ថ្ងៃសៅរ៍ អាទិត្យទី១១
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីររបាក្សត្រភាគទី២ ២របា ២៤,១៧-២៥
ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិយូដា នាំគ្នាក្រាបថ្វាយបង្គំព្រះយ៉ូអាស ហើយព្រះរាជាទ្រង់ព្រះសណ្តាប់ពួកគេ។ ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្តាលឱ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។ ព្រះអម្ចាស់បានចាត់ពួកព្យាការីទៅក្នុងចំណោមពួកគេ ដើម្បីណែនាំពួកគេឱ្យវិលមករកព្រះអង្គវិញ។ ព្យាការីប្រៀនប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្តាប់ឡើយ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជន ហើយប្រកាសថា៖«ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វីក៏មិនបានសម្រេចដែរ»។ ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោកនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់តាមបញ្ជារបស់ស្តេច។ ព្រះបាទយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរស ដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការី បានសម្តែងចំពោះព្រះអង្គទេ គឺទ្រង់ប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់ លោកសាការីពោលថា៖«សូមព្រះអម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។
មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជ័យភ័ណ្ឌទាំងអស់ ទៅថ្វាយសេ្តចនៅក្រុងដាម៉ាស។ កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះអម្ចាស់បានប្រគល់កងទ័ពយូដាដែលមានគ្នាច្រើន ទៅក្នុងកណ្តាប់ដៃរបស់ពួកគេ ព្រោះជនជាតិយូដាបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់បានប្រើជនជាតិស៊ីរី សម្រាប់ដាក់ទោសព្រះបាទយ៉ូអាស។ បន្ទាប់មក កងទ័ពស៊ីរីចាកចេញទៅទុកឱ្យព្រះបាទយ៉ូអាសប្រឈួនជាទម្ងន់។ ពួករាជបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹក ចំពោះឃាតកម្មទៅលើកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ គេធ្វើគុតសេ្តចនៅក្នុងក្រឡាបន្ទំ រួចយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ តែគេមិនបញ្ចុះនៅក្នុងផ្នូរជាមួយស្តេចឯទៀតៗទេ។
ទំនុកតម្កើងលេខ ៨៩ (៨៨),៤-៥.២៩-៣៤ បទកាកគតិ
| ៤ | យើងចងសម្ពន្ធ | មេត្រីបន្ទាន់ | ចុះខសន្យា |
| ជ្រើលោកដាវីឌ | ហើយតែងតាំងជា | បម្រើការពារ |
| | ឥតមានប្រែប្រួល | ។ |
| ៥ | យើងនឹងតាំងពង្ស | ពូជអ្នកឱ្យគង់ | នៅជុំត្រកូល |
| តាំងរាជ្យឱ្យអ្នក | នៅបានសុខស្រួល | គ្មានអ្វីប្រែប្រួល |
| | អង្វែងដរាប | ។ |
| ២៩ | យើងនឹងបញ្ចេញ | ឥតមានទោម្នេញ | ដោយចិត្តប្រណី |
| នឹងរក្សាទុក | សម្ពន្ធមេត្រី | ចងជាប់មិនស្រាយ |
| | មិនគេចប្រែប្រួល | ។ |
| ៣០ | យើងនឹងតែងតាំង | ត្រកូលពូជពង្ស | ឱ្យរស់សុខស្រួល |
| ស្ថិតស្ថេរអស់កល្ប | ដាវីឌតែមួយ | ល្បីល្បាញរញ្ជួយ |
| | ដូចមេឃខៀវខ្ចី | ។ |
| ៣១ | បើសិនពូជពង្ស | ដាវីឌបោះបង់ | ចោលធម្មវិន័យ |
| ហើយឈប់ដើរតាម | មាគ៌ាប្រពៃ | ធ្វើងើយមិនស្តី |
| | មិនតាមបញ្ជា | ។ |
| ៣២ | ប្រសិនបើគេ | បំពានវៀចវេរ | កែប្រែសាវា |
| ហើយលែងប្រតិបត្តិ | តាមបទបញ្ជា | វិន័យនានា |
| | របស់ផងយើង | ។ |
| ៣៣ | យើងនឹងប្រដៅ | ពួកឆោតល្ងង់ខ្លៅ | បង្កតែរឿង |
| យើងដាក់ទណ្ឌកម្ម | ទារុណធ្ងន់ឡើង | កំហុសមានច្រើន |
| | គេបានប្រព្រឹត្ត | |
| ៣៤ | ប៉ុន្តែយើងតែង | បញ្ជាក់សម្តែង | សេចក្តីអាណិត |
| ស្មោះស្ម័គ្រនឹងគេ | ឥតប្រែមានល្បិច | ឬចង់បែគេច |
| | បែកចិត្តចោលឡើយ | |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ករ ៨,៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏ច្រើន ទ្រង់បានដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,២៤-៣៤
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖«គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្រឡាញ់ម្ចាស់ម្នាក់ ខ្លាំងជាងម្ចាស់ម្នាក់ទៀត យកចិត្តទុកដាក់បម្រើម្នាក់ ច្រើនជាងម្នាក់ទៀតជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។ ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំឱ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សម្រាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឱ្យវែងបានដែរ សូម្បីតែបន្តិចក៏មិនបានផង។ ហេតុដូចម្តេច បានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់?។ ចូរសង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬត្បាញរវៃឡើយ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីសម័យដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្តល់សម្រស់ឱ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ហេតុនេះ កុំខ្វល់ខ្វាយដោយពោលថា “យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់?” នោះឡើយ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមានឡើងនៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះបានហើយ»។
579 Views
Post Views:
561