ថ្ងៃសៅរ៍ អាទិត្យទី១៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ឬសន្តអឺស៊ែប នៅវេសេលី ជាអភិបាល
និងសន្តសិលាហ្សូលីយ៉ាំងអេម៉ា ជាបូជាចារ្យ
លោកអឺស៊ែប (៣០០-៣៧១) ជាអភិបាលព្រះសហគមន៍នៅក្រុងវែសេលី (ប្រទេសអ៊ីតាលី)។ អធិរាជ្យរ៉ូម៉ាំងនិរទេសលោកទៅស្រុកប៉ាឡេស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ ព្រោះលោកប្រកាសជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្តដែលពិតជាព្រះជាម្ចាស់ តាមមហាសន្និបាតក្រុងនីសេបានបញ្ជាក់ស្រាប់ (៣២៥)។ ពេលលោកស្នាក់នៅស្រុកប៉ាឡេស្ទីននោះ លោកជួបលោកសង្យឺ និងឥសីជាច្រើនដែលជាគ្រីស្តបរិស័ទ ហើយស្ងើចសរសើរពីរបៀបរស់នៅរបស់អ្នកបួសទាំងនោះ។ លុះត្រឡប់ទៅស្រុកវិញ លោករួមរស់ជាមួយក្រុមបូជាចារ្យឯទៀតៗ ដូចជាក្រុមលោកសង្យឺដែរ។ ក្រុមបូជាចារ្យនេះយកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទលើសពីមុនមកទៀត។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលេវីវិន័យ លវ ២៥,១.៨-១៧
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅលើភ្នំស៊ីណៃថា៖ «ចូររាប់ឆ្នាំសប្ប័ទ ប្រាំពីរឆ្នាំ ប្រាំពីរដង សរុបទាំងអស់សែសិបប្រាំបួនឆ្នាំ។ នៅខែអស្សុជថ្ងៃទីដប់ ត្រូវផ្លុំស្នែង និងស្រែកយ៉ាងរំពង ពាសពេញស្រុកទាំងមូល ព្រោះជាថ្ងៃរំដោះបាប។ អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបនោះជាឆ្នាំដ៏វិសុទ្ធ ត្រូវប្រកាសសេរីភាពនៅក្នុងស្រុកទាំងមូល។ ឆ្នាំនោះ ត្រូវមានឈ្មោះថា “ឆ្នាំមហាករុណាទិគុណ ”។ ពេលនោះ ម្នាក់ៗវិលត្រឡប់ទៅកាន់ស្រុកភូមិ ទៅជួបជុំនឹងអំបូររបស់អ្នករាល់គ្នាវិញ។ ឆ្នាំទីហាសិប ជាឆ្នាំមហាករុណាទិគុណនោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះ ឬច្រូតកាត់ភោគផលដុះពីគ្រាប់ដែលធ្លាក់ទៅលើដីកាលពីរដូវចំរូតមុនឡើយ ហើយក៏មិនត្រូវបេះផ្លែទំពាំងបាយជូរដែលអ្នករាល់គ្នាទុកចោលនោះដែរ។ អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំមហាករុណាទិគុណ ជាឆ្នាំដ៏សក្ការៈ។ អ្នករាល់គ្នានឹងបរិភោគអ្វីៗដែលដុះនៅក្នុងចម្ការ។ នៅឆ្នាំមហាករុណាទិគុណ អ្នករាល់គ្នាអាចវិលទៅកាន់កាប់កម្មសិទ្ធិរបស់ខ្លួនវិញ។ ប្រសិនបើអ្នករាល់គ្នាលក់ ឬទិញអ្វីពីជនរួមជាតិរបស់អ្នករាល់គ្នា មិនត្រូវកេងបន្លំគេឡើយ។ ពេលទិញដីពីជនរួមជាតិរបស់អ្នក ត្រូវគិតតម្លៃចាប់ពីមហាករុណាទិគុណទៅ ហើយគេត្រូវលក់ឱ្យអ្នកដោយគិតតម្លៃតាមចំនួនឆ្នាំដែលអ្នកអាចច្រូតយកផលបាន រហូតដល់ឆ្នាំមហាករុណាទិគុណខាងមុខ។ ប្រសិននៅសល់ច្រើនឆ្នាំ មុននឹងដល់ឆ្នាំមហាករុណាទិគុណ អ្នកអាចលក់ដីនោះបានថ្លៃ តែបើនៅសល់តិចឆ្នាំទេនោះត្រូវបញ្ចុះតម្លៃ ដោយគិតដល់ចំនួនឆ្នាំដែលអាចច្រូតកាត់នៅសល់តិច។ មិនត្រូវឱ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាកេងប្រវ័ញ្ចជនរួមជាតិរបស់ខ្លួនឡើយ។ ធ្វើដូច្នេះបានសេចក្តីថា អ្នកគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
ទំនុកតម្កើងលេខ ៦៧ (៦៦),២-៣.៥.៧-៨ បទពាក្យ ៧
| ២ | ឱព្រះម្ចាស់អើយសូមមេត្តា | សន្តោសករុណាដល់យើងខ្ញុំ | |
| ប្រទានព្រះពរដ៏ឧត្តម | ទតមើលយើងខ្ញុំដោយសប្បុរស | ។ |
| ៣ | ដូច្នេះមនុស្សនៅលើផែនដី | ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់ | |
| ក្នុងចំណោមជនជាតិទាំងអស់ | ស្គាល់ការសង្គ្រោះនៃព្រះអង្គ | ។ |
| ៥ | ប្រជាទាំងឡាយនាំគ្នាច្រៀង | បន្លឺសំនៀងដោយសប្បាយ | |
| ដ្បិតទ្រង់គ្រប់គ្រង់គ្មាននឿយណាយ | ប្រជាទាំងឡាយមិនឆ្មៃឆ្មើង | ។ |
| ៧ | ផែនដីបង្កើតនូវភោគផល | មិនឱ្យយើងខ្វល់ពីអន្តរាយ | |
| ព្រះម្ចាស់ជាព្រះយើងទាំងឡាយ | ប្រទានពរឱ្យសុខគ្រប់គ្រា | ។ |
| ៨ | សូមទ្រង់ប្រទានពរឱ្យយើង | និងមនុស្សទាំងពួងគ្រប់អាត្មា | |
| ទាំងអ្នករស់នៅឆ្ងាយផងណា | មនុស្សលើលោកាខ្លាចព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល ដ្បិតគេនឹងទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,១-១២
នៅគ្រានោះ ព្រះបាទហេរ៉ូដជាស្តេចអនុរាជបានជ្រាបអំពីព្រះកិត្តិនាមរបស់ព្រះយេស៊ូ ទ្រង់មានរាជឱង្ការទៅពួកបរិពារថា៖ «យ៉ូហានបាទីស្តបានទទួលជីវិតថ្មីហើយ បានជាគាត់មានឫទ្ធានុភាពសម្តែងការអស្ចារ្យយ៉ាងនេះ»។ ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមពាក្យព្រះនាងហេរ៉ូឌីយ៉ាដាដែលត្រូវជាមហេសីរបស់ស្តេចភីលីព ជាអនុជរបស់ព្រះអង្គព្រោះលោកយ៉ូហានបានបន្ទោសស្តេចថា៖ «ព្រះករុណាគ្មានសិទ្ធយកព្រះនាងមកធ្វើជាមហេសីឡើយ»។ ស្តេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្តាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការីមួយរូប។ នៅថ្ងៃបុណ្យខួបចម្រើនព្រះជន្មស្តេចហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌីយ៉ាដាចូលមករាំនៅមុខភ្ញៀវ ធ្វើឱ្យស្តេចពេញចិត្តយ៉ាងខ្លាំង រហូទដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្តេចប្រទានឱ្យទាំងអស់។ នាងទូលទៅស្តេចវិញតាមពាក្យបង្គាប់របស់មាតាថា៖ «សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្ត ដាក់លើថាសមកឱ្យខ្ញុំម្ចាស់!»។ ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ទ្រង់ក៏បញ្ជាឱ្យគេធ្វើតាមពាក្យសុំរបស់នាង គឺចាត់ទាហានឱ្យទៅកាត់កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយ ប្រគល់ឱ្យនាង ហើយនាងក៏យកទៅថ្វាយមាតា។ ពួកសិស្សរបស់លោកយ៉ូហានមកយកសពលោកទៅបញ្ចុះ រួចនាំគ្នាយកដំណឹងទៅទូលព្រះ យេស៊ូ។
494 Views
Post Views:
508