អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២

សប្តាហ៍នៃព្រះហឫទ័យមេត្តាករុណា
ពណ៌ស
រដូវបុណ្យចម្លង

ឬសន្តពីយូសទី៥ ជាសម្តេចប៉ាប

លោកឈ្មោះមីសែល គីស្លីរី (១៥០៤-១៥៧២) ជាជនជាតិអ៊ីតាលី។ កាលពីក្មេង លោកឃ្វាលហ្វូងសត្វដល់អាយុ ១៥ ឆ្នាំ លោកចូលបួសក្នុងក្រុមគ្រួសារបព្វជិតសន្តដូមីនីកូ។ ពេលលោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុមរ៉ូម លោកយកឈ្មោះថា “ពីយូសទី៥”។ អស់រយៈពេល ៥ឆ្នាំ លោកខិតខំកែទម្រង់ព្រះសហគមន៍តាមគោលជំហរនៃមហាសន្និបាតនៅក្រុងត្រេនតូ ជាពិសេសលោកឱ្យគេបោះពុម្ពផ្សាយ “ព្រះបណ្តៅក្រុងរ៉ូម” “ក្បួនអធិដ្ឋាន” និង “ក្បួនធ្វើអភិបូជា”។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៦,១-៧

នៅគ្រានោះ ចំនួនសាវ័កចេះតែកើនឡើងជាលំដាប់។ គ្រីស្តបរិស័ទដែល​និយាយភាសាក្រិក នាំគ្នារអ៊ូរទាំ​ទាស់​នឹង​គ្រីស្តបរិស័ទជាតិយូដា ដែល​និយាយ​ភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិ​នសូវ​យក​ចិត្ត​ទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ គ្រីស្តទូតទាំងដប់ពីរនាក់ក៏កោះ​ហៅ​ក្រុមសាវ័កទាំងអស់មក ហើយ​មានប្រសាសន៍ថា៖ «មិនគួរឱ្យយើងចោលការ​ប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុឡើយ។ ហេតុនេះ បង​ប្អូន​អើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីរនាក់ក្នុងចំណោមបងប្អូន ដែលជា​អ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយពោរ​ពេញដោយព្រះវិញ្ញាណ និងប្រា​ជ្ញាឈ្លាសវៃ។ យើង​នឹង​តែងតាំងគេឱ្យបំពេញមុខងារនេះ។ រីឯយើងវិញ យើងនឹងគិតតែ​ពីអធិដ្ឋាន និងបម្រើព្រះបន្ទូល»។ ក្រុមសាវ័កទាំងប៉ុន្មានពេញចិត្តនឹងសេចក្តីស្នើនេះណាស់ គេក៏​ជ្រើស​យក​លោក​ស្ទេផាន ដែលពោរពេញដោយជំនឿ និង​ដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកភីលីព លោកប្រូគ័រ លោកនីកាន័រ លោក​ទីម៉ូន លោកប៉ាមេណាស និងលោកនីកូឡាសជាអ្នកស្រុកអន់ទីយ៉ូក ដែលចូល​សាសនាយូដា។ គេនាំអ្នកទាំង​នោះ​មកជួបក្រុមគ្រីស្តទូត ក្រុមគ្រីស្តទូតក៏នាំគ្នា​អធិដ្ឋាន ហើយដាក់ដៃពីលើអ្នកទាំងនោះ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ។ ចំនួន​សាវ័ក​នៅក្រុងយេរូសាឡឹមបានកើន​ឡើង​ជាច្រើនឥតគណនា ហើយមានពួកបូជា​ចារ្យដ៏ច្រើនលើសលប់សុខចិត្តប្រតិបត្តិតាមជំនឿដែរ។

ទំនុកតម្កើងលេខ ៣៣ (៣២), ១-២.៤-៥.១៨-១៩ បទព្រហ្មគីតិ

មនុស្សដែលសុចរិតអបអរពិតលើកតម្កើង
មានតែមនុស្សទៀងត្រង់ដែលចិត្តចង់កោតសរសើរ
ដេញពិណលើកតម្កើងព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្តើរដេញបង្ហើរខ្សែដប់ថ្វាយ
ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែងខំសម្តែងដោយអំណរ
ពីហឫទ័យបវរករុណាល្អព្រះជាម្ចាស់
១៨ព្រះអង្គតាមរក្សាអស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ក៏សប្បុរសមានមេត្តា
១៩ព្រះអង្គបានសង្គ្រោះគេឱ្យរស់មានសង្ខារ
ផុតពីក្តីមរណានៅក្នុងគ្រាដែលអត់ឃ្លាន

អបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តជាព្រះនៃយើងមានព្រះជន្មរស់ឡើងវិញ! ព្រះអង្គជាព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងជាព្រះសង្គ្រោះរបស់មនុស្សលោក!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,១៦-២១

ព្រះយេស៊ូបានប្រទាននំប៉័ងឱ្យប្រជាជនប្រាំពាន់នាក់រួចហើយ លុះដល់​ល្ងាច ក្រុមសាវ័កនាំគ្នាចុះទៅមាត់សមុទ្រ។ គេជិះទូកឆ្លងទៅភូមិកាផានុម នៅត្រើយ​ម្ខាង។ ពេលនោះងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្តាលឱ្យទឹកសមុទ្រមានរលកធំៗ។ កាល​គេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូ​យាងលើសមុទ្រចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះ​យេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី!»។ ក្រុមសាវ័កចង់យាង​ព្រះអង្គចូលមកក្នុងទូក តែរំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែល​គេ​បម្រុងនឹងទៅ។

106 Views

Theme: Overlay by Kaira