ថ្ងៃសុក្រ
Friday

ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

ទូលព្រះបង្គំខ្ញុំ

បន្ទរទូលព្រះបង្គំខ្ញុំ ទៅដល់ដំណាក់ព្រះម្ចាស់ទ្រង់ធ្វើឱ្យខ្ញុំរីករាយ
សូមព្រះម្ចាស់វិនិច្ឆ័យទូលបង្គំហើយកាត់ក្ដីប្រទានឱ្យទូលបង្គំ
ព្រះអង្គបានផ្ដល់កម្លាំងឱ្យខ្ញុំមែនតើហេតុអ្វីក៏ខ្ញុំធ្លាក់ខ្លួនទន់ខ្សោយ
សូមព្រះម្ចាស់បំភ្លឺចិត្ដខ្ញុំឱ្យជឿដឹកនាំខ្ញុំដើរតម្រង់រកព្រះអង្គ

ទំនុកតម្កើងលេខ ៨៨ ពេលយប់ខ្ញុំស្រែកហៅព្រះអង្គ

ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលព្រះម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច (លក ២២,៥៣)។
រដូវធម្មតា ទូលបង្គំស្រែកហៅព្រះអង្គទាំងថ្ងៃទាំងយប់។
រដូវរង់ចាំទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ។
រដូវបុណ្យណូអែលបពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះសង្គ្រោះនៃទូលបង្គំ។
រដូវត្រណមហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រពីទូលបង្គំ?
រដូវបុណ្យចម្លងអាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ជាព្រះសង្រ្គោះនៃទូលបង្គំ!
ពេលថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ
ទូលបង្គំស្រែកហៅព្រះអង្គទាំងយប់ទាំងថ្ងៃ។
សូមឱ្យពាក្យអង្វររបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ!
សូមផ្ទៀងព្រះកាណ៌ស្តាប់សូរសម្រែករបស់ទូលបង្គំផង!
ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា
សេចក្តីស្លាប់ខិតមកជិតទូលបង្គំហើយ។
គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សស្លាប់
ឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលផុតជីវិត
ទូលបង្គំដេកស្ដូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ
គីដូចអ្នកដែលព្រះអង្គលែងនឹកនា និងលែងជួយទៀត។
ព្រះអង្គបានបោះបង់ទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅ
ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។
ព្រះពិរោធរបស់ព្រះអង្គសង្កត់ទូលបង្គំ
ដូចទឹករលកបក់បោកមកលើទូលបង្គំ។
ព្រះអង្គបានធ្វើឱ្យអស់អ្នកដែលជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
ព្រះអង្គធ្វើឱ្យអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។
១០ភ្នែកទូលបង្គំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក
បពិត្រព្រះអម្ចាស់! ទូលបង្គំស្រែកអង្វរព្រះអង្គជារៀងរាល់ថ្ងៃ!
ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ!
១១តើព្រះអង្គធ្លាប់ធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់ឬ?
តើមនុស្សដែលស្លាប់ទៅហើយ នឹងក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ?
១២តើអ្នកដែលនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ
អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ?
១៣តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឫ?
តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ
អាចស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គដូចម្តេចបាន?
១៤ឱ!ព្រះអម្ចាស់អើយ! ទូលបង្គំស្រែកហៅព្រះអង្គ
ទូលបង្គំចូលមកអង្វរចំពោះព្រះភក្ត្រព្រះអង្គតាំពីព្រឹក។
១៥ឱ!ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រពីទូលបង្គំ?
១៦ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម្លេះ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។
១៧ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ សង្កត់មកលើទូលបង្គំ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។
១៨ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំ
ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
១៩ព្រះអង្គបានដេញមិត្តភក្តិ ព្រមទាំងអ្នកជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
មានតែភាពងងឹតប៉ុណ្ណោះដែលនៅជាមួយទូលបង្គំ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ៨៨ (៨៧) បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់ទ្រង់ជាព្រះសង្គ្រោះខ្ញុំ
ថ្ងៃយប់ខ្ញុំស្រែកយំអង្វរសុំក្តីមេត្តា
សូមឱ្យពាក្យអង្វរខ្ញុំឮខ្ទ័រដល់សោតា
សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ផងណាសូរសម្រែក
ព្រោះដ្បិតទូលបង្គំមានទុក្ខធំខ្លាំងអនេក
ខ្លោចផ្សាជាពន់ពេកក្តីស្លាប់ស្រែកហៅកៀកកិត?
គេចាត់ទុករូបខ្ញុំក្នុងចំណោមអ្នកដែលជិត
ហៀបនឹងអស់ជីវិតឬនៅជិតអ្នកដែលស្លាប់
ខ្លួនខ្ញុំដេកស្តូកស្តឹងគ្មានទីពឹងសែនអួរអាប់
បីដូចមនុស្សស្លាប់ទ្រង់លែងរាប់រកនឹកនា
ព្រះអង្គបានបង់បោះរូបខ្ញុំរស់នៅកំព្រា
ឱ្យរងទុក្ខវេទនាសែនរងាក្នុងរណ្តៅ
ព្រះពិរោធព្រះអង្គសង្កត់ចងខ្ញុំទុកនៅ
ដូចទឹកបោកសំដៅរារាំងផ្លូវទូលបង្គំ
ព្រះអង្គឱ្យអស់អ្នកដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ
ឆ្ងាយពីទូលបង្គំទាំងស្អប់ខ្ពើមថែមទៀតផង
១០ភ្នែកខ្ញុំប្រែស្រវាំងវេទនាខ្លាំងពេកកន្លង
ខ្ញុំអង្វរព្រះអង្គលើកដៃផងសូមប្រណី
១១តើមនុស្សដែលស្លាប់ទៅនឹងនិត្យនៅក្រោកឃ្មាតខ្មី
តម្កើងជោគសិរីព្រះអង្គថ្លៃកើតឬទេ?
១២តើអ្នកនៅក្នុងផ្នូរអាចថ្លែងអរគិតរិះរេ
ពីព្រះទ័យស្និទ្ធស្នេហ៍ព្រះអង្គដែរកើតទេឬ ?
១៣តើពួកអ្នកដែលស្ថិតទីងងឹតអាចដឹងឮ
ស្គាល់ស្នាដៃរន្ទឺព្រះអង្គឬ ដូចម្តេចបាន ?
១៤ឱព្រះអម្ចាស់អើយខ្ញុំដង្ហោយឥតស្រាកស្រាន្ត
អង្វរម្ចាស់ថ្កើងថ្កានលំឱនប្រាណតាំងពីព្រឹក
១៥ឱព្រះអម្ចាស់អើយហេតុម្តេចឡើយទ្រង់មិននឹក
ចោលខ្ញុំឱ្យវរវឹកមិននានឹកខ្ញុំយ៉ាងនេះ ?
១៦ខ្ញុំលំបាកកាយាជិតមរណាពីក្មេងម៉េ្លះ
ព្រះអង្គធ្វើយ៉ាងនេះឱ្យខ្ញុំអស់ក្តីសង្ឃឹម
១៧ព្រះពិរោធព្រះអង្គសង្កត់ត្រង់លើរូបខ្ញុំ
ធ្វើឱ្យទូលបង្គំភ័យអួលងំបាត់ស្មារតី
១៨ទុក្ខទោសនេះដូចជាផ្ទៃជលសាធំពេកក្រៃ
ឡោមព័ទ្ធខ្ញុំរាល់ថ្ងៃគ្មានប្រណីគ្របពីលើ
១៩ព្រះអង្គបានដេញមិត្តធ្លាប់ជិតស្និទ្ធមិនអើពើ
ចេញឆ្ងាយលែងងាកមើលខ្ញុំស្ទាក់ស្ទើរនៅកំព្រា
រូបខ្ញុំប្រែធុញងប់លំបាកសព្វវេទនា
ឃើញតែភាពអន្ធិកានៅជាគ្នាជាប់រហូត
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ១៤,៧.៩)

ឱ!ព្រះអម្ចាស់អើយ! យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតដល់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។ ឱ!ព្រះអម្ចាស់អើយ ព្រះអង្គគង់នៅកណ្តាលចំណោមយើងខ្ញុំស្រាប់ហើយ យើងខ្ញុំជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ សូមកុំបោះបង់យើងខ្ញុំឡើយ។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • អាយុជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ថរបស់ព្រះអង្គ សូមរំដោះទូលបង្គំផង។
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

រដូវធម្មតា
បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុង
ដេកលង់លក់ ដូច្នេះ យើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។
២៩«បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រេច​តាមព្រះ‌បន្ទូល​សន្យា​ហើយ។
ដូច្នេះ សូម​ឱ្យទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ
៣០ដ្បិត​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ
៣១ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជា‌ជាតិ​ទាំង​អស់
៣២គឺ​ជា​ពន្លឺ​ដែល​នាំ​ឱ្យ​មនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គ
និង​ជា​សិរី‌រុង​រឿង​របស់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ»។
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)

២៩“បពិត្រព្រះម្ចាស់ជាចៅហ្វាយពេលនេះឯងហើយទ្រង់សម្រេច
តាមព្រះបន្ទូលគ្មានកលកិច្ចសន្យាឥតភ្លេចលុះឥឡូវ
ដូច្នេះសូមឱ្យរូបខ្ញុំជាបំរើគ្រប់គ្រាផុតហ្មងសៅ
សូមឱ្យខ្ញុំចាកលោកនេះទៅខ្ញុំបានជួបនូវក្តីសុខសាន្ត
៣០ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ពីការសង្គ្រោះមិនដែលខាន
៣១ដែលព្រះអង្គទ្រង់ប្រោសប្រទានដល់ប្រជាជនគ្រប់ជាតិសាសន៍
៣២គឺជាពន្លឺដែលនាំឱ្យគ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់
និងជាសិរីរុងរឿងច្បាស់អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ
សូមកោតសរសើរព្រះបិតាព្រះរាជបុត្រា ព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! សូមឱ្យការរស់ឡើងវិញដ៏ត្រចះត្រចង់របស់ព្រះគ្រឹស្ត បំភ្លឺចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចជៀសផុតពីសេចក្តីស្លាប់ ហើយទទួលពន្លឺដ៏អស់កល្បជានិច្ចក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ យើងខ្ញុំសូមទូលអង្គរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះអម្ចាស់ដែលបានសង្គ្រោះយើងខ្ញុំ ដោយសោយទិវង្គតលើឈើឆ្កាង គង់នៅជាមួយយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានជីវិតរស់ឡើងវិញ ហើយទទួលជីវិតដ៏បរិបូណ៌ផង។ អាម៉ែន។


ថ្ងៃសៅរ៍

Saturday

ថ្ងៃអាទិត្យ

Sunday

ថ្ងៃចន្ទ

Monday

ថ្ងៃអង្គារ

Tuesday

ថ្ងៃពុធ

Wednesday

ថ្ងៃព្រហស្បតិ៍

Thursday

ថ្ងៃសុក្រ

Friday

708 Views

Theme: Overlay by Kaira