ថ្ងៃសៅរ៍ អាទិត្យទី១៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ៩,១១-១៥
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌដែលជិតរលំទៅហើយនោះឡើងវិញ យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ យើងនឹងលើកកន្លែងដែលរលំបាក់បែក ហើយសង់ខ្ទមនោះឱ្យបានល្អដូចដើមវិញ ដើម្បីឱ្យជនជាតិអ៊ីស្រាអែលចាប់យកស្រុកអេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ដែលយើងគ្រប់គ្រងកាលពីដើម»។ នេះជាព្រះបន្ទូលរបស់ព្រះ អម្ចាស់ដែលសម្រេចការទាំងនោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូច ភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។ ពេលនោះ យើងនឹងនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឱ្យត្រឡប់មកវិញ។ ពួកគេនឹងសាងក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាទំពាំងបាយជូរ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគផលផ្លែពីចម្ការនោះផង។ យើងនឹងឱ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរលើទឹកដីរបស់ខ្លួន ហើយគ្មាននរណាអាចយកពួកគេចេញពីស្រុកដែលយើងបានប្រគល់ឱ្យពួកគេនោះទៀតឡើយ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
ទំនុកតម្កើងលេខ ៨៥ (៨៤),៩.១១-១៤ បទកាកគតិ
| ៩ | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ |
| ទ្រង់នឹងប្រទាន | សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង |
| | ដែលមិនលេលា | ។ |
| ១១ | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
| ព្រះអង្គស្មោះស័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង |
| | នៅលើលោកីយ៍ | ។ |
| ១២ | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
| សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ |
| | ចុះជួយរក្សា | ។ |
| ១៣ | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
| ចំណែកផែនដី | បង្កើតផលា | ភោគផលផ្លែផ្កា |
| | សំបូរមិនខ្វះ | ។ |
| ១៤ | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
| សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ |
| | សុខសាន្តរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩, ៧.៩
អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ព្រោះព្រះជាម្ចាស់បានចងសម្ពន្ធមេត្រីថ្មី! អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ
ឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការរបស់កូនចៀម អ្នកទាំងនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,១៤-១៧
ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ត ចូលមកគាល់ព្រះយេស៊ូ ហើយទូលសួរព្រះអង្គថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ីតមអាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬ? ទេ!។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។ ពុំដែលមាននរណាយកក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឱ្យសម្លៀកបំពាក់រហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែក ត្រូវខូចខាតមិនខាន។ គេតែងច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។
708 Views
Post Views:
695