លោកបូជាចារ្យ ហ្រ្វង់ស្វ័រ ប៉ុងសូដ៍
អស់មួយជីវិតសម្រាប់បេសកកម្មប្រកាសដំណឹងល្អ និងកិច្ចការមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា
លោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ជាបូជាចារ្យក្នុងក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (Missions Étrangères de Paris, MEP)។ លោកកើតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅសាឡង់ ប្រទេសបារាំង ជាកូនទី៧ក្នុងចំណោមបងប្អូន១២នាក់។ លោកគឺជាបុគ្គលម្នាក់ដ៏មានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា ទាំងខាងព្រះសហគមន៍កាតូលិក និងខាងសង្គមខ្មែរ។ លោកបានរស់នៅ និងបម្រើបេសកកម្មក្នុងប្រទេសនេះអស់រយៈពេល៥៦ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៦៥ ដល់ឆ្នាំ២០២១។ ដោយសារបញ្ហាសុខភាព និងចាស់ជរា លោកបានត្រឡប់ទៅរស់នៅក្នុងមណ្ឌលមើលថែទាំលោកបូជាចារ្យចូលនិវត្តន៍របស់ក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស នៅឡូរីស ភាគខាងត្បូងនៃប្រទេសបារាំង រហូតដល់ទទួលមរណភាពនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងវ័យ៨៥ឆ្នាំ។
បេសកកម្មប្រកាសដំណឹងល្អ
បន្ទាប់ពីបានចូលទេវវិទ្យាល័យនៅក្នុងភូមិភាគអានស៊ី លោកបានធ្វើជាទាហានឆ័ត្រយោងនៅប្រទេសអាល់ស្សេរីអស់រយៈពេល២ឆ្នាំ៦ខែ។ នៅឆ្នាំ១៩៥៧ លោកបានសម្រេចចិត្តចូលក្នុងក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP) និងបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី១២ ខែកក្ដដា ឆ្នាំ១៩៦៤ ដោយទទួលបេសកកម្មបម្រើព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា។ លោកបានចេញដំណើរតាមកប៉ាល់មកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៦៥។ នៅឆ្នាំដដែលនេះ ព្រះសហគមន៍កាតូលិកបិទបញ្ចប់អង្គមហាសន្និបាតវ៉ាទីកង់ទី២ (១៩៦២-១៩៦៥)។ ចាប់តាំងពីពេលនោះមក ព្រះសហគមន៍កាតូលិកទូទាំងពិភពលោកបានចាប់ផ្តើមយកចិត្តទុកដាក់លើការបកប្រែព្រះគម្ពីរ និងក្បួនពិធីបុណ្យតាមភាសាជាតិសាសន៍នីមួយៗ។ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ចាប់ផ្ដើមរៀនភាសាខ្មែររហូតដល់ឆ្នាំ១៩៦៨ នៅជ្រោយចង្វារ មាត់ក្រសាស់ ស្ទឹងត្រែង និងបាត់ដំបង។ នៅឆ្នាំ១៩៦៦ ក្នុងអំឡុងពេលកំពុងរៀនភាសា លោកបានចូលរួមទទួលខុសត្រូវបម្រើសកម្មភាពព្រះសហគមន៍កិច្ច (Pastoral) លើផ្នែកបកប្រែឯកសារ។ នៅចុងឆ្នាំ១៩៦៧ លោកបានបញ្ចប់ការបកប្រែឯកសារចាំបាច់ជាភាសាខ្មែរសម្រាប់ពិធីបុណ្យប្រចាំថ្ងៃអាទិត្យ ដោយមានលោក ឌុល ឌីមជាជំនួយការ។ ឆ្នាំ១៩៦៧ នៅបាត់ដំបង លោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ បានសហការជាមួយលោកឪពុក ស៊ីម៉ូន ឆែមយិន តាក់តែងកូនសៀវភៅអប់រំជំនឿក្រោមចំណងជើង «អំពីព្រះ» ដែលបកប្រែពីសៀវភៅអប់រំជំនឿរបស់លោកឪពុក ឡេអុង ហ្គាណាស់ ដែលត្រួតពិនិត្យដោយលោកអភិបាល ប៉ូល ទេពអ៊ីម។ នៅឆ្នាំ១៩៦៩ លោកបានសហការជាមួយលោកឪពុក ក្លូដ មុងវើញ៉ា តាក់តែងសៀវភៅអប់រំជំនឿក្រោមចំណងជើង «ចូរយើងស្វែងរកព្រះជាម្ចាស់» ដែលដកស្រង់ចេញពីសៀវភៅអប់រំជំនឿ «Fonds commun» របស់ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកបារាំង។ សៀវភៅអប់រំជំនឿទាំងពីរនេះបោះពុម្ពជាសៀវភៅសម្រាប់អ្នកណែនាំជំនឿ ដោយមានការអនុញ្ញាតពីលោកអភិបាល អន់ដ្រេ ឡឺស្វែហ្វ។ សៀវភៅទាំងពីរនេះប្រើប្រាស់នៅក្នុងជំរំជនភៀសខ្លួនខ្មែរនៅប្រទេសថៃរហូតដល់ឆ្នាំ១៩៨៥។
នៅរវាងឆ្នាំ១៩៦៩-១៩៧៥ លោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ បានបម្រើការងារនៅព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។ នៅចន្លោះសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ លោក និងលោកឪពុក យ៉ូសែប ឆ្មារ សាឡាស់ រួមជាមួយលោក ឌុល ឌីម ជាជំនួយការ បានសហការគ្នាយ៉ាងខ្លាំងដើម្បីរិះគិតបង្កើតពាក្យថ្មីសម្រាប់ការបកប្រែអត្ថបទព្រះគម្ពីរសម្ពន្ធមេត្រីចាស់នៅក្នុងពិធីបុណ្យ កណ្ឌគម្ពីរដំណឹងល្អតាមសន្តម៉ាកុស និងសៀវភៅក្រោមចំណងជើង «ដំណើរស្វែងរកពន្លឺ» ជាដើម។ ចាប់ពីពាក់កណ្តាលឆ្នាំ១៩៧០ ការបណ្តុះបណ្តាលអ្នកណែនាំអប់រំជំនឿបានចាប់ផ្តើមដំណើរការនៅជ្រោយចង្វារ បន្ទាប់មកនៅព្រះវិហារសន្តអង់ តូន (អ៊ូឡាំពិច) និងបន្ទាប់មកទៀតនៅទឹកល្អក់ ដោយមានអ្នកណែនាំអប់រំជំនឿ៥-៦នាក់។ នៅឆ្នាំ១៩៧៣ មណ្ឌលអប់រំជំនឿ បកប្រែ និងបោះពុម្ពត្រូវបានបង្កើតឡើងនៅសាលា មីស។ កិច្ចសហការបកប្រែព្រះគម្ពីរសម្ពន្ធមេត្រីថ្មីរវាងព្រះសហគមន៍កាតូលិកនៅកម្ពុជា ជាមួយសមាគមគម្ពីរសកល (United Bible Societies, UBS) បានចាប់ផ្តើមដំណើរការឡើងនៅឆ្នាំ១៩៧៤។ ប៉ុន្តែ ស្របពេលជាមួយគ្នាភ្លើងសង្រ្គាមកាន់តែឆេះសន្ធោសន្ធៅខ្លាំងឡើងបណ្តាលគ្រប់សកម្មភាពការងាររបស់មណ្ឌលនេះត្រូវបញ្ឈប់នៅខែមេសា ឆ្នាំ១៩៧៥។ លោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍បានចាកចេញទៅប្រទេសបារាំងដោយនាំយកអត្ថបទព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ៤ជំពូក ដែលបានបកប្រែជាភាសាខ្មែរ ដើម្បីបន្តការបកប្រែនៅពេលខាងមុខ។ ចាប់ពីឆ្នាំ១៩៨៤ ការងារបកប្រែព្រះគម្ពីរជាភាសាខ្មែរសម្រាយអន្តរនិកាយរវាងព្រះសហគមន៍កាតូលិក និងសមាគមគម្ពីរសកលបានចាប់ផ្តើមបន្តសកម្មភាពឡើងវិញនៅប្រទេសបារាំង នៅជំរំជនភៀសខ្លួន និងនៅប្រទេសកម្ពុជារហូតបានបោះពុម្ពគម្ពីរសម្ពន្ធមេត្រីថ្មី២៧កណ្ឌនៅឆ្នាំ១៩៩៣ សម្ពន្ធមេត្រីចាស់និងថ្មី៦៦កណ្ឌនៅឆ្នាំ១៩៩៧ និងសម្ពន្ធមេត្រីចាស់និងថ្មី៧៣កណ្ឌនៅឆ្នាំ១៩៩៨។
ចាប់តាំងពីឆ្នាំ១៩៨៥ នៅក្នុងជំរំជនភៀសខ្លួនមានមនុស្សពេញវ័យជាច្រើនចូលអប់រំជំនឿ លោកបូជាចារ្យ ហ្រ្វងស្វ័រ ប៉ុងសូដ៍ និងបងស្រី ហ្ស៊ីលប៊ែត ម៉ាសុង បានរៀបចំសៀវភៅអប់រំជំនឿ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់នេះ។ ក្រោយព្រឹត្តិការណ៍ ចុះសន្ធិសញ្ញាសន្តិភាពនៅទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតឆ្នាំ១៩៩៣ ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាចាប់ផ្តើមប្រសើរឡើង។ នៅខែឧសភា លោកឪពុក ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ បានវិលត្រឡប់មកស្នាក់នៅក្នុងព្រះវិហារសន្តយ៉ូសែប ផ្សារតូច ប្រទេសកម្ពុជាវិញ។ លោកបានបង្រៀនព្រះគម្ពីរនៅទេវវិទ្យាល័យបាត់ដំបង និងរៀបចំសៀវភៅសេចក្តីអត្ថាធិប្បាយកណ្ឌព្រះគម្ពីរមួយចំនួន និងរៀបរៀងអត្ថបទព្រះគម្ពីរសម្រាប់ថ្ងៃអាទិត្យជាមួយក្រុមសហការី ដោយមានការត្រួតពិនិត្យពីលោកអភិបាល ឡឺ ស្វែហ្វ។
ឆ្នាំ១៩៩៥ មានលោកបូជាចារ្យថ្មីៗច្រើននាក់បានមកដល់ប្រទេសកម្ពុជា។ ព្រះសហគមន៍បានទិញគេហដ្ឋានមួយនៅសង្កាត់ទួលគោក។ ក្រុមប្រឹក្សាភិបាលព្រះសហគមន៍បានស្នើសុំលោកឪពុក ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ បើកសាលាបង្រៀនភាសាខ្មែរសម្រាប់ជនបរទេស និងបំពេញការងាររបស់លោកនៅទីនោះ។ លោកនៅតែបន្តតែងសេចក្តីអត្ថាធិប្បាយព្រះគម្ពីរ និងអត្ថបទគម្ពីរឯទៀតៗជាច្រើន។ ឆ្នាំ១៩៩៧ លោក និងបងស្រី ហ្ស៊ីលប៊ែត៍ បានចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលអប់រំជំនឿ នៅខេត្តកំពង់ធំ បាត់ដំបង ចំការទៀង ក្រុងព្រះសីហនុ និងកន្លែងផ្សេងៗទៀត ដើម្បីណែនាំក្រុមយុវជនទៅជាអ្នកណែនាំអប់រំជំនឿ។
ឆ្នាំ១៩៩៨ លោកអភិបាល អេមីល ដេតម្ប បានស្នើសូមលោកឪពុក ប៉ុងសូដ៍ ផ្លាស់ប្តូរទីកន្លែងការងារថ្មីនៅផ្ទះលេខ៥៧ ផ្លូវ១០១ សង្កាត់បឹងត្របែក ជាអតីតរោងជាងចម្លាក់ដែលបានបង្កើតឡើងដោយលោកឪពុក មូរីស ឡឺគូទួ។ លោកអភិបាល អេមីល ហៅផ្ទះនេះថា មណ្ឌលវប្បធម៌កាតូលិកកម្ពុជា ដែលមានលោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ជាប្រធានគ្រប់គ្រង។ មណ្ឌលនេះមានថ្នាក់បង្រៀនភាសាខ្មែរ និងមានបណ្ណាល័យដែលមានសៀវភៅជាច្រើនជាភាសាបារាំង និងអង់គ្លេស។ ការបកប្រែ ព្រះគម្ពីរ ការរៀបចំសៀវភៅ ពិធីបុណ្យ និងសៀវភៅ អប់រំជំនឿ បានបន្តនៅទីនេះ។ តាំងពីឆ្នាំ២០០២ មណ្ឌលនេះបន្តបំពេញការងារយ៉ាងមមាញឹកក្នុងការនិពន្ធ និងបោះពុម្ពសៀវភៅអប់រំជំនឿ និងធ្វើសិក្ខាសាលាផ្សេងៗ។
ឆ្នាំ២០០៩ លោកឪពុក ប៉ុងសូដ៍ បានចូលនិវត្តន៍ ហើយលោក ដួង សាវង់ ត្រូវបានចាត់តាំងតួនាទីជាប្រធានគ្រប់គ្រងបន្តការងារនេះ ដោយមានលោកឪពុក សេរ៉ាល់ វ៉ូសាំង ជាអ្នកសម្របសម្រួល និងលោកអភិបាល អន់តូនី សាមី ជាលោកអភិបាលទទួលបន្ទុកណែនាំ។ ចាប់តាំងពីពេលនោះមក មណ្ឌលវប្បធម៌កាតូលិកនេះបានប្តូរឈ្មោះទៅជា មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា (Centre Catéchétique Catholique au Cambodge)។ លោកឪពុក ប៉ុងសូដ៍ បានបកប្រែសៀវភៅ មហាសន្និបាតវ៉ាទីកង់ទី២ (Concile Vatican II) បោះពុម្ពផ្សាយនៅឆ្នាំ២០១២។ ចាប់តាំងពីពេលនោះមក លោកបានយកចិត្តទុកដាក់រៀបរៀងសៀវភៅគម្ពីរសិក្សាអំពីកណ្ឌគម្ពីរដំណឹងល្អទាំងអស់រហូតបានបោះពុម្ពសៀវភៅគម្ពីរសិក្សាអំពីគម្ពីរសហចក្ខុ (ដំណឹងល្អទាំងបី ម៉ាថាយ ម៉ាកុស លូកា) និងកិច្ចការគ្រីស្តទូតនៅឆ្នាំ២០១៨ សៀវភៅគម្ពីរសិក្សាអំពីដំណឹងល្អតាមសន្តយ៉ូហាន លិខិតទី១ ទី២ ទី៣ និងកណ្ឌគម្ពីរវិវរណៈនៅឆ្នាំ២០២៩ និងសៀវភៅគម្ពីរសិក្សាអំពីលិខិតគ្រីស្តទូតប៉ូល និងលិខិតសាកលនៅឆ្នាំ២០២១។
កិច្ចការមនុស្សធម៌
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមយោធាបដិវត្តន៍ខ្មែរក្រហមបានវាយដណ្តើមកាន់កាប់រាជធានីភ្នំពេញ ហើយជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុង។ លោកបានជាប់នៅក្នុងស្ថានទូតបារាំងរយៈពេលបីសប្តាហ៍ជាមួយជនបរទេសមួយចំនួន រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៧៥ ទើបខ្មែរក្រហមបានជម្លៀសជនបរទេសទាំងអស់ទៅកាន់ច្រកព្រំដែនប្រទេសថៃ។ លោកបានឃើញព្រឹត្តិការណ៍នៅថ្ងៃដំបូងៗបន្ទាប់ពីយោធាខ្មែរក្រហមដណ្ដើមយកបានទីក្រុងភ្នំពេញរហូតដល់ថ្ងៃដែលលោកចាកចេញ។ លោកគឺជាសាក្សីអាចរៀបរាប់ព្រឹត្តិការណ៍ទាំងអស់ដែលលោកបានឃើញផ្ទាល់នឹងភ្នែក។ នៅប្រទេសបារាំង លោកបន្តស្តាប់វិទ្យុកម្ពុជាប្រជាធិបតេយ្យដោយមានបំណងចង់ដឹងអំពីមនោគមវិជ្ជារបស់អ្នកដឹកនាំរបបថ្មីនេះ អំពីរចនាសម្ព័ន្ឋនៃសង្គមថ្មី និងអំពីអរិយធម៌ ដែលកើតឡើងនៅប្រទេសកម្ពុជាប្រជាធិបតេយ្យ។ លោកយកចិត្តទុកដាក់ស្វែងយល់អំពីបដិវត្តន៍ដ៏មហារុងរឿងអស្ចារ្យរបស់អ្នកជ្រុលនិយម។
នៅឆ្នាំ១៩៧៦ លោកក៏និពន្ធសៀវភៅជាភាសាបារាំងចំណងជើងថា «កម្ពុជាឆ្នាំសូន្យ» (Cambodge Année Zéro) ដែលរៀបរាប់មុនគេអំពីរបបកម្ពុជាប្រជាធិបតេយ្យ ហើយគេបោះពុម្ពផ្សាយនៅប្រទេសចំនួន៨ (បារាំង អង់គ្លេស អាមេរិក ជប៉ុន អ៊ីតាលី អេស្ប៉ាញ ណ័រវែស និងកម្ពុជា) ក្នុងគោលបំណងឱ្យអន្តរជាតិយល់ដឹងអំពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ហើយក៏ជាប្រភពពិសេស សម្រាប់អ្នកដែលចង់ស្គាល់របបខ្មែរក្រហម។ នៅចន្លោះពេលភៀសខ្លួននៅប្រទេសបារាំង លោកបានធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ដើម្បីសួរសុខទុក្ខជនជាតិខ្មែរ ដែលភៀសខ្លួននៅបារាំង អឺរ៉ុប កាណាដា និងសាហរដ្ឋអាមេរិច។ លោកបានជួយជនភៀសខ្លួនជាច្រើននៅក្នុងជំរំតាមព្រំដែនប្រទេសថៃ រហូតដល់ឆ្នាំ១៩៩៣ ទើបលោកអាចវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ ហើយលោកបានបន្តបំពេញបេសកកម្មនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។
នៅក្នុងព្រះសហគមន៍ចំឡាក់ និងអូរាំងឪដែលលោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ទទួលខុសត្រូវអស់រយៈពេលជាច្រើនឆ្នាំ លោកបានដោយយកចិត្តទុកដាក់អភិវឌ្ឍន៍ជនបទដោយលើកទំនប់ ជីកប្រឡាយ ដើម្បីឱ្យប្រជាកសិករមានទឹកធ្វើស្រែចំការក្នុងរដូវប្រាំង។ លោកសាងសងសាលារៀន និងបង្កើតកម្មវិធីសិក្សាជាច្រើនកន្លែងដើម្បីលើកស្ទួយលើវិស័យអប់រំ។ មិនតែប៉ុណ្ណោះ លោកបានផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រជាច្រើននាក់អាចបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។
បេសកកម្មដែលលោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍បានបំពេញ ទាំងការប្រកាសដំណឹងល្អ និងកិច្ចការមនុស្សធម៌ លោកបានបម្រើដោយស្មោះអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដោយគ្មានបំណងអូសទាញ បញ្ចុះបញ្ចូល ឬបង្ខិតបង្ខំឱ្យគេចូលគ្រីស្តសាសនា ជាពិសេសព្រះសហគមន៍កាតូលិកឡើយ។ ផ្ទុយទៅវិញ កិច្ចការទាំងអស់នេះឆ្លុះបញ្ចាំងអំពីគុណធម៌របស់គ្រីស្តបរិស័ទ គឺជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ដែលលោកផ្តល់សក្ខីភាពពេញមួយជីវិតនៅក្នុងប្រទេសកម្ពុជា។