ថ្ងៃសៅរ៍ អាទិត្យទី២៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥
កាលពីកុមារ លោកវ៉ាំងសង់ (១៥៨១-១៦៦០) ឃ្វាលសត្វ តែគាត់មានបំណងទៅជាបូជាចារ្យ។ លុះទទួលមុខងារជាបូជាចារ្យរួចហើយ លោកភ្ញាក់ស្មារតី ដោយទុក្ខវេទនាគ្រប់យ៉ាងនៃប្រជាជនក្រីក្រ។ ដូច្នេះ លោកបង្កើតក្រុមគ្រួសារបព្វជិតពីរ ក្នុងគោលបំណងជួយអ្នកក្រីក្រ និងនាំដំណឹងល្អជូនអ្នកស្រែ ព្រមទាំងណែនាំទេវវិទ្យាល័យសម្រាប់អប់រំយុវជនដែលចង់ទៅជាបូជាចារ្យ។ លោកឧស្សាហ៍អធិដ្ឋាន។ លោកតែងតែពោលថា៖ “ព្រះជាម្ចាស់នឹងប្រទានអ្វីៗទាំងអស់ដល់អ្នកអធិដ្ឋាន”។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ២,៥-៩.១៤-១៥
ខ្ញុំសាការី ក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។ ខ្ញុំសួរបុរសនោះថា៖ «លោកអញ្ជើញទៅណា»។ លោកតបមកវិញថា៖ «ខ្ញុំទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឱ្យដឹងប្រវែងទទឹង និងបណ្ដោយ»។ ពេលនោះ ទេវទូតដែលនិយាយជាមួយខ្ញុំ ដើរទៅមុខ ហើយមានទេវទូតមួយរូបទៀតមកជួប។ ទេវទូតនេះពោលទៅកាន់ទេវទូតមួយរូបទៀតថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា៖ «យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមនុស្ស និងសត្វជាច្រើនរស់នៅ។ យើងនឹងធើ្វជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងសម្ដែងសិរីរុងរឿងរបស់យើងនៅក្នុងក្រុងនេះដែរ»។ ក្រុងស៊ីយ៉ូនអើយ! ចូរនាំគ្នាស្រែកជ័យឃោស ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅកណ្ដាលអ្នក!។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅថ្ងៃនេះ ប្រជាជាតិជាច្រើននឹងជំពាក់ចិត្តលើយើងជាព្រះអម្ចាស់ ហើយធើ្វជាប្រជារាស្រ្ដរបស់យើង យើងនឹងស្ថិតនៅជាមួយអ្នក។
ទំនុកតម្កើងលេខ ៣១,១០-១៣ បទព្រហ្មគីតិ
| ១០ | ប្រជាជាតិទាំងឡាយ | សូមខ្វល់ខ្វាយនាំគ្នាស្ដាប់ | |
| បន្ទូលព្រះផ្សាយផ្សព្វ | ទៅដល់សព្វកោះនៅឆ្ងាយ | ។ |
| ចូរអ្នកប្រកាសថា៖ | «ព្រះដែលជាអ្នកកម្ចាយ | |
| ស្រាអែលឱ្យទៅឆ្ងាយ | តែពេលក្រោយទ្រង់ប្រមូល | ។ |
| ព្រះអង្គថែរក្សា | ឱ្យគ្រប់គ្នាជុំត្រកូល | |
| ដូចគង្វាលប្រមូល | ចៀមមកមូលមិនឱ្យបាត់ | ។ |
| ១១ | ព្រះអម្ចាស់បានលោះ | ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់ | |
| រំដោះឱ្យរួចផុត | ពួកទុច្ចរិតដែលខ្លាំងក្លា | ។ |
| ១២ | ពួកគេត្រលប់វិញ | គ្មានទោម្នេញស្រែកខ្ញៀវខ្ញា | |
| ហើយគេគ្រប់កាយា | ចាំតៀបត្រាទទួលទ្រព្យ | ។ |
| ដែលព្រះម្ចាស់ប្រទាន | គេឱ្យមានលែងអភ័ព្វ | |
| មានស្រូវស្រាល្អគាប់ | ប្រេងក្រអូបទាំងចៀមគោ | ។ |
| ចិត្តពួកគេប្រៀបបាន | សួនឧទ្យានមានទឹកហូរ | |
| ស្រោចស្រពឡើងជន់ជោរ | គេលែងថ្ងូរលែងហេវហត់ | ។ |
| ១៣ | គ្រានោះស្រីក្រមុំ | ចូលមករាំតាមបែបបទ | |
| ក្មេងចាស់មិនកំណត់ | គេមិនហត់រាំសប្បាយ | ។ |
| យើងប្រែទុក្ខវេទនា | គេទៅជាសើចក្អាកក្អាយ | |
| ឱ្យពួកគេសប្បាយ | គេរីករាយលែងលំបាក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ១,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៤៣-៤៥
នៅពេលនោះ មនុស្សគ្រប់គ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មាន ដែលព្រះយេស៊ូប្រព្រឹត្ត។ ព្រះអង្គមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ចូរអ្នករាល់គ្នាត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ សាវ័កពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់បានសម្ដែងអត្ថន័យឱ្យគេយល់ ប៉ុន្ដែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។
566 Views
Post Views:
582