ព្រះត្រៃឯក
លទ្ធិ លេខ២៣៤៖
អាថ៌កំបាំង នៃព្រះត្រៃឯកដ៏វិសុទ្ធបំផុត ជាអាថ៌កំបាំងដ៏សំខាន់បំផុតនៃជំនឿ និងជីវិតរបស់គ្រីស្តបរិស័ទ។ អាថ៌កំបាំងនៃព្រះត្រៃឯកជាប្រភព និងបំភ្លឺអាថ៌កំបាំងផ្សេងៗនៃជំនឿ ហើយជាការប្រៀនប្រដៅដ៏សំខាន់បំផុត និងជាមូលដ្ឋានគ្រឹះនៃ “សេចក្ដីពិតទាំងឡាយនៃជំនឿ”។

ព្រះជាម្ចាស់សម្ដែងព្រះអង្គ
លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្ដែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនឡើយ (រ៉ូម ១,២០)។


ក្នុងសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូសម្ដែងថា ព្រះជាម្ចាស់ជាព្រះត្រៃឯក៖
- ព្រះយេស៊ូហៅព្រះជាម្ចាស់ថា បិតា និងមានទំនាក់ទំនងពិសេសជាមួយព្រះអង្គ។
- ព្រះយេស៊ូលើកលែងទោស ធ្វើការអស្ចារ្យ និងរស់ឡើងវិញ។
- ព្រះយេស៊ូសន្យាថា នឹងប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ។


ព្រះសហគមន៍ធ្វើពិធីជ្រមុជទឹកក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណ

លទ្ធិនៃព្រះត្រៃឯកតាមព្រះសហគមន៍
- ១. លទ្ធិ លេខ២៥៣៖
ព្រះត្រៃឯកមានតែមួយព្រះអង្គ៖
យើងមិនប្រកាសថា មានព្រះជាម្ចាស់បីអង្គទេ តែព្រះជាម្ចាស់តែមួយ ដែលមានព្រះបីអង្គ គឺ “ព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ រួមសភាពជាមួយគ្នា”។ ព្រះអង្គនីមួយៗជាព្រះជាម្ចាស់ទាំងស្រុង៖ “ព្រះបិតាជាសភាពរបស់ព្រះបុត្រា ព្រះបុត្រាជាសភាពរបស់ព្រះបិតា ហើយព្រះបិតា និង ព្រះបុត្រាជាសភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ គឺព្រះជាម្ចាស់តែមួយព្រះអង្គ”។ ព្រះអង្គនីមួយៗមានសារធាតុ សភាវៈ ឬសភាពរបស់ព្រះជាម្ចាស់”។
- ២. លទ្ធិ លេខ២៥៤៖
ព្រះអង្គនីមួយៗខុសប្លែកពីគ្នាទៅវិញទៅមក យ៉ាងពិតប្រាកដ៖
“ព្រះជាម្ចាស់មានតែមួយ ប៉ុន្តែ ព្រះអង្គមិនមែនតែម្នាក់ឯងទេ”។ “ព្រះបិតា” “ព្រះបុត្រា” “ព្រះវិញ្ញាណដ៏វិសុទ្ធ” មិនគ្រាន់តែជានាមសម្ដែងលក្ខណៈផ្សេងៗពីព្រះជាម្ចាស់ទេ ដ្បិតព្រះអង្គនីមួយៗខុសប្លែកពីគ្នាយ៉ាងពិតប្រាកដ៖ “ព្រះអង្គដែលជាព្រះបុត្រាមិនមែនជាព្រះបិតា ព្រះអង្គដែលជាព្រះបិតាមិនមែនជាព្រះបុត្រា ហើយព្រះវិញ្ញាណដ៏វិសុទ្ធមិនមែនជាព្រះបិតា ឬព្រះបុត្រាឡើយ”។ ព្រះអង្គខុសប្លែកពីគ្នាមកពីទំនាក់ទំនងដើមដំបូងរវាងគ្នានិងគ្នា៖ “ព្រះបិតាផ្ដល់ព្រះជន្ម ព្រះបុត្រាទទួលព្រះជន្ម ហើយព្រះវិញ្ញាណដ៏វិសុទ្ធហូរចេញ ពីព្រះបិតា និងព្រះបុត្រា”។
ការផ្តល់ឱ្យ៖
យើងធ្លាប់ប្រកាសថា៖
- ព្រះបិតាជាអ្នកបង្កើត (ដ្បិតព្រះអង្គជាប្រភព)
- ព្រះបុត្រាជាអ្នកសង្រ្គោះ (ដ្បិតព្រះអង្គយាងមកលើផែនដី)
- ព្រះវិញ្ញាណជាអ្នកប្រោសឱ្យបានវិសុទ្ធ (ដ្បិតព្រះអង្គគង់នៅក្នុងចិត្តមនុស្ស)
ហេតុនេះ តាមការពិត ព្រះត្រៃឯកទាំងមូលជាអ្នកបង្កើត សង្រ្គោះ និងប្រោសឱ្យបានវិសុទ្ធ។
- ៣. លទ្ធិ លេខ២៥៥៖
ព្រះអង្គនីមួយៗពឹងផ្អែកលើគ្នាទៅវិញទៅមក៖
ភាពខុសគ្នាយ៉ាងពិតប្រាកដរវាងព្រះអង្គនីមួយៗ ស្ថិតតែនៅក្នុងទំនាក់ទំនង ដែលមានរវាងព្រះអង្គនីមួយៗ ហើយមិនបំបែកព្រះជាម្ចាស់ឡើយ៖ “ព្រះនាមព្រះបិតាយោងតាមព្រះបុត្រា ព្រះនាមព្រះបុត្រាយោងតាមព្រះបិតា ហើយព្រះវិញ្ញាណដ៏វិសុទ្ធ យោងតាមព្រះអង្គទាំងពីរនោះ។ “នៅក្នុងអង្គព្រះអង្គនីមួយៗ មានសភាពតែមួយ លើកលែងតែនៅពេលទំនាក់ទំនងរវាងព្រះអង្គនីមួយៗផ្សេងៗពីគ្នា”។
“ដោយសារឯកភាពនោះ ព្រះបិតាស្ថិតទាំងស្រុងក្នុងព្រះបុត្រា និងស្ថិតទាំងស្រុងក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដែរ ព្រះបុត្រាស្ថិតទាំងស្រុងក្នុងព្រះបិតា និងស្ថិតទាំងស្រុងក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដែរ ហើយព្រះវិញ្ញាណដ៏វិសុទ្ធស្ថិតទាំងស្រុងក្នុងព្រះបិតា ទាំងស្រុងក្នុងព្រះបុត្រាផងដែរ”។
គំរូអំពីព្រះត្រៃឯក…



ព្រះជាម្ចាស់ស្គាល់ព្រះអង្គ៖ ព្រះបុត្រា
ព្រះបុត្រាជា៖
- រូបតំណាងដ៏ឥតខ្ចោះ
- ព្រះប្រាជ្ញាញ្ញាណ
- ព្រះបន្ទូល នៃព្រះបិតា
ព្រះជាម្ចាស់ស្រលាញ់ព្រះអង្គ៖ ព្រះវិញ្ញាណ
ព្រះវិញ្ញាណជា៖
- សេចក្ដីស្រលាញ់
- ខ្យល់ដង្ហើម រវាងព្រះបិតា និងព្រះបុត្រា

តើលទ្ធិនៃព្រះត្រៃឯកមានប្រយោជន៍អ្វីសម្រាប់យើង?
ឱព្រះជាម្ចាស់អើយ! ព្រះត្រៃឯកដែលខ្ញុំគោរពក្រាបថ្វាយបង្គំ! សូមព្រះអង្គជួយឱ្យខ្ញុំម្ចាស់បំភ្លេចខ្លួនខ្ញុំម្ចាស់ផ្ទាល់ទាំងស្រុងទៅ ដើម្បីឱ្យខ្ញុំម្ចាស់បានតាំងនៅស្ងៀមយ៉ាងស្ងប់ស្ងាត់ជាមួយព្រះអង្គ ហាក់ដូចជាព្រលឹងរបស់ខ្ញុំម្ចាស់បានទៅដល់ស្ថានបរមសុខរួចហើយ។ ឱព្រះអង្គដែលមិនប្រែប្រួលអើយ! សូមកុំឱ្យគ្មានអ្វីមួយរំខានសេចក្ដីសុខសាន្តរបស់ខ្ញុំម្ចាស់ និងធ្វើឱ្យខ្ញុំម្ចាស់ឃ្លាតឆ្ងាយពីព្រះអង្គឡើយ ប៉ុន្តែ សូមឱ្យគ្រប់នាទីទាំងអស់នាំឱ្យខ្ញុំម្ចាស់ចូលក្នុងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះអង្គយ៉ាងជ្រាលជ្រៅ! សូមប្រោសប្រទានឱ្យព្រលឹងខ្ញុំម្ចាស់បានសេចក្ដីស្ងប់ផង។ សូមព្រះអង្គទុកឱ្យព្រលឹងខ្ញុំម្ចាស់ទៅជាស្ថានបរមសុខ ជាព្រះដំណាក់ដ៏ជាទីស្រលាញ់ និងជាទីកន្លែងសម្រាករបស់ព្រះអង្គផង។ សូមកុំឱ្យខ្ញុំម្ចាស់មិនដែលបោះបង់ព្រះអង្គចោលទេ ប៉ុន្តែសូមឱ្យខ្ញុំម្ចាស់បាននៅទីនោះទាំងស្រុង ដោយមានជំនឿមាំមួន ដោយក្រាបថ្វាយបង្គំព្រះអង្គ និងដោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ ដែលកំពុងបង្កើតខ្ញុំម្ចាស់ (សន្តី អេលីសាបិត នៃព្រះត្រៃឯក)។