ថ្ងៃសៅរ៍ អាទិត្យទី១៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០៥ ខែកក្ដដា ឆ្នាំ២០២៥
ឬសន្តតអន់ទន ម៉ារីសាក្កាជាបូជាចារ្យ
លោកអន់ទនម៉ារី (១៥០២-១៥៣៩) ជាគ្រូពេទ្យដែលស្រឡាញ់ជនក្រីក្រយ៉ាងខ្លាំង។ បន្ទាប់មកលោកទទួលអគ្គសញ្ញាជាបូជាចារ្យ ហើយបង្កើតក្រុមគ្រួសារបព្វជិតមួយសម្រាប់ជួយអ្នកក្រ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២៧,១-៥.១៥-២៩
លោកអ៊ីសាកមានវ័យចំណាស់ទៅហើយ ភ្នែកលោកក៏ងងឹតមើលអ្វីលែងឃើញទៀត។ គាត់ហៅលោកអេសាវជាកូនច្បងមក ហើយមានប្រសាសន៍ថា៖ «អេសាវកូនអើយ!»។ លោកអេសាវឆ្លើយថា៖ «បាទ លោកឪពុក!»។ លោកអ៊ីសាកមានប្រសាសន៍ទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ! ហេតុនេះ ចូរកូនយកប្រដាប់ប្រដាបរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់ណាដែលឪពុកចូលចិត្ត មកធ្វើម្ហូបឱ្យបានឆ្ងាញ់ ហើយលើកយកមកឱ្យឪពុកបរិភោគ។ ឪពុកនឹងឱ្យពរកូន មុនពេលឪពុកស្លាប់»។ ពេលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវនោះ លោកស្រីរ៉េបេកាបានលួចស្តាប់។ លោកអេសាវក៏ចេញទៅព្រៃ បរបាញ់សត្វយកសាច់មកជូនឪពុក។ លោកស្រីរ៉េបេកាហៅយ៉ាកុបជាកូនពៅមកប្រាប់ការទាំងអស់ រួចគាត់យកសម្លៀកបំពាក់ស្អាតជាងគេរបស់លោកអេសាវមកពាក់ឱ្យលោកយ៉ាកុប ជាកូនពៅ។ គាត់ក៏យករោមពពែមករុំដៃ និងកកូន។ បន្ទាប់មកគាត់យកម្ហូបដ៏ឆ្ងាញ់ និងនំប័ុងដែលគាត់បានធ្វើមកឱ្យលោកយ៉ាកុបជាកូនកាន់។ លោកយ៉ាកុបក៏យកទៅជូនឪពុកទាំងពោលថា៖ «លោកឪពុក!»។ លោកអ៊ីសាកឆ្លើយឡើងថា៖ «អើ! តើកូនណាមួយហ្នឹង?»។ លោកយ៉ាកុបពោលទៅកាន់ឪពុកថា៖ «ខ្ញុំជាអេសាវ! កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់នោះហើយ។ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមលោកឪពុកឱ្យពរកូន»។ លោកអ៊ីសាកតបទៅកូនថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ លោកយ៉ាកុបឆ្លើយថា៖«មកពីព្រះអម្ចាស់ជាព្រះរបស់លោកឪពុកបានជួយកូន»។ លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឱ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។ លោកយ៉ាកុបក៏ខិតចូលទៅជិតលោកអ៊ីសាកជាឪពុក ហើយលោកក៏ស្ទាបមើលគាត់ ទាំងពោលថា៖ «សម្លេងជាសម្លេងយ៉ាកុប តែដៃជាដៃអេសាវ»។ លោកពុំដឹងថា ជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោមដូចដៃលោកអេសាវដែរ។ ប៉ុន្តែ មុននឹងឱ្យពរយ៉ាកុប លោកអ៊ីសាកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?»។ លោកយ៉ាកុបឆ្លើយថា៖ «បាទ មែន!»។ លោកអ៊ីសាកក៏មានប្រសាសន៍ថា៖ «លើកម្ហូបឱ្យឪពុកមកកូន! ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឱ្យពរកូន!»។ លោកយ៉ាកុបក៏លើកម្ហូបជូនឪពុកពិសា ហើយថែមទាំងចាក់ស្រាទំពាំងបាយជូរ ជូនលោកពិសារទៀតផង។ បន្ទាប់មក លោកអ៊ីសាកមានប្រសាសន៍ទៅគាត់ថា៖ «ចូរខិតមកជិតឪពុក ហើយថើបឪពុកមួយមក!»។ លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបឪពុក។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏ឱ្យពរលោកយ៉ាកុបដូចតទៅ៖ «នេះជាក្លិនកូនខ្ញុំ ប្រៀបបានទៅនឹងក្លិនចម្ការមួយដែលបានទទួលពរពីព្រះអម្ចាស់។ សូមព្រះជាម្ចាស់ប្រទានទឹកសន្សើមពីលើមេឃមកឱ្យកូន ព្រមទាំងដីមានជីជាតិល្អផងដែរ។ សូមព្រះអង្គប្រទានឱ្យកូនមានស្រូវ មានស្រាយ៉ាងបរិបូរណ៌! សូមឱ្យប្រជាជនជាច្រើនបម្រើកូន សូមឱ្យប្រជាជាតិជាច្រើនក្រាបប្រណិប័តន៍កូន! សូមឱ្យកូនធ្វើជាចៅហ្វាយណែនាំបងប្អូន សូមឱ្យប្អូនបង្កើតទាំងប៉ុន្មាន ក្រាបប្រណិប័តន៍កូន អ្នកណាដាក់បណ្តាសាកូន អ្នកនោះនឹងត្រូវបណ្តាសាវិញ! រីឯអ្នកណាឱ្យពរកូន អ្នកនោះនឹងទទួលពរវិញដែរ!»។
ទំនុកតម្កើងលេខ ១៣៥ (១៣៤),១-៦ បទកាកគតិ
| ១ | សូមសរសើរកោត | ព្រះនាមសោះសោត | នៃព្រះអម្ចាស់ |
| ចូរអ្នកបម្រើ | ព្រះដ៏ខ្ពង់ខ្ពស់ | កោតក្រែងឥតមោះ |
| | សរសើរព្រះអង្គ | ។ |
| ២ | អស់អ្នករាល់គ្នា | ស្ថិតនៅមូលមីរ | ក្នុងវិហារផង |
| របស់ព្រះម្ចាស់ | ដំណាក់ផូរផង់ | ចូរកោតតម្កើង |
| | សរសើរត្រេកអរ | ។ |
| ៣ | ទ្រង់មានព្រះទ័យ | ជ្រះថ្លាក្រាស់ក្រៃ | វិសុទ្ធស្អាតល្អ |
| ចូរលើកតម្កើង | ព្រះនាមខ្ទារខ្ទរ | ល្បីល្បាញខ្ចាយខ្ចរ |
| | គាប់ចិត្តនឹងយើង | ។ |
| ៤ | ព្រះអម្ចាស់បាន | ជ្រើសរើសតែងតាំង | អស់ប្រជាជន |
| អ៊ីស្រាអែលគឺ | ជាចៅជាកូន | យ៉ាកុបជាប់ជួន |
| | កម្មសិទ្ធិទ្រង់ផ្ទាល់ | ។ |
| ៥ | ខ្ញុំដឹងច្បាស់ថា | អង្គព្រះម្ចាស់សា | ប្រសើររៀងរាល់ |
| វេលាឥតអាក់ | ល្បីល្បាញខ្លាំងដល់ | ព្រះនាមនិមល |
| | ជាងព្រះនានា | ។ |
| ៦ | ព្រះអម្ចាស់ទ្រង់ | សម្រេចការធំ | តូចបានឥតរា |
| ឱ្យតែទ្រង់សព្វ | ព្រះហឫទ័យា | កិច្ចការសុខជា |
| | សព្វទីកន្លែង | ។ |
| ទាំងនៅលើមេឃ | ខ្ពស់ឆ្ងាយអនេក | ទាំងលើដីផង |
| ទាំងក្នុងសមុទ្រ | ជ្រៅពេកកន្លង | សម្រេចឥតហ្មង |
| | ទ្រង់ធ្វើទាំងអស់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩, ៧.៩
អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ព្រោះព្រះជាម្ចាស់បានចងសម្ពន្ធមេត្រីថ្មី! អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការរបស់កូនចៀម អ្នកទាំងនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,១៤-១៧
ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានបាទីស្តចូលមកគាល់ព្រះយេស៊ូ ហើយទូលសួរព្រះអង្គថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ីតមអាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬ? ទេ!។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឱ្យសម្លៀកបំពាក់រហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។
501 Views
Post Views:
538