ថ្ងៃសៅរ៍ អាទិត្យទី០៧
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤
សន្ដប៊ែត៍ ឬសន្ដហ្គ្រេក័រទី៧
ឬសន្ដីម៉ារីម៉ាដាឡា នៃគ្រួសារប៉ាស៊ី
លោកប៊ែត៍ (៦៧៣-៧៣៥) ជាបព្វជិតខាងក្រុមគ្រួសារសន្តបេណេឌីកតូ។ លោកយកចិត្តទុកដាក់សិក្សាគម្ពីរយ៉ាងខ្លាំង ហើយនិពន្ធសេចក្តីអត្ថាធិប្បាយជាច្រើនទៀតផង តាមរបៀបបុព្វបុរសនៃព្រះសហគមន៍។ គេដាក់ឈ្មោះ លោក “គួរឱ្យគោរព”។
លោកឈ្មោះហីលដឹហ្វ្រង់ (ប្រ.១០២៨-១០៨៥) ជាបព្វជិតខាងក្រុមគ្រួសារសន្តបេណេឌីកតូ។ ក្រោយពីធ្វើជាទីប្រឹក្សារបស់សម្តេចប៉ាបប្រាំពីរនាក់ លោកទទួលមុខងារជាអភិបាលក្រុងរ៉ូមដែរ។ លោកមានឈ្មោះល្បីដោយបានកែទម្រង់វិន័យរបស់បូជាចារ្យ។ លោកខិតខំដកព្រះសហគមន៍ឱ្យរួចពីអំណាចរបស់ស្តេច និងព្រះចៅនានា។ លោកទម្លាក់ព្រះចៅអធិរាជហង់រីទី៤ ចេញពីតំណែង ហើយព្រះចៅនេះយាងមកសុំទោសលោកនៅក្រុងកាណូស្សា។
នាងម៉ារីម៉ាដាឡា (១៥៦៦-១៦០៧) បួសជាបព្វជិការីនៅអារាមការម៉ែលក្រុងហ្វូរង្ស (ប្រទេសអ៊ីតាលី)។ នាងរងទុក្ខទំាងផ្លូវកាយ ទាំងផ្លូវចិត្ត។
សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៥,១៣-២០
បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាកត្រូវឱ្យគាត់អធិដ្ឋាន បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។ ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍មក ដើម្បីឱ្យលោកទាំងនោះអធិដ្ឋានឱ្យគាត់ និងលាបប្រេងឱ្យក្នុងព្រះនាមព្រះអម្ចាស់។ ពាក្យអធិដ្ឋានដែលផុសចេញមកពីជំនឿ នឹងសង្រ្គោះអ្នកជំងឺនោះហើយព្រះអម្ចាស់នឹងប្រោសគាត់ឱ្យក្រោកឡើងវិញ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាបព្រះអង្គនឹងលើកលែងទោសឱ្យ។ ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមកព្រមទាំងអធិដ្ឋានឱ្យគ្នាទៅវិញទៅមកផង ដើម្បីឱ្យបានជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិត មានប្រសិទ្ធិភាពខ្លាំងណាស់។ ព្យាការីអេលីជាមនុស្សដូចយើងដែរលោកបានអធិដ្ឋានអស់ពីចិត្ត សុំកុំឱ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដីអស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់មក លោកអធិដ្ឋានសាជាថ្មី មេឃក៏បង្អុរភ្លៀងមក ហើយដីក៏បង្កើតភោគផលដែរ។
បងប្អូនអើយ! ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្តីពិត ហើយបើមានម្នាក់ទៀតនាំគាត់ឱ្យវិលត្រឡប់មកវិញតោងដឹងថា អ្នកដែលនាំមនុស្សបាបឱ្យងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្រ្គោះជីវិតគេឱ្យរួចពីស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។
ទំនុកតម្កើងលេខ ១៤១ (១៤០),១-៣.៨ បទកាកគតិ
| ១ | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | ទូលពាក្យអង្វរ |
| សូមផ្ទៀងព្រះកាណ៌ | ស្តាប់ស្នូរថ្ងួចថ្ងូរ | កុំបង្អង់យូរ |
| | យាងមកជួយខ្ញុំ | ។ |
| ២ | សូមឱ្យវាចា | អធិដ្ឋានគ្រប់គ្រា | នៃទូលបង្គំ |
| បានឡើងទៅដល់ | ព្រះម្ចាស់ឧត្តម | ដូចផ្សែងហុយងំ |
| | ពីគ្រឿងក្រអូប | ។ |
| ទូលបង្គំលើកដៃ | អធិដ្ឋានរាល់ថ្ងៃ | ដូចតង្វាយគាប់ |
| ថ្វាយនៅពេលល្ងាច | ក្រអូបឈ្ងុយឈ្ងប់ | ជះក្លិនសាយសព្វ |
| | ទៅគ្រប់ទិសា | ។ |
| ៣ | ឱព្រះអម្ចាស់ | សូមមេត្តាខ្ទាស់ | មាត់ខ្ញុំផងណា |
| កុំឱ្យនិយាយ | ពាក្យដែលមុសា | ពោលមិនបានការ |
| | ជាពាក្យអាក្រក់ | ។ |
| ៨ | បពិត្រព្រះម្ចាស់ | ខ្ញុំខំប្រឹងណាស់ | សម្លឹងទៅឆ្ងាយ |
| រកព្រះជានិច្ច | ផ្ញើជីវិតកាយ | សូមកុំបណ្តោយ |
| | ឱ្យខ្ញុំបាត់បង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រះអង្គសម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៣-១៦
មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្តលើវា ប៉ុន្តែ ក្រុមសាវ័កស្តីបន្ទោសអ្នកទាំងនោះ។ កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហប្ញទ័យណាស់ ហើយមានព្រះបន្ទូលថា៖«ទុកឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គបានឡើយ»។ បន្ទាប់មកព្រះអង្គឱបក្មេងទាំងនោះ ហើយប្រទានពរឱ្យពួកវា ដោយដាក់ព្រះហស្តពីលើ។
547 Views
Post Views:
528