ថ្ងៃសៅរ៍អាទិត្យទី០១
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤

ឬសន្តហ៊ីឡែរ ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកហ៊ីឡែរ (៣១៥-៣៦៧) កើតនៅក្រុងព័រជេ (ប្រទេសបារាំង)។ លោក​មាន​គ្រួសារ​ហើ​យ​ មានកូនស្រីមួយ។ លោកជឿលើព្រះយេស៊ូដោយអានគម្ពីរ រួចលោកទទួល​មុខងារជា​អភិបាល​ព្រះ​សហគមន៍ស្រុកកំណើត។ លោកប្រឆាំងនឹងលទ្ធិក្លែងក្លាយរបស់លោកអរីយូសអំពីព្រះគ្រីស្ត។ តែព្រះ​ចៅ​អធិរាជដែលគាំទ្រលោកអរីយូស និរទេសលោកទៅមជ្ឈិមបូព៌ា។ លោកជាទេវវិទូដ៏ប្រសើរ​នៅជំ​នា​ន់​​លោក។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ៩,១-៤.១៧-១៩, ១០.១

ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរស់ម្នាក់ឈ្មោះគីស លោកជាអភិជនមួយរូប មាន​កូនប្រុសម្នាក់ឈ្មោះសាអ៊ូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជន​ជាតិអ៊ីស្រាអែល គ្មានអ្នកណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌ​ខ្ពស់ជាងគេទាំងអស់ ។
ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីសជាឪពុករបស់លោកសាអ៊ូលវង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសាអ៊ូលជាកូនថា៖«ចូរនាំអ្នកបម្រើម្នាក់មក ហើយប្រញាប់​ទៅតាមរកលាញីទាំងនោះ»។ លោកសាអ៊ូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុក​សាលីសា តែរកពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ទៅ​ស្រុក​បេនយ៉ាមីនក៏នៅតែរកពុំឃើញដដែល ។ អ្នកទាំងពីរសម្រេចចិត្តទៅសួរលោក​សាមូអែល ។
ពេលលោកសាមូអែលឃើញលោកសាអ៊ូល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖«គឺបុរសនេះហើយ ដែលយើងបានប្រាប់អ្នក គេនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់យើង»។ លោកសាអ៊ូលចូលទៅជិតលោកសាមូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។ លោកសាមូអែល​មានប្រសាសន៍តបទៅលោកសាអ៊ូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំឡើងទៅទីសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ» ។
ស្អែកឡើង លោកសាមូអែលយកដបប្រេងមក លោកចាក់ប្រេងលើក្បាលលោក​សាអ៊ូល រួចហើយលោកអោបលោកសាអ៊ូល ទាំងមានប្រសាសន៍ថា៖«ព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកឱ្យដឹកនាំប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ ។

ទំនុកតម្កើងលេខ ២១ (២០),២-៧ បទកាកគតិ

២.បពិតអម្ចាស់រាជាអរណាស់ព្រោះតែប្ញទ្ធានុភាពព្រះអង្គ
ដែលជួយការពារឱ្យព្រះករុណាមានជោគមានជ័យ
៣.ព្រះអង្គប្រទានឱ្យរាជាបានទទួលអ្វីៗទ្រង់មិនបដិសេធ
ពាក្យអង្វរស្តីទៅតាមព្រះទ័យរបស់រាជា
៤.ព្រះអង្គប្រទានពរជ័យឱ្យមានដល់ស្តេចគ្រប់គ្រាទ្រង់ពាក់មកុដមាស
ពីលើសិរសានៃព្រះករុណារុងរឿងប្រណីត
៥.រាជាទូលសូមព្រះអង្គក៏ព្រមប្រទានជីវិតឱ្យព្រះករុណា
ព្រះជន្មវែងពិតដោយគ្មានកំរិតអង្វែងឥតស្រាន្ត
៦.ដោយព្រះអម្ចាស់មានជ័យជំនះរាជាក៏បានទទួលសិរី
រុងរឿងថ្កើងថ្កានអម្ចាស់ប្រទានថ្លៃថ្លាឧត្តម
៧.ព្រះអង្គតែងតាំងរាជាឱ្យនាំព្រះពរសក្តិសមទ្រង់គងជាមួយ
រាជារឹងមាំហើយមានទាំងព្រមអំណរបរិបូណ៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យ​មេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១៣-១៧

ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្តងទៀត។ បណ្តាជនទាំងមូលនាំគ្នាមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទត​ឃើញលោកលេវី ជាកូរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូ​មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងក្រុមសាវ័ក។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ពួកធម្មាចារ្យពីគណៈផារីស៊ីឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ក្រុមសាវ័ក​ថា៖«ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖«មនុស្សមានសុខភាពល្អ មិន​ត្រូវការគ្រូវពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្ស​សុរចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។

200 Views

Theme: Overlay by Kaira