៣៦.៣៧ បទកាកគតិ
៣៣. | អស់អ្នកទុរគត | វេទនាក្រខ្សត់ | ចិត្តគេសប្បាយ |
គេមានអំណរ | ឥតមានខ្វល់ខ្វាយ | នឹងរស់វែងឆ្ងាយ | |
អាយុយឺនយូរ ។ | |||
៣៤. | ដ្បិតទ្រង់សណ្ដាប់ | ពាក្យអ្នកសុភាព | និយាយទូលថ្ងូរ |
ទ្រង់មិនលះបង់ | អ្នកជាប់ឃុំយូរ | ឱ្យទួញទ្រហោរ | |
នៅឯកោទេ ។ | |||
៣៦. | ដ្បិតព្រះជាម្ចាស់ | ទ្រង់នឹងសង្គ្រោះ | ក្រុងយើងខ្ពស់ឡើង |
ទីក្រុងនានា | ស្រុកយូដាផង | ព្រះអង្គកសាង | |
ថ្មីវិញទាំងអស់ ។ | |||
ឱ្យប្រជាជន | ចូលមកបន្ទន់ | ចូលជ្រកនៅរស់ | |
កន្លែងដើមវិញ | ឥតមានបង់បោះ | សុខស្រួលឥតខ្ចោះ | |
កាន់កាប់ជាថ្មី ។ | |||
៣៧. | កូនចៅរបស់ | អ្នកបម្រើស្មោះ | នឹងទទួលដី |
មកទុកជាកេរ | មរតកប្រពៃ | បវរថ្លាថ្លៃ | |
តាំងជាលំនៅ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ
ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១-៥.១០
ពេលនោះ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ?»។ ព្រះអង្គហៅក្មេងតូចម្នាក់ឱ្យមកឈរនៅកណ្តាលចំណោមពួកសាវ័ក រួចមានព្រះបន្ទូលថា៖ «ខ្ញុំសូមប្រាប់អ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗនោះទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ដ៏ដូចជាបានទទួលខ្ញុំដែរ»។
ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភក្រ្តរបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ។