ព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូ
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១៖ សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ !
១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំ ដូចតទៅនេះ ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា : «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ !
ទំនុកតម្កើងលេខ ១១១
បន្ទរទី២៖ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ។ ព្រះអង្គប្រទានអាហារឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ។
(បទពាក្យ ៧)
១- | ចូរលើកតម្កើងព្រះជាម្ចាស់ | ប្រសើរពេកណាស់លើលោកា | |
ខ្ញុំថ្កើងព្រះអង្គហួសសិរសា | ក្នុងហ្វូងមនុស្សណាដែលទៀងត្រង់ | ។ | |
២- | គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ | ប្រសើរពេកណាស់ខ្ពស់ឧត្តុង្គ | |
អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ | ស្វះស្វែងយល់ផងកុំរារែក | ។ | |
៣- | គ្រប់ស្នាព្រះហស្តបានបញ្ចេញ | រស្មីចិញ្ចែងភ្លឺអនេក | |
សេចក្តីសុចរិតល្អពន់ពេក | មិនប្រេះបាក់បែកនៅរហូត | ។ | |
៤- | ព្រះអង្គទ្រង់សព្វព្រះហឫទ័យ | ឱ្យយើងស្រមៃមិនរលត់ | |
ដល់ការអស្ចារ្យខ្ពស់បំផុត | ហឫទ័យអាណិតចិត្តអាសូរ | ។ | |
៥- | ព្រះអង្គប្រទានទាំងអាហារ | ដល់អ្នកវេទនាស្រែកទ្រហោរ | |
អ្នកដែលកោតខ្លាចទ្រង់អាសូរ | សម្ពន្ធមានយូរធ្លាប់មេត្រី | ។ | |
៦- | ព្រះអង្គសម្តែងអានុភាព | ឱ្យរាស្រ្តជ្រួតជ្រាបឥតសង្ស័យ | |
គឺព្រះអង្គបានឱ្យទឹកដី | ប្រជាដទៃមកពួកគេ | ។ | |
៧- | គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ | សុទ្ធតែអំពើល្អឥតរេ | |
សុចរិតយុត្តិធម៌ឥតប្រួលប្រែ | ដូច្នេះគួរតែជឿទាំងស្រុង | ។ | |
៨- | បញ្ជាទាំងនោះឥតចន្លោះ | មិនបាត់មួយសោះស្ថិតគង់វង្ស | |
សុចរិតល្អល្អះភ្លឺត្រចង់ | ក្តីពិតទៀងត្រង់យ៉ាងប្រពៃ | ។ | |
៩- | ព្រះអង្គរំដោះប្រជារាស្រ្ត | ពួកគេទាំងអស់មានសេរី | |
ទ្រង់បានចងសម្ពន្ធមេត្រី | នឹងរាស្រ្តប្រុសស្រីរហូតទៅ | ។ | |
ព្រះនាមព្រះអង្គគង់ទីខ្ពស់ | វិសុទ្ធឥតមោះឥតហ្មងសៅ | ||
បារមីគួរស្ញែងខ្លាចពេកកូវ | រាល់យប់ថ្ងៃត្រូវតែគោរព | ។ | |
១០- | អ្នកណាដែលចង់មានប្រាជ្ញា | គួរតែគិតថាមានប្រភព | |
ប្រាជ្ញានឹងកើតមានសព្វគ្រប់ | បើអ្នកគោរពខ្លាចព្រះម្ចាស់ | ។ | |
អ្នកប្រតិបត្តិតាមប្រាជ្ញានេះ | គេអាចត្រិះរិះបានល្អល្អះ | ||
យើងសូមតម្កើងព្រះអម្ចាស់ | ជាព្រះខ្ពង់ខ្ពស់រហូតទៅ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ។ ព្រះអង្គប្រទានអាហារឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ។
បទលើកតម្កើងតាមលិខិតភីលីព (ភីល ២,៦-១១)
បន្ទរទី៣៖ នេះជាកូនចៀមរបស់ព្រះជាម្ចាស់ នេះជាព្រះអង្គដែលដកបាបនៃពិភពលោក។
៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
៨ | ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
៩ | ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
១០ | ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
១១ | និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ នេះជាកូនចៀមរបស់ព្រះជាម្ចាស់ នេះជាព្រះអង្គដែលដកបាបនៃពិភពលោក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៥,២៥ខ-២៧)
ព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឱ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឱ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ ព្រះអង្គសព្វព្រះហឫទ័យនាំព្រះសហគមន៍នេះមកថ្វាយព្រះអង្គផ្ទាល់ ជាព្រះសហគមន៍ដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឱ្យទៅជាវិសុទ្ធ ឥតសៅហ្មង។
បន្ទរ៖ ព្រះគ្រីស្តបានស្រឡាញ់យើងខ្ញុំ *ព្រះអង្គបានលាងជម្រះអំពើបាបរបស់យើងខ្ញុំ ក្នុងព្រះលោហិតរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
– ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់ជាព្រះបិតារបស់យើង ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។
ពាក្យអង្វរសកល
បងប្អូនជាទីស្រឡាញ់ ! ចូរយើងទូលអង្វរព្រះអម្ចាស់យេស៊ូ ដែលជាទីជម្រកសម្រាប់ព្រលឹងរបស់យើង។ ចូរយើងទូលព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! សូមអាណិតអាសូរយើងខ្ញុំ !
បពិត្រព្រះយេស៊ូ ! នៅពេលគេចាក់ព្រះអង្គដោយលំពែង មានទឹក និងលោហិតហូរចេញមក ដែលបានផ្តល់កំណើតដល់ព្រះសហគមន៍ ជាភរិយារបស់ព្រះអង្គ
—សូមព្រះអង្គលាងសម្អាត និងជម្រះយើងខ្ញុំឱ្យបានវិសុទ្ធផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ មនុស្សលោកបានសម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះបិតាបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ
—សូមព្រះអង្គប្រោសឱ្យព្រះសហគមន៍ធ្វើជាព្រះដំណាក់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះមហាក្សត្រ និងជាចំនុចកណ្តាលនៃបេះដូងមនុស្សលោក។ ព្រះអង្គបានស្រឡាញ់យើងខ្ញុំ ហើយនាំយើងខ្ញុំមកឯព្រះអង្គ ដោយព្រះហឫទ័យស្រឡាញ់ និងមេត្តាករុណា ដែលមិនចេះអស់ —សូមព្រះអង្គបន្តសម្ពន្ធមេត្រីជាមួយនឹងមនុស្សទាំងអស់ផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាសេចក្តីសុខសាន្ត និងជាការសម្រុះសម្រួលរបស់យើងខ្ញុំ។ ព្រះអង្គបង្រួបបង្រួមមនុស្សលោកក្នុងសេចក្តីសុខសាន្ត និងបានបំផ្លាញខ្មាំងសត្រូវនៃសេចក្តីស្លាប់ ដោយសារឈើឆ្កាង —សូមព្រះអង្គបង្ហាញផ្លូវយើងខ្ញុំឆ្ពោះទៅកាន់ព្រះបិតាផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាជីវិត និងជាការរស់ឡើងវិញរបស់យើងខ្ញុំ។ ព្រះអង្គជួយសម្រាលបន្ទុកដល់អ្នកដែលនឿយហត់ ឱ្យបានសម្រាក
—សូមព្រះអង្គទាញមនុស្សបាបទាំងអស់មកឯព្រះអង្គ។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រោះតែព្រះអង្គស្រឡាញ់យើងខ្ញុំ ដោយសេចក្តីស្រឡាញ់ដ៏ធំមហិមា។ ព្រះអង្គបានស្តាប់បង្គាប់រហូតដល់សោយទិវង្គតលើឈើឆ្កាង
—សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលបានលង់លក់ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ មានជីវិតរស់ឡើងវិញផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យរបស់ព្រះបុត្រា និងនឹករឭកដល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គសម្រាប់យើងខ្ញុំ។ សូមព្រះអង្គប្រណីសន្តោសយើងខ្ញុំដោយបង្ហូរព្រះអំណោយទាន តាមមុខរបួសព្រះបេះដូងរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។