ថ្ងៃសៅរ៍ អាទិត្យទី០៥
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តស៊ីរីលជាបព្វជិត និងសន្តមេតូដជាអភិបាលព្រះសហគមន៍
សូមចុចទីនេះ
លោកកុងស្តង់ទីន ហៅថា “ស៊ីរីល” និងលោកម៉េថូដជាបងប្អូនបង្កើត គឺជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រុងថេស្សាឡូនិក។ លោកទាំងពីរចូលបួស រួចទទួលភារកិច្ចទៅប្រកាសដំណឹងនៅទ្វីបអឺរ៉ុបកណ្តាល។ លោកទាំងពីរបកប្រែព្រះគម្ពីរជាភាសាស្លាវុង ទាំងបង្កើតអក្សរម្យ៉ាងដែលមានប្រើរហូតមកដល់សព្វថ្ងៃ។ មានគ្រីស្តបរិស័ទជំទាស់នឹងលោកទាំងពីរដែលប្រើភាសាសាមញ្ញដូច្នេះ តែសម្តេចប៉ាបគាំទ្រគេ។ លោកម៉េថូដទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុមស្មៀរញ៉ម និងជាតំណាងសម្តេចប៉ាបទៀត។ លោកស៊ីរីលទទួល មរណភាពនៅថ្ងៃ ១៤ កុម្ភៈ ៨៦៩។ រីឯលោកម៉េថូដទទួលមរណភាពនៅឆ្នាំ ៨៨៥។
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១២,២៦-៣២, ១៣,៣៣-៣៤
ព្រះបាទយេរ៉ូបោមរិះគិតថា៖«យោលតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រាជវង្សព្រះបាទដាវីឌមិនខាន។ ប្រសិនបើប្រជាជន របស់ខ្ញុំ នៅតែទៅថ្វាយយញ្ញបូជាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករ៉ូបោម ជាស្តេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំមិនខាន»។ ស្តេចបានរិះគិតអំពី មធ្យោបាយមួយ គឺឱ្យគេសិតធ្វើគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ!។ អ៊ីស្រាអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ ស្តេចតំកល់រូបគោ មួយនៅបេតអែល និងមួយទៀតនៅក្រុងដាន់។ ស្តេចបាននាំប្រជាជនឱ្យប្រព្រឹត្ត អំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។ ព្រះបាទយេរ៉ូបោមសង់ទីសក្ការៈនៅតាមទួលខ្ពស់ៗ រួចបានជ្រើសរើសមនុស្សពីចំណោមប្រជាជនដែលមិនមែនជាពួកលេវី ឱ្យធ្វើជាបូជាចារ្យ។ ព្រះបាទយេរ៉ូបោមបានកំណត់យកថ្ងៃទីដប់ប្រាំ នៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្តេចយាងទៅថ្វាយយញ្ញបូជានៅលើអាសនៈ។ ស្តេចបានប្រព្រឹត្តរបៀបនេះ នៅបេតអែល គឺថ្វាយយញ្ញបូជាចំពោះរូបគោដែលស្តេចបានធ្វើ ព្រមទាំងយកបូជាចារ្យដែលស្តេចជ្រើសរើស សម្រាប់បម្រើការក្នុងទីសក្ការៈតាមទួលខ្ពស់ៗ ឱ្យមកបម្រើការនៅបេតអែលផង។ ព្រះបាទយេរ៉ូបោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្ដេចនៅតែបន្តជ្រើរើសមនុស្សក្នុងចំណោមប្រជាជនមកធ្វើជាបូជាចារ្យ សម្រាប់បម្រើការក្នុងទីសក្ការៈនៅតាមទួលខ្ពស់ៗ។ បើមានអ្នកណាចង់បម្រើកិច្ចការនេះ ស្ដេចក៏តែងតាំងគេឱ្យបម្រើការក្នុងទីសក្ការៈ នៅតាមទួលខ្ពស់ៗ។ អំពើទាំងនេះនាំឱ្យរាជវង្សរបស់ព្រះបាទយេរ៉ូបោមប្រព្រឹត្ដអំពើបាប ហេតុនេះហើយ បានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។
ទំនុកតម្កើងលេខ ១០៦ (១០៥),៦-៧.១៩-២២ បទពាក្យ ៧
| ៦ | យើងខ្ញុំបានធ្វើអំពើបាប | អាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ | |
| ដូចបុព្វបុរសកន្លងទៅ | ធ្វើរឿងអាស្រូវមិនទំនង | ។ |
| ៧ | កាលនៅអេស៊ីបបុព្វបុរស | បំភ្លេចទាំងអស់គ្រាកន្លង | |
| ពុំយល់ពីការអស្ចារ្យផង | របស់ព្រះអង្គធ្វើនោះទេ | ។ |
| ១៩ | លើភ្នំហូរ៉ែបគេជួបជុំ | យកមាសទាំងដុំនាំគ្នាជួយ | |
| ឆ្លាក់ដាប់ដុតដំបានគោមួយ | គេលែងភ័យព្រួយទុកជាព្រះ | ។ |
| ២០ | ពួកគេបែរជាយករូបសត្វ | មកទុកថ្វាយថ្វាត់ក្រាបសំពះ | |
| ជាសត្វស៊ីស្មៅដើរពេញពាស | ទុកដូចជាព្រះគួរគោរព | ។ |
| ២១ | ពួកគេភ្លេចថាព្រះតែមួយ | ជាព្រះដែលជួយទាំងថ្ងៃយប់ | |
| ដោយស្នាព្រះហស្តខ្ពស់លើសលប់ | ពាសពេញសាយសព្វស្រុកអេស៊ីប | |
| ២២ | ការអស្ចារ្យទៀតដែលមាននៅ | ក្នុងស្រុកកូនចៅអប្រាហាំស្រាប់ | ។ |
| និងស្នាព្រះហស្តដ៏ចំណាប់ | គួរឱ្យស្ញែងស្ញប់ឯសមុទ្រ | |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន ទ្រង់ប្រទានអាហារនៃស្ថានសួគ៌ឱ្យគេបរិភោគឆ្អែត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១-១០
នៅពេលនោះ បណ្តាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្តងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលថា៖«ខ្ញុំអាណិតអាសូរបណ្តាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈបីថ្ងៃមកហើយ ហើយគេគ្មានអ្វីបរិភោគសោះ។ ប្រសិនបើខ្ញុំឱ្យគេត្រឡប់ទៅផ្ទះវិញទាំងពោះទទេគេមុខជាអស់កម្លាំងដួលតាមផ្លូវជាមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឱ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖«តើអ្នករាល់គ្នាមាននំប័ុងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ ព្រះអង្គក៏ប្រាប់បណ្តាជនឱ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំប័ុងទាំងប្រាំពីរដុំមកកាន់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យក្រុមសាវ័កចែកបណ្តាជន។ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ក្រុមសាវ័កឱ្យចែកត្រីទាំងនោះដល់គេ។ គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំប័ុង និងត្រីដែលនៅសល់បានប្រាំពីរជាល។ នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឱ្យវិញត្រឡប់ទៅផ្ទះវិញ។ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយក្រុមសាវ័កឆ្ពោះទៅតំបន់ដាល់ម៉ានូថា។
637 Views
Post Views:
576