ថ្ងៃពុធ
Wednesday
ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!
យើងខ្ញុំទាំងអស់គ្នាអររីករាយ
១ | យើងខ្ញុំទាំងអស់គ្នាអររីករាយ | ដោយបានជួបជុំគ្នានៅទីនេះ | |
ដើម្បីបន្លឺសូរស័ព្ទចម្រៀង | ច្រៀងថ្វាយព្រះម្ចាស់អស់ពីឱរា | ។ | |
២ | យើងខ្ញុំសូមជឿជាក់ប្រាកដមែន | ព្រះអង្គគង់សណ្ឋិតនៅទីនេះ | |
យើងខ្ញុំសូមលើកហត្ថឡើងវន្ទា | ក្រាបថ្វាយបង្គំព្រះមហាក្សត្រ | ។ | |
៣ | យើងខ្ញុំសូមស្រឡាញ់ព្រះអម្ចាស់ | ដែលបានផ្តល់ជីវ៉ាឱ្យយើងខ្ញុំ | |
ហេតុនេះយើងខ្ញុំសូមធ្វើសច្ចា | ស្រឡាញ់ព្រះម្ចាស់ស្រឡាញ់បងប្អូន | ។ | |
៤ | យើងខ្ញុំសូមសង្ឃឹមលើព្រះអង្គ | សង្ឃឹមថាព្រះអង្គរំដោះទុក្ខ | |
សង្ឃឹមបានចូលស្ថានបរមសុខ | សប្បាយរីករាយអស់កល្បជានិច្ច | ។ |
ទំនុកតម្កើងលេខ ៣១ ឱ!ព្រះអម្ចាស់អើយ! ខ្ញុំសូមប្រគល់ចិត្ដខ្ញុំទៅក្នុងព្រះហស្ដព្រះអង្គ
«ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ»។ (លក ២៣,៦)
រដូវធម្មតា | ព្រះអម្ចាស់ជាសិលា និងជាកំពែងការពារទូលបង្គំ។ |
រដូវរង់ចាំ | អាយុជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំ។ |
រដូវបុណ្យណូអែល | ខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត។ |
រដូវត្រណម | ឱ!ព្រះដ៏សុចរិតអើយ! សូមមករំដោះទូលបង្គំជាប្រញាប់។ |
រដូវបុណ្យចម្លង | អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! |
២ | បពិត្រព្រះអម្ចាស់ ទូលបង្គំសូមជ្រកក្រោមម្លប់ព្រះបារមីព្រះអង្គ សូមកុំឱ្យទូលបង្គំខកចិត្តឡើយ |
៣ | ឱ!ព្រះដ៏សុចរិតអើយ! សូមរំដោះទូលបង្គំផង។ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមមករំដោះទូលបង្គំជាប្រញាប់! |
៤ | សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង!។ ដ្បិតព្រះអង្គជាសិលា និងជាកំពែងការពារទូលបង្គំ |
៥ | សូមដឹកដៃនាំផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ។ សូមប្រោសឱ្យទូលបង្គំបានរួចពីអន្ទាក់ដែលពួកគេដាក់ចាំចាប់ទូលបង្គំ។ |
ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំហើយ។ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គវិញ។ | |
៧ | បពិត្រព្រះអម្ចាស់ ជាព្រះដែលអាចទុកចិត្តបាន ព្រះអង្គបានដោះលែងទូលបង្គំ។ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គហើយ ទូលបង្គំស្អប់អស់អ្នកដែលបម្រើព្រះក្លែងក្លាយ។ |
៨ | ទូលបង្គំមានចិត្តត្រេកអរសប្បាយជាខ្លាំង ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ ព្រះអង្គជ្រាបថា ទូលបង្គំមានទុក្ខលំបាក។ |
៩ | ព្រះអង្គមិនបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងកណ្តាយរបស់ខ្មាំងសត្រូវឡើយ។ ព្រះអង្គប្រទានឱ្យទូលបង្គំមានសេរីភាព និងងើបឡើងវិញ។ សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន។ |
ទំនុកតម្កើងលេខ ៣១(៣០) បទកាកគតិ
២ | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | សូមជ្រកក្រោមម្លប់ |
ជារៀងរហូត | ឥតមានឈរឈប់ | ទាំងថ្ងៃទាំងយប់ | |
សូមរំដោះផង | ។ | ||
៣ | សូមទ្រង់ផ្ទៀងស្តាប់ | ពាក្យខ្ញុំរៀបរាប់ | មិនឱ្យមានឆ្គង |
សូមរំដោះខ្ញុំ | ឱ្យឆាប់តែម្តង | ជាកំពែងផង | |
សង្គ្រោះរូបខ្ញុំ | ។ | ||
៤ | ទ្រង់ជាសិលា | កំពែងថ្មដា | ពាំងទូលបង្គំ |
សូមជួយដឹកនាំ | ឆ្លងផ្លូវតូចធំ | តម្រង់ទិសខ្ញុំ | |
ដោយយល់ព្រះនាម | ។ | ||
៥ | សូមប្រោសឱ្យរួច | ពីពួកមនុស្សខូច | ពួនឃ្លាំចាំយាម |
សូមជួយរំដោះ | ពីអន្ទាក់ភ្លាម | ដ្បិតតែព្រះនាម | |
ទ្រង់ជួយការពារ | ។ | ||
៦ | ខ្ញុំសូមប្រគល់ | វិញ្ញាណនិមល | ថ្វាយអង្គក្សត្រា |
ទៅក្នុងព្រះហស្ត | ព្រះម្ចាស់ហើយណា | ព្រោះព្រះអង្គជា | |
ព្រះទុកចិត្តបាន | ។ | ||
៧ | ទូលបង្គំសូមផ្ញើ | ជីវិតទៅលើ | ព្រះម្ចាស់ថ្កើងថ្កាន |
ហើយខ្ញុំក៏ស្អប់ | មនុស្សចិត្តសាមាន្យ | ស្មោះស្ម័គ្រផ្ញើប្រាណ | |
លើព្រះក្លែងក្លាយ | ។ | ||
៨ | ចិត្តខ្ញុំស្រស់ថ្លា | អរឥតឧបមា | រីករាយសប្បាយ |
ដោយសារព្រះអង្គ | ទ្រង់មានព្រះទ័យ | ករុណាប្រណី | |
ពេលខ្ញុំវេទនា | ។ | ||
៩ | ទ្រង់មិនបណ្តោយ | ឱ្យរូបខ្ញុំធ្លោយ | ខ្លោចផ្សាគ្រាំគ្រា |
ធ្លាក់ទៅក្នុងដៃ | របស់បច្ចា | សូមទ្រង់ករុណា | |
មេត្តាប្រណី | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃឯក | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
ទំនុកតម្កើងលេខ ១៣០ ព្រះអង្គតែងតែអត់ទោសជានិច្ច
ព្រះយេស៊ូនឹងសង្គ្រោះប្រជារាស្រ្ដព្រះអង្គឱ្យរួចពីបាបរបស់គេ (មថ ១,២១)។
បន្ទរៈ ព្រះអង្គតែងតែអត់ទោសឱ្យយើងខ្ញុំជានិច្ច។ ខ្ញុំផ្ញើជីវិតលើព្រះអង្គទាំងស្រុង។
១ | បពិត្រព្រះអម្ចាស់! ទូលបង្គំស្រែកអង្វរព្រះអង្គពីក្នុងរណ្ដៅដ៏ជ្រៅ |
២ | ឱ!ព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្តាប់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទទូចអង្វររបស់ទូលបង្គំផង! |
៣ | បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គចងចាំកំហុសរបស់យើងខ្ញុំទុកនោះ គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។ |
៤ | ប៉ុន្តែ ព្រះអង្គតែងតែអត់ទោសឱ្យយើងខ្ញុំជានិច្ច ដូច្នេះ យើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។ |
៥ | ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គទាំងស្រុង។ ខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ |
៦ | ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត។ |
៧ | អ៊ីស្រាអែលអើយ! ចូរទុកចិត្តលើព្រះអម្ចាស់ ដ្បិតព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច! |
៨ | ព្រះអង្គនឹងរំដោះអ៊ីស្រាអែលឱ្យរួចពីកំហុសទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងលេខ ១៣០ (១២៩) បទពាក្យ ៧
១ | បពិត្រព្រះជាអម្ចាស់អើយ | ខ្ញុំស្រែកដង្ហើយរកព្រះអង្គ | |
ពីក្នុងរណ្តៅជ្រៅកន្លង | មេត្តាជួយផងផុតពីស្លាប់ | ។ | |
២ | សំឡេងខ្ញុំឮដូចចំរៀង | សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ | |
ពាក្យខ្ញុំអង្វរទទូចប្រាប់ | រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស | ។ | |
៣ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | បើព្រះអង្គចាំពីកំហុស | |
អំពើបាបកម្មជនស្រីប្រុស | គ្មានម្នាក់ណាសោះរួចខ្លួនឡើយ | ។ | |
៤ | ប៉ុន្តែព្រះអង្គតែងអត់ទោស | ប្រណីសន្តោសខ្ញុំធូរស្បើយ | |
រួចផុតទុក្ខទោសបានល្ហែល្ហើយ | គឺព្រះអង្គហើយខ្ញុំគោរព | ។ | |
៥ | ខ្ញុំទុកចិត្តលើព្រះអម្ចាស់ | ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់ | |
សង្ឃឹមលើព្រះបន្ទូលគាប់ | មិនឈរមិនឈប់ទេព្រះអង្គ | ។ | |
៦ | ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ | ជាងអ្នកយាមផ្ទះទៅទៀតផង | |
ពេលឃើញថ្ងៃរះស្រស់បំព្រង | រួចផុតទុក្ខផងមួយរាត្រី | ។ | |
៧ | ឱ! អ៊ីស្រាអែលសូមទុកចិត្ត | ព្រះល្អវិសុទ្ធដោយព្រះទ័យ | |
មេត្តាករុណាត្រាប្រណី | ទ្រង់សព្វព្រះទ័យជួយជានិច្ច | ។ | |
៨ | ព្រះអង្គរំដោះអ៊ីស្រាអែល | ពីកំហុសដែលមានច្រើនតិច | |
គេបានប្រព្រឹត្តជាប់ជានិច្ច | ព្រះអង្គសម្រេចបានសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អភ ៤,៣០.៣២
កុំធ្វើឱ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។ ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្តោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្តោសបងប្អូន ដោយសារព្រះគ្រឹស្តដែរ។
បន្ទរ: ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ។
- ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ ព្រះអង្គជ្រាបថា ទូលបង្គំមានទុក្ខលំបាក។
- សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២
រដូវធម្មតា | បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុង ដេកលង់លក់។ ដូច្នេះ យើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រីស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។ |
២៩ | «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅដោយសុខសាន្តផងចុះ |
៣០ | ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ |
៣១ | ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ |
៣២ | គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។ |
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)
២៩ | “បពិត្រព្រះម្ចាស់ជាចៅហ្វាយ | ពេលនេះឯងហើយទ្រង់សម្រេច | |
តាមព្រះបន្ទូលគ្មានកលកិច្ច | សន្យាឥតភ្លេចលុះឥឡូវ | ។ | |
ដូច្នេះសូមឱ្យរូបខ្ញុំជា | បំរើគ្រប់គ្រាផុតហ្មងសៅ | ||
សូមឱ្យខ្ញុំចាកលោកនេះទៅ | ខ្ញុំបានជួបនូវក្តីសុខសាន្ត | ។ | |
៣០ | ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ | ពីការសង្គ្រោះមិនដែលខាន | |
៣១ | ដែលព្រះអង្គទ្រង់ប្រោសប្រទាន | ដល់ប្រជាជនគ្រប់ជាតិសាសន៍ | ។ |
៣២ | គឺជាពន្លឺដែលនាំឱ្យ | គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់ | |
និងជាសិរីរុងរឿងច្បាស់ | អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះរាជបុត្រា ព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូជាអម្ចាស់! នឹមរបស់ព្រះអង្គស្រួល ហើយបន្ទុកដែលព្រះអង្គដាក់លើយើងខ្ញុំក៏ស្រាលដែរ។ ដូច្នេះ យើងខ្ញុំសូមប្រគល់បន្ទុកដែលយើងខ្ញុំមាននៅថ្ងៃនេះ ទៅក្នុងព្រះហស្ដព្រះអង្គវិញ សូមឱ្យយើងខ្ញុំបានសម្រាកនៅក្បែរព្រះអង្គ ដោយព្រះអង្គសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
សូមព្រះដ៏មានតេជានុភាពសព្វប្រការ បណ្តេញសេចក្ដីអាក្រក់ទាំងប៉ុន្មានឱ្យឃ្លាតឆ្ងាយពីយើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំបានទទួលព្រះពរពីព្រះអង្គវិញ។