ថ្ងៃសៅរ៍ អាទិត្យទី២៥
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរសាស្ដា សស ១១,៩-១២,៨
យុវជនអើយ ចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង ចូរឱ្យចិត្តរបស់អ្នកបានរីករាយក្នុងគ្រាយុវវ័យនេះ ចូរប្រព្រឹត្តតាមចិត្តប៉ង់ប្រាថ្នានិងតាមការយល់ឃើញរបស់អ្នកទៅ។ ក៏ប៉ុន្ដែ តោងដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការដែលអ្នកធើ្វ។ ចូរដកទុក្ខកង្វល់ចេញពីចិត្តរបស់អ្នក ហើយដកអ្វីៗដែលនាំឱ្យរូបកាយអ្នកឈឺចាប់នោះចេញ ដ្បិតយុវវ័យនិងគ្រាពេញវ័យមិននៅស្ថិតស្ថេរយូរឡើយ។ ក្នុងពេលដែលអ្នកនៅក្មេងនៅឡើយ ត្រូវនឹកដល់ព្រះអាទិកររបស់អ្នកមុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេរទៅៗហើយពេលនោះ អ្នកនឹងពោលថា«ខ្ញុំលែងសប្បាយក្នុងជីវិតទៀតហើយ»។ ត្រូវនឹកដល់ព្រះអង្គ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពកនិងភ្លៀងមកដល់ផ្ទួនៗគ្នា។ នៅថ្ងៃនោះ អ្នកយាមផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្រី្ដៗដែលកិនម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួច ប្រែជាងងឹតភ្នែក។ ជីវិតរបស់អ្នកនឹងរសាត់បាត់ទៅ ដូចទ្វារដែលបែរទៅរកផ្លូវត្រូវគេបិទដូចសំឡេងត្បាល់កិនដែលឮកាន់តែខ្សោយទៅៗ ដូចសំឡេងបក្សាបក្សីស្ងាត់សូន្យទៅវិញ និងដូចសំឡេងស្រ្ដីចម្រៀងទាំងអស់ចុះខ្សោយ។ ពេលនោះអ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធើ្វដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនិងដើរក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។ ពេលនោះ ខ្សែជីវិតត្រូវដាច់ដូចជាថូមាសបែក ដូចក្អមបែកនៅប្រភពទឹក ឬដូចរហាត់យោងទឹកបាក់ធ្លាក់ទៅក្នុងអណ្ដូង។ ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណដែលព្រះជាម្ចាស់ប្រទានឱ្យក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។
សាស្ដាបានថ្លែងថា អ្វីៗទាំងអស់សុទ្ធតែគ្មានន័យ គ្មានខ្លឹមសារ និងឥតបានការ។
ទំនុកតម្កើងលេខ ៩០ (៨៩),៣-៦.១២-១៤.១៧ បទពាក្យ ៧
| ៣ | ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញណា | |
| គឺព្រះអង្គមានបន្ទូលថា៖ | «អស់ពូជពង្សអដាំវិលវិញ!» | ។ |
| ៤ | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ | |
| ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ | ។ |
| ៥ | ព្រះអង្គដកយកជីវិតមនុស្ស | ជីវិតទាំងអស់សព្វអ្វីៗ | |
| គឺប្រៀបបីដូចជាស្មៅខ្ចី | មិនពិបាកអីដូចយល់សប្ដិ | ។ |
| ៦ | នៅពេលព្រឹកព្រាងមានរស្មី | ស្មៅដុះពីដីហើយត្រឡប់ | |
| ជាក្រៀមស្រពោនសែនអភ័ព្វ | ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី | ។ |
| ១២ | សូមណែនាំខ្ញុំឱ្យដឹងថា | អាយុសង្ខារខ្ញុំឥឡូវ | |
| កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត | ។ |
| ១៣ | ឧិព្រះអម្ចាស់សូមប្រញាប់ | យាងមកឆាប់ៗប្រាប់ការពិត | |
| កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្តអ្នកបម្រើ | ។ |
| ១៤ | សូមសម្ដែងហប្ញទ័យមេត្តា | ដោយក្ដីករុណាដ៏ប្រសើរ | |
| ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់វេលា | ។ |
| ១៧ | ឧិព្រះម្ចាស់អើយសូមសម្ដែង | សេចក្ដីស្រឡាញ់មកខ្ញុំផង | |
| សូមជួយពង្រឹងការទាំងពួង | ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ១,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៤៣-៤៥
នៅពេលនោះ មនុស្សគ្រប់គ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះយេស៊ូប្រព្រឹត្ត។ ព្រះអង្គមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ចូរអ្នករាល់គ្នាត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ សាវ័កពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់បានសម្ដែងអត្ថន័យឱ្យគេយល់ ប៉ុន្ដែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។
651 Views
Post Views:
656