អាទិត្យទី២០ រដូវធម្មតា «ឆ្នាំគូ»
ថ្ងៃសៅរ៍
ពណ៌ស
បុណ្យរម្លឹក
សន្តប៊ែរណា ជាចៅអធិការ
និងគ្រូបាធ្យាយនៃព្រះសហគមន៍
លោកបែ៊រណា (១០៩០-១១៥៣) បានចូលបួសនៅអារាមស៊ីតូ (ប្រទេសបារាំង) ជាមួយអ្នកស្ម័គ្រចិត្តសាមសិបនាក់។ លោកធ្លាប់ស្មឹងស្មាធិ៍ នឹកសញ្ជឹងគិតយ៉ាងជ្រៅបំផុតអំពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់។ លោកនិពន្ធសៀវភៅជាច្រើនដើម្បីបកស្រាយទាំងទេវវិទ្យាយ៉ាងជ្រៅដែរ។ លោកធ្វើអន្តរាគមន៍នៅគ្រប់កន្លែងដែលព្រះសហគមន៍ត្រូវការ ជាពិសេសជួយឃោសនាឱ្យស្តេចអឺរ៉ុបយាងទៅដណ្តើមស្រុកដែលមានថ្នូររបស់ព្រះគ្រីស្តមកត្រួតត្រាវិញ។ គេជ្រើសរើសលោកឱ្យធ្វើជាចៅអធិការអារាមនៅភូមិក្លែរ៉ូ (ប្រទេសលុចសំបួរ)។ លោកបានបង្កើតអារាមហុកសិបប្រាំទៀត ហើយលោកចេះតែធ្វើដំណើរទៅប្រកាសដំណឹងល្អដែរ។ លោកធ្វើជាទីប្រឹក្សាសម្តេចប៉ាប និងព្រះមហា ក្សត្រជាច្រើនអង្គ ទាំងហ៊ានស្តីបន្ទោសស្តេចដែលប្រព្រឹត្តអំពើអយុត្តិធម៌ លោកមានឈ្មោះល្បីដោយបាននិពន្ធអត្ថបទជាច្រើន កោតសរសើរព្រះនាងម៉ារី។
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៤៣,១-៧ក
បុរសដែលព្រះជាម្ចាស់ចាត់ឱ្យមក នាំខ្ញុំទៅកាន់ខ្លោងទ្វារខាងកើត។ ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលបណ្តែតមក ពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ព្រះអង្គ។ និមិត្តហេតុដែលខ្ញុំឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុដែលខ្ញុំបានឃើញនៅពេលព្រះអង្គយាងមកកម្ទេចក្រុងយេរូសាឡឹម។ និមិត្តហេតុទាំងពីរនេះ ក៏ដូចជានិមិត្តហេតុដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះខ្ញុំក្រាបចុះឱនមុខដល់ដី។ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្តែតចូលមកក្នុងព្រះដំណាក់តាមទ្វារខាងកើត។ ព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយយកខ្ញុំទៅដាក់កណ្តាលទីលានខាងក្នុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់។ ពេលបុរសនោះនៅក្បែរខ្ញុំ ខ្ញុំឮព្រះសូរសៀងចេញពីព្រះដំណាក់មកកាន់ខ្ញុំថា៖«កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រាអែលរហូតតទៅ»។
ទំនុកតម្កើងលេខ ៨៥ (៨៤),៩កខ,១០-១៤ បទកាកគតិ
៩ក | យើងខ្ញុំត្រង់ត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ |
ទ្រង់នឹងប្រទាន | ខ សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង | |
ដែលមិនលេលា | ។ | ||
១០ | ក្នុងពេលឆាប់ៗ | ទ្រង់នឹងប្រញាប់ | ជួយយើងរាល់គ្នា |
ដល់អ្នកកោតខ្លាច | ព្រះអង្គគ្រប់គ្រា | សិរីមហិមា | |
នៅលើដីយើង | ។ | ||
១១ | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
ព្រះអង្គស្មោះស្ម័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង | |
នៅលើលោកីយ៍ | ។ | ||
១២ | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ | |
១៣ | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
ចំណែកផែនដី | បង្កើតផលា | ភោគផលផ្លែផ្កា | |
សំបូរមិនខ្វះ | ។ | ||
១៤ | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ | |
សុខសាន្តរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៣,៩.១០
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នករាល់គ្នាមានព្រះបិតាតែមួយព្រះអង្គគត់ គឺព្រះបិតាដែលគង់នៅស្ថានបរមសុខ។ អ្នករាល់គ្នាក៏មានព្រះបរមគ្រូតែមួយគត់ គឺព្រះគ្រីស្ត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,១-១២
ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងក្រុមសាវ័កថា៖«ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ីមានភារកិច្ចបង្រៀនធម្មវិន័យរបស់លោកម៉ូសេ។ អ្វីៗដែលគេបង្រៀនអ្នករាល់គ្នាចូរស្តាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្តីដែលគេបង្រៀននោះទេ។ អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្តិចក៏មិនជួយផង។ គេធ្វើកិច្ចផ្សេងៗដើម្បីឱ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់កាន់តែធំឡើងៗ និងធ្វើខ្សែរំយោលនៅជាយអាវកាន់តែវែងឡើងៗដែរ។ ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងធម្មសាលា។ ពួកនេះចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ និងឱ្យគេហៅខ្លួនថា “លោកគ្រូ”។ រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឱ្យហៅខ្លួនថា “លោកគ្រូ”សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះបរមគ្រូ”តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “លោកឪពុក”ឱ្យសោះ ដ្បិតអ្នករាល់គ្នាមាន “ឪពុក” តែមួយគត់ គឺព្រះបិតាដែលគង់នៅស្ថានបរមសុខ។ កុំឱ្យគេហៅអ្នករាល់គ្នាថា “អ្នកណែនាំ” ឡើយ ដ្បិតមានព្រះគ្រីស្តតែមួយព្រះអង្គប៉ុណ្ណោះដែលណែនាំអ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។