អត្ថបទថ្ងៃសៅរ៍ អាទិត្យទី២១ រដូវធម្មតា

ថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ព័ណ៌ស

ថ្ងៃបុណ្យសន្ត អូគូស្ដាំង               
អភិបាល និងគ្រូបាធ្យាយនៃព្រះសហគមន៍

បុណ្យរំឮក  

លោកអូតូស្តាំង (៣៥៤-៤៣០) ជាសាស្ត្រាចារ្យជាតិរ៉ូម៉ាំងម្នាក់ ដែលរស់នៅអាហ្វ្រិក។ លោកមានកិរិយាមារយាទខិលខួច។ សន្តីមូនីកា ជាម្តាយតែងតែអង្វរព្រះជាម្ចាស់ទាំងទឹកភ្នែកជាយូរឆ្នាំ សូមឲ្យកូនប្រែចិត្តគំនិត។ ក្រោយពេលលោកប្រែចិត្តគំនិតហើយ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង។ សន្តៈ អំប្រ័សជាអភិបាលព្រះសហគមន៍ក្រុង មីឡង់ (ប្រទេសអ៊ីតាលី) ធ្វើអគ្គសញ្ញាជ្រមុជទឹកជូនលោក។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហកមន៍ នៅក្រុងអីប៉ូន (ក្រុងអាណាបា នៅប្រទេសស៊េរីសព្វថ្ងៃ)។ លោកយកចិត្តទុកដាក់ជួយការពារលទ្ធិជំនឿដ៏ពិតប្រាកដពីគ្រីស្តបរិស័ទដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយ។ លោកនិពន្ធសៀវភៅជាច្រើន ជាពិសេសសេចក្តីអត្ថាធិប្បាយគម្ពីរ។ ក្នុងសៀវភៅមួយ មានចំណងជើងថា “ការប្រកាសធម៌មេត្តាករុណា” លោករ៉ាយរ៉ាប់ប្រវត្តិរបស់ខ្លួន ក្នុងគោលបំណងលើកតម្កើងព្រះជាម្ចាស់ ដែលបានណែនាំគាត់តាំងពីតូចមក។ ក្នុងសៀវភៅមួយទៀត ដែលមានចំណងជើងថា “ទីក្រុង របស់ព្រះជាម្ចាស់” លោករិះគិតពិចារណាអំពីប្រវត្តិសាស្ត្រមនុស្សលោក ទាំងបញ្ជាក់មុខងារព្រះសហគមន៍ក្នងប្រវត្តិសាស្ត្រនេះ។ លោកសរសេរជាសេចក្តីសង្ខេបនៃពាក្យទូន្មានរបស់លោកដូចតទៅ៖ “ឲ្យតែអ្នកមានចិត្តស្រឡាញ់ អ្វីៗក៏អ្នកធ្វើបានតាមចិត្ត”។ សន្តៈ អូគូស្តាំងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងព្រះសហគមន៍។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១​ ថស ៤, ៩-១១

បងប្អូនជាទីស្រឡាញ់! យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូន អំពីការរាប់អានគ្នាជា​បងប្អូនទេ ដ្បិតបងប្អូនបានរៀនពីព្រះជាម្ចាស់ ឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចបងប្អូនបាន​ស្រឡាញ់បងប្អូនទំាងអស់នៅស្រុកម៉ាសេដូនទំាងមូលស្រាប់ហើយ ។ ក៏ប៉ុន្ដែ យើងសូមដាស់​តឿនបងប្អូនថា សូមតាំងចិត្តស្រឡាញ់ឲ្យបានកាន់តែប្រសើរលើសពីនេះទៅទៀត! ។ ចូរយក​ចិត្តទុកដាក់រស់នៅឲ្យបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធើ្វការដោយកម្លាំងខ្លួន​ឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរូចស្រេចហើយ ។

ទំនុកតម្កើងលេខ​ ៩៨ (៩៧),១.៧-៩         បទកាកគតិ

១.ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា ដ្បិតទ្រង់ប្រព្រឹត្ត
សព្វកិច្ចអស្ចារ្យដោយឫទ្ទិចេស្ដាយកជ័យជម្នះ ។
៧.ចូរសមុទ្រលាន់រលកកុំទ្រាន់រំពងអាកាសចូរឲ្យផែនដី
នឹងអ្វីទាំងអស់មានជីវិតរស់ស្រែកឮអឺងកង ។
៨. ទន្លៃទាំងឡាយចូរអរក្អាកក្អាយសាទររំពងចូរភ្នំទាំងអស់
កុំនៅសំកាំងស្រែកព្រមគ្នាឡើងដោយសព្ទខ្ញៀវខ្ញា ។
៩.ចំពោះព្រះភ័័ក្ដ្រព្រះអម្ចាស់ជាក់គ្រប់គ្រងលោកាលើភពផែនដី
យុត្តិធម៌ថ្លៃថ្លាត្រួតអស់ប្រជាទាំងឡាយទៀងត្រង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ១,២-៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ពិតជាមានសុភមង្គលហើយ! អ្នកនោះបង្កើតមគ្គផលតាមរដូវកាល ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ​ ២៥, ១៤-៣០

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសារវ័ក អំពីពេលព្រះអង្គយាងមកវិញ ។ ព្រះអង្គ​មានព្រះបន្ទូលជាពាក្យប្រស្នាថា៖«ព្រះរាជ្យនៃស្ថានបរមសុខបៀបបាននឹងបុរសម្នាក់ដែល​ហៀបចេញដំណើរទៅស្រុកឆ្ងាយ ។ គាត់ហៅពួកអ្នកមកបម្រើមកប្រគល់ទ្រព្យសម្បត្តិឲ្យ។​ គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗ តាមសម្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែនទៅអ្នកទីមួយ ពីរ​ណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ ។ អ្នកបម្រើដែល​ទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត ។​ អ្នកទីពីរក៏ដូច្នោះដែរ គាត់បានយកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែន​ទៀត ។ រីឯអ្នកដែលទទួលប្រាក់មួយណែន ចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក ។
យូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ចំណេញបានប្រាំណែនទៀត ចូលមកជូនម្ចាស់ ទាំងពោលថា៖« លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំប្របាទ ឥឡូវនេះខ្ញុំប្របាទ​ចំណេញបានប្រាំណែនទៀត» ។ ម្ចាស់ពាលទៅគាត់ថា៖ « ល្អហើយ! អ្នកបម្រើដ៏ប្រសើរ និងមាន​ចិត្តស្មោះត្រង់អើយ! អ្នកស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ! ។​ អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយ​ជម្រាបថា៖« លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទ​ចំណេញបានពីរណែនទៀត» ។ ម្ចាស់ក៏ពាលទៅគាត់ថា៖ « ល្អហើយ! អ្នកបម្រើដ៏ប្រសើរ និងមាន​ចិត្តស្មោះត្រង់អើយ! អ្នកស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវ​លើកិច្ចការធំៗ ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ!»។ បន្ទាប់មក អ្នកដែលទទួលបាន​ប្រាក់មួយណែនក៏ចូលមកដែរ ​​ហើយជម្រាបថា៖«លោកម្ចាស់! ខ្ញុំប្របាទដឹងថា​លោកជាមនុស្សតឹងតែងណាស់ ។ លោកតែងច្រូតយកផលចេញពីស្រែដែលលោកមិនបាន​ស្រាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។ ខ្ញុំប្របាទបានយកប្រាក់​ដែលលោកប្រគល់ឲ្យទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក​​​ ។​ ឥឡូវនេះ សូមលោកម្ចាស់​យកប្រាក់របស់លោកវិញចុះ » ។   ម្ចាស់ពោលទៅអ្នកនោះថា៖ «នែ! អ្នកបម្រើអាក្រក់ខ្ជិលច្រអូសអើយ!​ អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំ​ណាំដែលខ្ញុំមិនបានដាំ ។ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ! កាលណានាក់ត្រឡប់មកវិញ ខ្ញុំនិងទទួលបានប្រាក់ទំាងដើម ទំាងការ! ។ ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកមានដប់ណែននោះទៅ ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបាន​បរិបូណ៌ហូរហៀរថែមទៀត ។​ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។ ​ចំណែកឯអ្នកបម្រើដ៏ឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំ​សោក​ខឹងសង្កៀតធ្មេញនោះទៅ! » ។


ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
106 Views

Theme: Overlay by Kaira