ថ្ងៃសៅរ៍ អាទិត្យទី២២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,២១-២៣
បងប្អូនជាទីស្រឡាញ់!
ពីដើមបងប្អូននៅខាងក្រៅប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។ តែឥឡូវនេះ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញ ដោយព្រះកាយព្រះគ្រីស្ដកើតជាមនុស្ស បានសោយទិវង្គត ដើម្បីឱ្យបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភក្រ្ដរបស់ព្រះអង្គ។ ក៏ប៉ុន្ដែ បងប្អូនត្រូវតែកាន់ជំនឿឱ្យបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំឱ្យឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមានតាំងពីបានឮដំណឹងល្អមកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់ នៅក្រោមមេឃ ហើយខ្ញុំប៉ូលបានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។
ទំនុកតម្កើងលេខ ៥៤ (៥៣) ,៣-៤.៦-៨ បទព្រហ្មគីតិ
| ៣ | ឧិព្រះជាម្ចាស់អើយ | កុំកន្ដើយសូមជួយផង | |
| ដោយបារមីព្រះអង្គ | មេត្តាទ្រង់រកយុត្តិធម៌ | ។ |
| ៤ | ឧិព្រះជាម្ចាស់អើយ | កុំព្រងើយស្ដាប់អង្វរ | |
| សម្រែកខ្ញុំស្រែករក | សូមស្ដាប់មកពាក្យខ្ញុំផង | ។ |
| ៦ | ព្រះម្ចាស់ទ្រង់យាងមក | សង្គ្រោះយកទាំងអាណិត | |
| រូបខ្ញុំឱ្យនៅជិត | ទាំងជីវិតទ្រង់ការពារ | ។ |
| ៧ | សូមព្រះអង្គតតាំង | នឹងពួកខ្មាំងចិត្តពាធា | |
| តាមអំពើពាលា | ដែលពួកវាតែងប្រព្រឹត្ត | ។ |
| ៨ | រូបខ្ញុំនឹងដាក់ថ្វាយ | យញ្ញតង្វាយអស់ពីចិត្ត | |
| សូមឱ្យទ្រង់អាណិត | ខ្ញុំថ្កើងពិតនាមព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ អ្នកដែលជឿលើព្រះអង្គ បានស្គាល់ព្រះបិតាហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១-៥
មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ។ សាវ័ករបស់ព្រះអង្គនាំគ្នាបូតកួរស្រូវមកឈ្លីបរិភោគ។ មានពួកខាងគណៈផារីស៊ីខ្លះនិយាយទៅសាវ័កទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធើ្វការដែលបញ្ញត្តិហាមមិនឱ្យធើ្វនៅថ្ងៃសីលដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីកាលដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប័ុងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឱ្យពួកបរិពារបរិភោគទៀតផង។ តាមធម្មវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប័ុងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ “បុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
494 Views
Post Views:
503