អាទិត្យទី ២៤ រដូវធម្មតា «ឆ្នាំគូ»
ថ្ងៃសៅរ៍
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តរ៉ូប៊ែរ បេឡាម៉ាំង ជាអភិបាល
និងជាគ្រូបាធ្យាយ នៃព្រះសហគមន៍

លោករ៉ូប៊ែរ បេឡាម៉ាំង (១៥៤២-១៦២១) ជាបូជាចារ្យក្នុងក្រុមគ្រួសារ “សហជីវិនរបស់ព្រះយេស៊ូ”។ លោកសាស្ត្រាចារ្យនៅក្រុងរ៉ូម។ ដោយលោកយកចិត្តទុកដាក់នឹងការអប់រំក្មេងៗ លោកនិពន្ធ “ព្រះបណ្តៅ” ជាសៀវភៅដែលមានឈ្មោះល្បី។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍។ អស់មួយជិវិត លោកតយុទ្ធការពារលទ្ធិកាតូលិក ដែលត្រូវគ្រីស្តបរិស័ទប្រូតេស្តង់ប្រឆាំង។ ពេលទទួលមរណភាព លោកកំពុងសូត្រធម៌ជឿ។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,៣៥-៣៧.៤២-៤៩

បងប្អូនជាទីស្រឡាញ់!
ប្រហែលជាមានម្នាក់ចង់សួរថា៖ «តើមនុស្សស្លាប់នឹងរស់​ឡើងវិញបែបដូចម្ដេច? តើអ្នករស់ឡើងវិញមានរូបកាយយ៉ាងណា?»។ មនុស្សឆោត​ល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះហើយ វាមានជីវិតបានលុះត្រាតែវាស្លាប់សិន។ គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះ​ឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចគ្រាប់ស្រូវ ឬគ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ​ចំណែកមនុស្សស្លាប់ដែលរស់ឡើងវិញក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដី រមែង​តែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញមិនចេះរលួយទេ។ រូបកាយដែលគេកប់​ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង។ រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់​ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។ រូបកាយដែលគេកប់ក្នុងដីជារូបកាយ​ដែលធ្លាប់មានជីវិត រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះ​វិញាណ។ ប្រសិនបើមានរូបកាយដែលមានជីវិតមែន រូបកាយប្រកបដោយវិញ្ញាណ​ក៏មានដែរ។ ហេតុនេះហើយ បានជាមានចែងទុកមកថា “មនុស្សទីមួយ គឺលោកអដាំ ជាមនុស្សដែលមានជីវិត”។ រីឯលោកអដាំចុងក្រោយបង្អស់ ជាព្រះវិញ្ញាណដែលផ្ដល់​ជីវិត។ មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយដែល​មានជីវិតវិញឯណោះទេដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណកើតមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមកមានលក្ខណៈជាដី។ រីឯមនុស្សទីពីរ​វិញកើតមកពីស្ថានបរមសុខ។ អស់អ្នកដែលកើតពីដី ក៏មានលក្ខណៈដូចអ្វីៗនៅលើដី​នេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គដែលនៅស្ថានបរមសុខដែរ។ យើងដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាណា យើងក៏នឹងដូចព្រះ​អង្គដែលគង់នៅស្ថានបរមសុខយ៉ានោះដែរ។

ទំនុកតម្កើងលេខ ៥៦ (៥៥) ,៤-៥.១០-១៤ក ២ បទព្រហ្មគីតិ

ឱព្រះជាម្ចាស់អើយថ្ងៃនេះហើយខ្ញុំតក់ស្លុត
ភ័យខ្លាចញ័ររន្ធត់ផ្ញើជីវិតលើព្រះអង្គ
ខ្ញុំកោតសរសើរព្រះបន្ទូលច្បាស់មិនដែលឆ្គង
ទុកចិត្តលើព្រះអង្គខ្ញុំគ្មានហ្មងមិនខ្លាចអ្វី
១០ថ្ងៃខ្ញុំស្រែករកព្រះជាអម្ចាស់លើលោកា
សត្រូវថយគ្រប់គ្នាខ្ញុំដឹងថាព្រះជួយខ្ញុំ
១១ខ្ញុំកោតខ្លាចខ្លាំងណាស់សន្យាច្បាស់ឥតបន្លំ
ព្រះបន្ទូលរងំធើ្វឱ្យខ្ញុំស្ញប់ស្ញែងក្រៃ
១២ខ្ញុំទុកចិត្តលើព្រះជាអម្ចាស់រៀងរាល់ថ្ងៃ
មនុស្សដែលតែងតែក្ស័យអាចធើ្វអ្វីរូបខ្ញុំបាន?
១៣ឱព្រះជាម្ចាស់អើយពេលនេះហើយមិនហ៊ានខាន
ថ្វាយតង្វាយប៉ុន្មានដែលខ្ញុំបានពោលបែរបន់
១៤ដ្បិតទ្រង់បានរំដោះខ្ញុំឱ្យរស់រានមានជន្ម
ការពារគ្រាអាសន្នមិនឱ្យមានអ្វីរំខាន
ឱ្យខ្ញុំបានដើរឆ្ពោះរកភក្រ្តព្រះដោយសុខសាន្ដ
ក្រោមពន្លឺថ្កើងថ្កានបំភ្លឺស្ថានមនុស្សលោក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ
ហើយធើ្វឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,៤-១៥

បណ្ដាលជនច្រើនកុះករចេញពីក្រុងនានាមករកព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូល​ជាប្រស្នាថា៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់​ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើងក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ ​មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹត​ពូជនោះមិនឱ្យដុះឡើងបាន។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើងឱ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងបន្ថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ សាវ័ករបស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូម្ដេច?»។ ព្រះអង្គមានព្រះ​បន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទាន​ឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់​កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ចំពោះអ្នកដ៏ទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។ រីឯប្រស្នានោះមានន័យដូចតទៅ៖គ្រាប់ពូជគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សខ្លះប្រៀបបីដូចជាផ្លូវ​ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំងមកឆក់យកពីចិត្តគេដើម្បី​កុំឱ្យគេជឿ និងកុំឱ្យគេរួចជីវិត។ មនុស្សខ្លះទៀត ប្រៀបបីដូចជាដីមានថ្ម កាលបាន​ស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្ដែ គេជឿតែមួយភ្លែត ពុំទុកឱ្យ​ព្រះបន្ទូលចាក់ប្ញសឡើយ នៅពេលណាមានការល្បួងគេបោះបង់ចោលជំនឿ។ គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែ​ចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាលមករួបរឹតផលផ្លែ​មិនឱ្យទុំបានឡើយ។ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផល​ផ្លែជាច្រើនដោយចិត្តស៊ូទ្រាំ»។

150 Views

Theme: Overlay by Kaira