ថ្ងៃសៅរ៍ អាទិត្យទី២៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តយ៉ូហាន គ្រីសូស្តូមជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកយ៉ូហាន (ប្រ.៣៤៩-៤០៧) មានបំណងចង់បួសជាសង្ឈ តែលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហគមន៍ក្រុងអន់ទីយ៉ូក។ លោកមានសំនួនវោហារពន្យល់គម្ពីរសែនពិរោះ បានជាគ្រីស្តបរិស័ទដាក់ឈ្មោះលោកថា “គ្រីសូស្តូម” គឺ “មាត់មាស”។ លោកនិពន្ធ​សៀវ​ភៅជាច្រើន ដើម្បីបកស្រាយគម្ពីរ និងវិភាគទេវវិទ្យា។ ដោយលោកហ៊ានស្តីបន្ទោសព្រះចៅ និងមន្ត្រីពុករលួយពេក ព្រះនាងអើដូស៊ីនិរទេសលោកដល់ទៅពីរដង។ លោកទទួលមរណភាព ដោយអស់កម្លាំងពេកនៅពេលធ្វើដំណើរទៅនិរទេស។ សន្តយ៉ូហានគ្រីសូស្តូម ជាឧបការីរបស់អ្នកថ្លែងសុន្ទរកថា។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ១,១៥-១៧

លោកប្អូនជាទីស្រឡាញ់! ពាក្យនេះគួរឱ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង​គឺថា​ ព្រះគ្រីស្ដយេស៊ូយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប មានរូបខ្ញុំនេះ​ជាអាទិ៍។ ព្រះជាម្ចាស់មានព្រះហប្ញទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឱ្យព្រះគ្រីស្ដយេស៊ូសម្ដែងព្រះហប្ញទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ ទុកជាឧទាហរណ៍សម្រាប់អស់​អ្នកដែលនឹងជឿលើព្រះអង្គ ដើម្បីទទួលជីវិតអស់កល្បជានិច្ច។ សូមឱ្យព្រះមហាក្សត្រដែលគ្រងរាជ្យអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយ ព្រះអង្គមានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។

ទំនុកតម្កើងលេខ ១១៣ (១១២) ,១-៧ បទព្រហ្មគីតិ

អស់អ្នកបម្រើព្រះជាអម្ចាស់ចូរនាំគ្នា
សរសើរកុំរួញរាថ្កើងនាមានៃព្រះម្ចាស់
ចូរតម្កើងព្រះនាមព្រះម្ចាស់ភ្លាមកុំក្រឡះ
កុំភ្លេចព្រះអម្ចាស់ពីពេលនេះរហូតទៅ
តាំងពីអារុណរះភ្លឺស្រឡះមានកម្ដៅ
ទល់ពេលថ្ងៃលិចទៅសរសើរនៅយ៉ាងស្ម័គ្រស្មោះ
ព្រះអម្ចាស់គង់ស្ថិតលើប្រជាជាតិទាំងអស់
សិរីរុងរឿងខ្ពស់ព្រះម្ចាស់ហួសផុតអាកាស
តើមាននរណាមួយអាចធើ្វឱ្យដូចព្រះម្ចាស់
ព្រះអង្គគង់ខ្ពស់ណាស់លើអាកាសវិសុទ្ធក្រៃ​
ព្រះអង្គត្រួតពិនិត្យយ៉ាងល្អន់ល្អិតមកផែនដី
លើមេឃមិនសល់អ្វីសព្វផែនដីមិនកំបាំង
ទ្រង់លើកអ្នកទន់ខ្សោយមិនបណ្ដោយឱ្យឈឺស្លាំង
លើក​​​ផុតពីភក់ជ្រាំ​ផុតអស់ទាំងធូលីដី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,២-៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ ពិតជាមានសុភង្គលហើយ! អ្នកនោះបង្កើតមគ្គផលតាមរដូវកាល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៤៣-៤៩

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ដើមឈើល្អ មិនដែលឱ្យផ្លែ​អាក្រក់ទេ។ រីឯដើមឈើអាក្រក់វិញ ក៏មិនដែលឱ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើម​ឈើបានដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែស្វាយ ឬផ្លែទំពាំងបាយជូរ​ពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងតែប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្ស​អាក្រក់ តែងតែប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្ដរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួ។ ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “ព្រះ​អម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ? អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាមខ្ញុំ សុំ​បង្ហាញប្រាប់ឱ្យអ្នករាល់គ្នាដឹងថា គេបៀបបានទៅនឹងមនុស្សប្រភេទណា គឺអ្នកនោះ​បៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើ​ផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធើ្វឱ្យ​ផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។ ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំតែមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ ដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកដល់ផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។

179 Views

Theme: Overlay by Kaira