ថ្ងៃសៅរ៍ អាទិត្យទី០២
រដូវអបអរសាទរ
ពណ៌ស្វាយ
ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥
បុណ្យរម្លឹក
សន្តីលូស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
ពណ៌ស
នាងលូស៊ី (ឈ្មោះនេះមានន័យថា “ពន្លឺ”) ជាស្ត្រីអ៊ីតាលីម្នាក់។ រដ្ឋអំណាចធ្វើទារុណកម្មនាងនៅក្រុងស៊ីរ៉ាកូស (កោះស៊ីស៊ីល) ប្រហែលនៅឆ្នាំ៣០៤។ តាំងពីសតវត្សទី៦ ព្រះសហគមន៍ក្រុងរ៉ូមតែងតែគោរពនាង។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកបំភ្លឺមនុស្ស លោក។ ពេលព្រះបុត្រាយាងមកវិញប្រកបដោយសិរីរុងរឿងយ៉ាងអស្ចារ្យ ទ្រង់នឹងបំបាត់ ភាពងងឹត និងសេចក្តីអាក្រក់គ្រប់យ៉ាង។ ពេលនោះ សូមព្រះអង្គព្រះមេត្តាប្រោសយើងខ្ញុំ
ឱ្យធ្វើជាបុត្រធីតាដ៏វិសុទ្ធរបស់ព្រះអង្គផង។
អត្ថបទទី១ សូមថ្លែងព្រះគម្ពីរបេនស៊ីរ៉ាក់ បសរ ៤៨,១-៤.៩-១១
ព្យាការីអេលីងើបឡើងដូចភ្លើង ពាក្យសម្តីរបស់លោកភ្លឺដូចចន្លុះក្នុងពេលយប់។ លោកធ្វើឱ្យទុរ្ភិក្សកើតមាននៅស្រុកអ៊ីស្រាអែល។ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង លោកធ្វើឱ្យប្រជាជននៅសល់តែមួយចំនួនតូចប៉ុណ្ណោះ។ តាមបញ្ជារបស់ព្រះអម្ចាស់ លោកធ្វើឱ្យមេឃរាំង ហើយធ្វើឱ្យភ្លើងធ្លាក់ពីលើមេឃមកចំនួនបីដងដែរ។ ព្យាការីអេលីអើយ ! លោកប្រកបដោយសិរីរុងរឿងដោយសារតែលោកសម្តែងបាដិហារិយ៍ តើនរណាអាចប្រៀបស្មើនឹងលោកបាន? ព្រះអម្ចាស់លើកលោកឡើងដោយភ្លើងកួច នៅលើរទេះទឹមដោយសេះភ្លើងផង។ ក្នុងគម្ពីរមានចែងថា ពេលអនាគតលោកទទួលភារកិច្ចបន្ធូរព្រះពិរោធរបស់ព្រះជាម្ចាស់ មុនពេលព្រះអង្គដាក់ទណ្ឌកម្ម គឺលោកនឹងបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងស្រោចស្រង់កុលសម្ព័ន្ធរបស់លោកយ៉ាកុបឱ្យបានដូចដើមឡើងវិញផង។ មានសុភមង្គលហើយ! អ្នកដែលបានឃើញលោក និងអ្នកដែលស្លាប់ទៅទាំងស្រឡាញ់ព្រះអម្ចាស់ ដ្បិតយើងពិតជាមានជីវិតមិនខាន។
ទំនុកតម្កើងលេខ ៨០,២-៤.១៥-១៦.១៨-១៩ បទព្រហ្មគីតិ
| ២. | ព្រះម្ចាស់ជាគង្វាល | អ៊ីស្រាអែលសូមសណ្តាប់ | |
| ពូជពង្សលោកយ៉ូសែប | ដែលព្រះអង្គបានដឹកនាំ | ។ |
| ដូចជាអ្នកគង្វាល | ចាំយាមឃ្វាលចៀមថែទាំ | |
| គេរស់ដោយសុខដុម | សូមសម្តែងព្រះបារមី | ។ |
| ៣. | ឱ្យពួកកុលសម្ពន្ធ | អេប្រាអ៊ីមឃើញស្នាដៃ | |
| និងជាតិផ្សេងៗក្តី | សូមទ្រង់លៃជួយសង្គ្រោះ | ។ |
| ៤. | ឱ!ព្រះជាម្ចាស់អើយ | កុំកន្តើយសូមសន្តោស | |
| ទតមើលដោយសប្បុរស | នោះយើងខ្ញុំរួចជីវិត | ។ |
| សូមទ្រង់បែរព្រះភក្ត្រ | ញញឹមដាក់យើងខ្ញុំពិត | |
| សង្គ្រោះឱ្យនៅជិត | កុំឱ្យបែកបាក់ខ្ចាត់ខ្ចាយ | ។ |
| ១៥. | ឱ! ព្រះជាម្ចាស់អើយ | កុំកន្តើយសូមទ្រង់ទត | |
| ពីស្ថានសួគ៌ាមក | ជួយយើងខ្ញុំកុំខានឡើយ | ។ |
| ១៦. | សូមទ្រង់ជួយរក្សា | ថែចម្ការដែលមានហើយ | |
| ការពារកុំបណ្តោយ | ក្រែងថ្លោះធ្លោយខ្មាំងញាំញី | ។ |
| ១៨. | សូមទ្រង់ដាក់ព្រះហស្ត | លើស្តេចនោះគង់ខាងស្តាំ | |
| បុត្រមនុស្សដ៏ឧត្តម | ដែលព្រះអង្គពង្រឹងឡើង | ។ |
| ១៩. | យើងខ្ញុំមិនបែកបែរ | ចិត្តងាករេពីព្រះអង្គ | |
| សូមប្រោសប្រទានផង | ឱ្យយើងខ្ញុំមានជីវិត | ។ |
| ពេលខ្ញុំរស់ឡើងវិញ | ចិត្តពោរពេញនៅនែបនិត្យ | |
| គោរពបម្រើពិត | ឥតមានក្បត់ឆ្ងាយពីទ្រង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៣,៤.៦
អាលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរពង្រាបផ្លូវរបស់ព្រះអង្គ! មនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧, ៩-១៣
ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសាវ័កទាំង៣ ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់អ្នកណាពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ ត្រូវចាំរហូតដល់បុត្រមនុស្សមានជីវិតរស់់ឡើងវិញ»។ ក្រុមសាវ័កទូលសួរព្រះយេស៊ូថា៖ «ហេតុដូចម្តេចបានជាពួកធម្មាចារ្យចេះតែនិយាយថា ព្យាការីអេលីត្រូវមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីនឹងមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ។ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ ពេលនោះក្រុមសាវ័កយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ត។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រៀនប្រដៅយើងខ្ញុំ ដោយសារព្យាការីទាំងឡាយ។ ក្នុងអភិបូជា យើងខ្ញុំនាំគ្នានឹកដល់ព្រះបុត្រាព្រះអង្គ ដែលសព្វព្រះហឫទ័យបូជាព្រះជន្មដោយព្រះហឫទ័យស្រឡាញ់។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្តយើងខ្ញុំ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យរៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកុំពុងយាងមក សូមជួយយើងខ្ញុំឱ្យកាន់កិរិយាត្រឹមត្រូវ និងយកចិត្តទុកដាក់ជួយអ្នកកម្សត់ទុគ៌តផង។
961 Views
Post Views:
1,001