ថ្ងៃសៅរ៍ អាទិត្យទី២៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ
និងសន្តប៉ូល ជុងហាសាង ព្រមទាំង
សហជីវិន ជាមរណសាក្សីនៅកូរ៉េ

គ្រីស្តបរិស័ទនាំដំណឹងល្អទៅប្រទេសកូរ៉េនៅដើមសតវត្សទី ១៦ ដោយយកសៀវភៅពីស្រុកចិនមក។ នៅឆ្នាំ ១៨៣៦ មានសាសនទូតលួចចូលរួមក្នុងប្រទេសនោះ។ នៅឆ្នាំ ១៨៣៩-១៨៤៦ និង ១៨៦៦ រដ្ឋអំណាចបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ ព្រះសហគមន៍គោរពមរណសាក្សីជាតិកូរ៉េ ១០៣នាក់។ ក្នុងចំណោមរណសាក្សីទាំងនោះ មានលោកបូជាចារ្យអន់ដ្រេគីម ថេហ្គុន និងលោកប៉ូល ជុងហាសាង ព្រមទាំងគ្រីស្តបរិស័ទទាំងប្រុស ទាំងស្រីនៅលីវ ឬអ្នកមានគ្រួសារ ចាស់ក្មេង ស៊ូបូជាជីវិតជាជាងលះបង់ជំនឿរបស់ខ្លួន។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ៦,១៣-១៦

ប្អូនជាទីស្រឡាញ់! នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដែលប្រទានឱ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះព្រះភក្ត្រព្រះគ្រីស្ដយេស៊ូ ដែលបានផ្ដល់សក្ខីភាព ដោយ​ប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា ចូរប្រតិបត្តិតាមវិន័យឱ្យបានល្អឥតខ្ចោះ ឥតកំហុសរហូតដល់ពេលព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់​នៃយើងយាងមក នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញឱ្យឃើញ។ ព្រះជាម្ចាស់​ប្រកបដោយសុភមង្គល ព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំលើស​មហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មអមតៈ ព្រះអង្គគង់នៅក្នុងពន្លឺ ដែលគ្មាននរណាអាចចូលជិតបាន ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញព្រះអង្គបានដែរ សូមលើតម្កើង​ព្រះកិត្តិនាម និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។

ទំនុកតម្កើងលេខ ១០០ (៩៩) ,១-៥ បទកាកគតិ

មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើង
សាទរព្រះម្ចាស់ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង
កុំរាឡើយណា
នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិតអង្គព្រះចេស្ដាច្រៀងហ៊ោរខ្ញៀវខ្ញា
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នាថាព្រះម្ចាស់ជាព្រះយើងគ្រប់កាយ
ជាព្រះអម្ចាស់ពិតឥតក្លែងក្លាយបង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នាចូរកុំរួញរាដំណាក់សក្ដិសម
ទាំងអរព្រះគុណព្រះម្ចាស់ឧត្តមសរសើរបង្គំ
ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរអង្វែងកន្លងស្មោះស្ម័គ្រច្បាស់ច្បង
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដបានសាបព្រោះព្រះបន្ទូលរបស់​ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធើ្វ ឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,៤-១៥

បណ្ដាលជនច្រើនកុះករចេញពីក្រុងនានាមករកព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូល​ជាប្រស្នាថា៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់​ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើងក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ ​មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹត​ពូជនោះ មិនឱ្យដុះឡើងបាន។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើងឱ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងបន្ថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ សាវ័ករបស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូម្ដេច?»។ ព្រះអង្គមានព្រះ​បន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់​កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ចំពោះអ្នកដ៏ទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។ រីឯប្រស្នានោះមានន័យដូចតទៅ៖ គ្រាប់ពូជគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សខ្លះប្រៀបបីដូចជាផ្លូវ​ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំងមកឆក់យកពីចិត្តគេ ដើម្បី​កុំឱ្យគេជឿ និងកុំឱ្យគេរួចជីវិត។ មនុស្សខ្លះទៀត ប្រៀបបីដូចជាដីមានថ្ម កាលបាន​ស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្ដែ គេជឿតែមួយភ្លែត ពុំទុកឱ្យ​ព្រះបន្ទូលចាក់ប្ញសឡើយ នៅពេលណាមានការល្បួង គេបោះបង់ចោលជំនឿ។ គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែ​ចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹត​ផលផ្លែ​មិនឱ្យទុំបានឡើយ។ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផល​ផ្លែជាច្រើនដោយចិត្តស៊ូទ្រាំ»។

188 Views

Theme: Overlay by Kaira