ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ ព្រះជាម្ចាស់បានស្រឡាញ់យើង ដោយ​ចិត្ត​ស្រឡាញ់ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។ កាល​ណា​គេ​លើក​ព្រះអង្គឡើង​ពី​ដី ព្រះអង្គនឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ព្រះអង្គ។

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់ ! អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ ! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអម្ចាស់ !
ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ !
តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ !
ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជាជាតិ​ទាំងឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។
តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើនឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត
ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃនិង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។
ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ
ដើម្បី​ឱ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជារាស្ដ្រ​របស់​ព្រះអង្គ។
ព្រះអង្គ​ប្រទាន​ឱ្យ​ស្ត្រីអារ​មាន​កូន
ឱ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ ជា​មួយ​កូនៗ​របស់​នាង។
ហាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់បានស្រឡាញ់យើង ដោយ​ចិត្ត​ស្រឡាញ់ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។ កាល​ណា​គេ​លើក​ព្រះអង្គឡើង​ពី​ដី ព្រះអង្គនឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ព្រះអង្គ។

បន្ទរទី២៖ ចូរ​រៀន​ពីខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។

(បទពាក្យ ៧)

១-ឱព្រះអម្ចាស់អើយខ្ញុំសូមតម្កើងទាំងព្រមដោយចិត្តស្មោះ
ឥតមានលាក់លៀមទុកកៀនកោះបញ្ចេញដោយស្មោះអស់ពីចិត្ត
២-ខ្ញុំសូមសរសើរលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត
ខ្ញុំស្មូតចម្រៀងមានបែបបទឱ្យបានចាំស្ទាត់ពេលនៅរស់
៣-កុំទុកចិត្តពួកមនុស្សលោកមានច្រើនគរគោកចិត្តមិនស្មោះ
កុំទុកចិត្តមេដឹកនាំនោះពុំអាចសង្គ្រោះបានឡើយណា
៤-ពេលដែលដង្ហើមគេត្រូវផុតជីវិតរលត់អស់សង្ខារ
ក្លាយជាធូលីដីអសារទាំងគម្រោងការរលាយព្រម
៥-អ្នកដែលព្រះលោកយ៉ាកុបជួយសង្គ្រោះផុតព្រួយហើយសង្ឃឹម
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹមរស់ដោយញញឹមគ្មានភិតភ័យ
៦-ព្រះអង្គបង្កើតទាំងផ្ទៃមេឃផែនដីល្អឯកធំពេកក្រៃ
សមុទ្រព្រមទាំងអស់អ្វីៗសន្យាថ្លាថ្លៃទ្រង់មិនភ្លេច
៧-ព្រះអង្គរកយុត្តិធម៌ឱ្យដល់អ្នកទន់ខ្សោយមិនកែគេច
ចែកអាហារដល់អ្នកឃ្លានស្រេចហើយទ្រង់សម្រេចលែងអ្នកទោស
៨-ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ហើយលើកអស់អ្នកដែលនៅរស់
អស់ក្តីសង្ឃឹមគ្មានអ្វីសោះស្រឡាញ់អ្នកស្មោះត្រង់ល្អជា
៩-ព្រះម្ចាស់គាំទ្រជនបរទេសមេម៉ាយនិងអស់ក្មេងកំព្រា
តែទ្រង់ធ្វើឱ្យគម្រោងការជនខូចពាលាវិនាសបង់
១០-ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យអស់កល្បជានិច្ចតយូរលង់
ឱក្រុងស៊ីយ៉ូនដ៏រឿងរុងព្រះអ្នកនឹងគ្រងរាជ្យតទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ចូរ​រៀន​ពីខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។

បន្ទរទី៣៖ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែង‌តែ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់ខ្លួន។

១១«បពិត្រ​ព្រះអម្ចាស់​ជា​ព្រះ‌នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សម​នឹង​ទទួល​សិរី‌រុង​រឿង
ព្រះ‌កិត្តិនាម និង​ឫទ្ធា‌នុភាព ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក
អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន ហើយ​នៅ​ស្ថិត‌ស្ថេរ
ដោយ‌សារ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។
គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មីថាៈ “ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង
ហើយ​បក​ត្រា​ផង ព្រោះ​ព្រះ‌អង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា
ព្រះ‌អង្គ​បាន​លោះ​មនុស្សពី​គ្រប់​ពូជ គ្រប់​ភាសា គ្រប់​ប្រជាជន
និង​ពី​គ្រប់​ជាតិ​សាសន៍យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់
ដោយសារ​ព្រះលោហិត​របស់​ព្រះ‌អង្គ។
១០ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យ​គេ​ទៅ​ជា​រាជាណាចក្រ និង​ជា​ក្រុម​បូជាចារ្យបម្រើ​
ព្រះ‌ជាម្ចាស់​របស់​យើង ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែន‌ដី” ។
១២នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថាៈ
«កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើយញ្ញ‌បូជា ព្រះ‌អង្គ​សម​នឹង​ទទួល​ឫទ្ធា‌នុភាព
រាជ​សម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិ‌ឫទ្ធិ ព្រះកិត្តិនាម សិរី‌រុង​រឿង
និង​ការ​សរសើរ​តម្កើង»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែង‌តែ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់ខ្លួន។

ព្រះ‌គ្រីស្ត​បាន​ស្រឡាញ់​ព្រះ‌សហគមន៍ ព្រះអង្គ​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់សម្រាប់​ព្រះ‌សហគមន៍ ដើម្បី​ប្រោស​ឱ្យ​ព្រះ‌សហគមន៍​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​ព្រះ‌បន្ទូល។ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ព្រះ‌សហគមន៍​នេះ​មក​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះ‌សហគមន៍​ដ៏​រុងរឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់ណា​ឡើយ គឺ​ឱ្យ​ទៅ​ជា​វិសុទ្ធ ឥត​សៅ‌ហ្មង។

បន្ទរ៖ ព្រះគ្រីស្តបានស្រឡាញ់យើងខ្ញុំ *ព្រះអង្គបានលាងជម្រះអំពើបាបរបស់យើងខ្ញុំ ក្នុងព្រះលោហិតរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
– ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់ជាព្រះបិតារបស់យើង ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែន‌ដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែន‌ដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ។

បងប្អូនជាទីស្រឡាញ់ ! ចូរយើងទូលអង្វរព្រះអម្ចាស់យេស៊ូ ដែលជាទីជម្រកសម្រាប់ព្រលឹងរបស់យើង។ ចូរយើងទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! សូមអាណិតអាសូរយើងខ្ញុំ !

បពិត្រព្រះយេស៊ូ ! នៅពេលគេចាក់ព្រះអង្គដោយលំពែង មានទឹក និងលោហិតហូរចេញមក ដែលបានផ្តល់កំណើតដល់ព្រះសហគមន៍ ជាភរិយារបស់ព្រះអង្គ
—សូមព្រះអង្គលាងសម្អាត និងជម្រះយើងខ្ញុំឱ្យបានវិសុទ្ធផង។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ មនុស្សលោកបានសម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះបិតាបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ
—សូមព្រះអង្គប្រោសឱ្យព្រះសហគមន៍ធ្វើជាព្រះដំណាក់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះមហាក្សត្រ និងជាចំនុចកណ្តាលនៃបេះដូងមនុស្សលោក។ ព្រះអង្គបានស្រឡាញ់យើងខ្ញុំ ហើយនាំយើងខ្ញុំមកឯព្រះអង្គ ដោយព្រះហឫទ័យស្រឡាញ់ និងមេត្តាករុណា ដែលមិនចេះអស់ —សូមព្រះអង្គបន្តសម្ពន្ធមេត្រីជាមួយនឹងមនុស្សទាំងអស់ផង។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រះអង្គជាសេចក្តីសុខសាន្ត និងជាការសម្រុះសម្រួលរបស់យើងខ្ញុំ។ ព្រះអង្គបង្រួបបង្រួមមនុស្សលោកក្នុងសេចក្តីសុខសាន្ត និងបានបំផ្លាញខ្មាំងសត្រូវនៃសេចក្តីស្លាប់ ដោយសារឈើឆ្កាង —សូមព្រះអង្គបង្ហាញផ្លូវយើងខ្ញុំឆ្ពោះទៅកាន់ព្រះបិតាផង។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រះអង្គជាជីវិត និងជាការរស់ឡើងវិញរបស់យើងខ្ញុំ។ ព្រះអង្គជួយសម្រាលបន្ទុកដល់អ្នកដែលនឿយហត់ ឱ្យបានសម្រាក
—សូមព្រះអង្គទាញមនុស្សបាបទាំងអស់មកឯព្រះអង្គ។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រោះតែព្រះអង្គស្រឡាញ់យើងខ្ញុំ ដោយសេចក្តីស្រឡាញ់ដ៏ធំមហិមា។ ព្រះអង្គបានស្តាប់បង្គាប់រហូតដល់សោយទិវង្គតលើឈើឆ្កាង
—សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលបានលង់លក់ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ មានជីវិតរស់ឡើងវិញផង។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យរបស់ព្រះបុត្រា និងនឹករឭកដល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គសម្រាប់យើងខ្ញុំ។ សូមព្រះអង្គប្រណីសន្តោសយើងខ្ញុំដោយបង្ហូរព្រះអំណោយទាន តាមមុខរបួសព្រះបេះដូងរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

14 Views

Theme: Overlay by Kaira