ប្រវត្តិនៃធម៌ប្រកាសជំនឿ

ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី។
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយជាព្រះអម្ចាស់យើងខ្ញុំ។
ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
ព្រះអង្គបានសោយទុក្ខលំបាកនៅជំនាន់លោកប៉ុនពីឡាត។
ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត
ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។
ព្រះអង្គបានយាងចុះទៅស្ថានក្រោម
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ
ពីចំណោមមនុស្សស្លាប់
ព្រះអង្គបានយាងឡើងស្ថានបរមសុខ
ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតា
ដ៏មានឫទ្ធានុភាពសព្វប្រការ។
ព្រះអង្គនឹងយាងមកវិញ
ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ
ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។
ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប
ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ
ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។
អាម៉ែន។

ខ្ញុំជឿលើព្រះជាម្ចាស់តែមួយព្រះអង្គ
ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី ទាំងអ្វីៗដែលមើលឃើញ
និងមើលមិនឃើញ។

ខ្ញុំជឿលើព្រះអម្ចាស់យេស៊ូគ្រីស្តតែមួយ
ជាព្រះបុត្រាតែមួយនៃព្រះជាម្ចាស់
ហើយកើតពីព្រះបិតា មុនកាលសម័យទាំងអស់។
ព្រះអង្គជាព្រះជាម្ចាស់ចេញពីព្រះជាម្ចាស់ ជាព្រះពន្លឺចេញពីព្រះពន្លឺ
ជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ចេញពីព្រះជាម្ចាស់ដ៏ពិតប្រាកដដែរ។
ព្រះអង្គទទួលព្រះជន្មពីព្រះបិតា ហើយមិនកកើតដូចសត្វលោកឡើយ
ព្រះអង្គរួមសភាពជាមួយព្រះបិតា
ហើយអ្វីៗសព្វសារពើក៏កើតមក ដោយសារព្រះអង្គដែរ។
ព្រះអង្គយាងមកពីស្ថានបរមសុខដើម្បីមនុស្សយើង និងដើម្បីសង្រ្គោះយើងខ្ញុំ។

ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះអង្គបានទទួលរូបកាយពីព្រះនាងព្រហ្មចារិនីម៉ារី ហើយព្រះអង្គទៅជាមនុស្ស។
ព្រះអង្គត្រូវគេឆ្កាងនៅជំនាន់លោកប៉ុនពីឡាត
ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។
ព្រះអង្គសោយទិវង្គត ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះ។
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ស្របតាមគម្ពីរ។
ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់ខាងស្តាំព្រះបិតា។
ព្រះអង្គនឹងយាងមកវិញយ៉ាងរុងរឿង
ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់
ហើយព្រះរាជ្យព្រះអង្គ នឹងនៅស្ថិតស្ថេរឥតទីបញ្ចប់ឡើយ។

ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះអម្ចាស់ដែលប្រទានជីវិត
ព្រះអង្គហូរចេញពីព្រះបិតា និងព្រះបុត្រា។
ព្រះអង្គទទួលការក្រាបថ្វាយបង្គំ និងលើកត​ម្កេីងសិរីរុងរឿង
ស្មើនឹងព្រះបិតា និងព្រះបុត្រា។
ព្រះអង្គបានថ្លែងព្រះបន្ទូល តាមរយៈអស់លោកព្យាការី។

ខ្ញុំជឿលើព្រះសហគមន៍តែមួយដ៏វិសុទ្ធ
និងកាតូលិក ដែលបន្តជំនឿពីក្រុមគ្រីស្តទូត។
ខ្ញុំប្រកាសថា មានអគ្គសញ្ញាជ្រមុជទឹកតែមួយ
ដែលលើកលែងទោសឱ្យរួចពីបាប។
ខ្ញុំរង់ចាំពេលដែលមនុស្សស្លាប់នឹងរស់ឡើងវិញ និងជីវិតនៅលោកខាងមុខផង។
អាម៉ែន។

ក្នុងប្រវត្តិនៃការសង្គ្រោះ ព្រះជាម្ចាស់បានបង្ហាញព្រះអង្គឱ្យប្រជារាស្រ្តស្គាល់ព្រះអង្គ ហេតុនេះ ជំនឿរបស់ប្រជារាស្ត្រ​ គឺជាការឆ្លើយទៅនឹងព្រះជាម្ចាស់ដែលបានត្រាស់ហៅគេ និងអញ្ជើញគេឱ្យដើរតាមមាគ៌ារបស់ព្រះអង្គ។ នៅពេលនោះ គេទទួលស្គាល់ថា ព្រះជាម្ចាស់បានរំដោះគេពីប្រទេសអេស៊ីបមក ហេតុនេះគេមិនត្រូវគោរពថា្វយបង្គំព្រះណាផ្សេងទៀតឡើយ (ទក ៥,៦-៧)។

  • ហ្សេម៉ាអ៊ីស្រាអែល Shema Israel
    “អ៊ីស្រាអែលអើយចូរស្តាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះជាម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ” (ទក ៦,៤-៥)។
  • រឿងនិទាន
    “បុព្វបុរស​របស់​ខ្ញុំ​បាទ​ជា​ពនេចរ ជាតិ​អារ៉ាម​ លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ (ទក ២៦,៥-១១)
  • របៀបបទសរសើរតម្កើង
    ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់ (ទន ១០៥) និង (ទន ១៣៦) ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ។

2. សម្ពន្ធមេត្រីថ្មី

  • សំណួររបស់ព្រះយេស៊ូ
    “តើអ្នករាល់គ្នាថា ខ្ញុំជានរណា?” (មក ៨,២៩)។
  • បន្ទាប់ពីព្រឹត្តិការណ៍នៃបុណ្យចម្លង
    ព្រះយេស៊ូជាព្រះអម្ចាស់ ជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ “ប្រសិនបើមាត់អ្នកប្រកាសថា ​ព្រះ​យេស៊ូពិតជាព្រះអម្ចាស់​ ហើយបើចិត្តអ្នកជឿថា ​ព្រះ​ជា​ម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះ​យេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញមែន​នោះ អ្នកនឹងទទួល​ការសង្គ្រោះជាមិនខាន‌​” (រម ១០,៩)។
  • បទលើកតម្កើង
    “សូម​លើក​តម្កើង​ព្រះជាម្ចាស់​ ជា​ព្រះបិតា​របស់​ព្រះ​យេស៊ូ​គ្រីស្ត​ជា​ព្រះ​អម្ចាស់​នៃ​យើង​ ដែល​ប្រោស​ប្រទាន​ព្រះពរ​គ្រប់​យ៉ាង​ ផ្នែក​ខាង​វិញ្ញាណ​នៅ​ស្ថាន​បរមសុខមក​​យើង​ក្នុង​អង្គ​ព្រះ​គ្រីស្ត” (អភ​ ១,៣)។
  • ទម្រង់មួយទៀត
    “ព្រះយេស៊ូ​​​​​​​-គ្រីស្ត” ជាពាក្យដែលបញ្ជាក់អំពីជំនឿលើព្រះយេស៊ូ ដែលពិតជាមនុស្សផង និងជាព្រះជាម្ចាស់ផង។
  • ការប្រកាសជំនឿដំបូង Kerygma
    «បងប្អូន​អ៊ីស្រាអែល​អើយ​ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ!​ ព្រះជា​ម្ចាស់​បាន​រ៉ាប់រង​ទទួល​លោក​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​ នៅ​មុខ​បងប្អូន​ទាំង​អស់​គ្នា​ដោយ​ព្រះអង្គ​បាន​សម្ដែង​ការ​អស្ចារ្យ​ ឫទ្ធិ​បាដិហារិយ៍​ និង​ទី​សម្គាល់​ផ្សេង​ៗ​ នៅ​កណ្ដាល​ចំណោម​បងប្អូន​តាម​រយៈ​លោក​ ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ។​​ បង​ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ​ ទៅឱ្យពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​លោក​ ដូច​ព្រះជា​ម្ចាស់​បាន​កំណត់​ទុក‌​ ដោយ​ព្រះអង្គ​ទ្រង់​ញាណ​ជាមុន។​ ព្រះជា​ម្ចាស់​បាន​ប្រោស​លោក​ ឱ្យរស់​ឡើង​វិញ​ ទ្រង់​ដោះ​លែង​លោក​ ឱ្យរួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់​ ព្រោះ​សេចក្ដី​ស្លាប់​ មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។​
    ហេតុនេះ‌​ សូម​ឱ្យជនជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា‌​ លោក​យេស៊ូ​នេះ​ដែល​បងប្អូន​បាន​ឆ្កាង​ ព្រះជា​ម្ចាស់​បាន​តែង​តាំង​លោក​ឡើង‌​ជា​ព្រះ​អម្ចាស់​   និងជា​ព្រះគ្រីស្តហើយ» (កក ២,២២-៣៦)។
  • ពិធីបុណ្យ
    បទសរសើរតម្កើងព្រះគ្រីស្ត (ភីល ២,៦-១១)។
  • ប្រកាសអំពីព្រះត្រៃឯក
    ធ្វើពិធីជ្រមុជទឹកក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ (មថ ២៨,១៩)។
  • ជួនកាលប្រកាសអំពី ព្រះបិតា និងព្រះបុត្រារួមគ្នា (១ករ ៨,៦)។ (ព្រះបិតាតែមួយ និងព្រះអម្ចាស់តែមួយ)។
  • រីឯលំដាប់លំដោយវិញ ពេលខ្លះចាប់ផ្តើមពីព្រះវិញ្ញាណដ៏វិសុទ្ធទៅព្រះបិតា (១ករ ១២,៤-៦)។
  • អគ្គសញ្ញាជ្រមុជទឹក ៖
    ទម្រង់សំណួរ និងចម្លើយ
    ការប្រកាសជំនឿនេះបង្ហាញមុខងារពីយ៉ាង៖ ប្រកាសជំនឿ និងលទ្ធិ គឺជឿផង និងសន្យាផង។ គឺជារបៀបប្រកាសជំនឿដ៏បុរាណជាងគេនៅក្នុងពិធីបុណ្យ៖ “ខ្ញុំជឿលើព្រះជាម្ចាស់តែមួយគត់ ជាព្រះបិតា”។
  • ការប្រកាសជំនឿនេះ អាចមាននៅក្នុងពាក្យអធិដ្ឋាន ពិធីជ្រមុជទឹក និងសក្ខីភាពរបស់គ្រីស្តបរិស័ទ។
  • នៅក្នុងពិធីបុណ្យ “ធម៌ប្រកាសជំនឿ” នេះ គឺជាសញ្ញាបង្ហាញអំពីគ្រីស្តបរិស័ទ និងទទួលស្គាល់គ្នាទៅវិញទៅមក។
  • ពាក្យប្រកាសជំនឿ “ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត …” ជាសេចក្តីសង្ខេបនៃជំនឿលើព្រះត្រៃឯក ដែលមានការរីកចម្រើននៅលើគ្រឹះនៃព្រះគម្ពីរ តាមរបៀបនិទានអំពីអ្វីៗដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្ស និងអ្វីៗដែលជាព្រះអង្គផ្ទាល់ ជាអាថ៌កំបាំងមិនអាចយល់បាន។
  • បិតាព្រះសហគមន៍បានអភិវឌ្ឍន៍ទម្រង់នៃការប្រកាសជំនឿ សម្រាប់បេក្ខជនដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ជាពិសេស បានយកទម្រង់នៃការប្រកាសជំនឿរបស់មហាសន្និបាត ដែលបានដាក់ជា “ច្បាប់នៃជំនឿ”។

ប្រភព

ក្រុមគ្រីស្តទូតបានបង្កើតពាក្យប្រកាសជំនឿមុននឹងចាកចេញទៅប្រកាសដំណឹងល្អនៅចុងសតវត្សទី២ ធម៌ប្រកាសជំនឿនេះ បានចាក់ឫសក្នុងជំនឿនៃសម្ពន្ធមេត្រីថ្មី និងក្នុងការប្រកាសជំនឿ​នៃគ្រីស្តបរិស័ទដើមដំបូង ដែលជាជំនឿរបស់ក្រុមគ្រីស្តទូត។
មានការទាក់ទងគ្នារវាងពាក្យប្រកាសជំនឿនេះ ជាមួយនឹងការប្រកាសជំនឿក្នុងពិធីជ្រមុជទឹករបស់សន្ត អ៊ីប៉ូលីតនៃក្រុងរ៉ូម (២២០) គឺតាមទម្រង់សំណូរ ចម្លើយ “ខ្ញុំជឿ”។ ខ្ញុំជ្រមុជអ្នក ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ហេតុនេះ ធម៌ប្រកាសជំនឿបានឆ្លងពីទម្រង់សំណួរចម្លើយ ទៅកាន់ទម្រង់ “ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ”។ សេចក្តីនេះ បានក្លាយទៅជា “ធម៌ប្រកាសជំនឿរបស់ក្រុមគ្រីស្តទូត” ដែលយើងសូត្រក្នុងអភិបូជាសព្វថ្ងៃ។

សេចក្តីពន្យល់

  • ផ្នែកទី១៖
    ជឿលើព្រះជាម្ចាស់ជាព្រះបិតា ដែលសម្តែងឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ (មថ ៦,៩-១៣ ឱព្រះបិតាយើងខ្ញុំ ; លក ១១,២-៤)។ ព្រះអង្គមានឫទ្ធានុភាពសព្វប្រការ (២ករ ៦,១៨) ព្រះអង្គមានព្រះហឫទ័យសប្បុរស មិនគិតថ្លៃ (កណ១,៣១) ភាពធំធេងរបស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងអំពើល្អរបស់ព្រះអង្គ ដោយព្រះឧបការគុណ ជាឪពុករបស់មនុស្សលោក។
  • ផ្នែកទី២៖
    ជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយ ជាព្រះអម្ចាស់។ ជាជំនឿតាំងពីសតវត្សទី១មកម្លេះ ប៉ុន្តែ មហាសន្និបាត កាល់សេដ័នបានបញ្ជាក់ថា ព្រះគ្រីស្តជាព្រះជាម្ចាស់ដ៏ពិតប្រាកដ និងជាមនុស្សដ៏ពិតប្រាកដ។ មានការប្រកាសជំនឿតាម (Kérygme) របៀបបុរាណ ដែលបញ្ជាក់អំពីការរស់ឡើងវិញរបស់ព្រះគ្រីស្ត (១សល ៤,៦)។
  • ផ្នែកទី៣៖
    ជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ និងធ្វើឱ្យទៅជាវិសុទ្ធ។ ជឿព្រះសហគមន៍កាតូលិក ដែលកើតដោយសារព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក (យហ ២០,២១-២៣)។ Eistheon & In Deum មានន័យថា ទុកចិត្តលើព្រះជាម្ចាស់ តែសម្រាប់សេចក្តីផ្សេងទៀត គ្រាន់តែជាព្រះអំណោយទានដែលមកពីព្រះជាម្ចាស់។

ប្រភព៖

តាំងពីឆ្នាំ ៣១៨ រហូតដល់មហាសន្និបាតក្រុងនីសេ (៣២៥) បិតារបស់ព្រះសហគមន៍បានប្រឆាំងយ៉ាងខ្លាំងចំពោះអារីយូស Arius ដែលប៉ះពាល់ដល់សភាវៈជាព្រះជាម្ចាស់របស់ព្រះគ្រីស្ត។ ហេតុនេះ គេប្រើពាក្យទស្សនវិទូក្រិកជាលើកដំបូង “Consubstantiel au Père” (Homo-ousios ou Con-substantialis)។

  • ធម៌ប្រកាសជំនឿរបស់ក្រុមគ្រីស្តទូត មានលក្ខណៈតាមពិធីបុណ្យ និងតាមនិទានកថា ប៉ុន្តែធម៌ប្រកាសជំនឿនៃទីក្រុងនីសេ មានលក្ខណៈជា លទ្ធិ និងទេវវិទ្យា ដោយភ្ជាប់ជាមួយមហាសន្និបាតកុងស្តង់ទីណូប្ល (៣៨១) ដែលជួយបញ្ជាក់បន្ថែមទៅលើក្រុងនីសេ ស្តីអំពីលក្ខណៈជាព្រះជាម្ចាស់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីប្រឆាំងនឹងក្រុមវិញ្ញាណនិយម (Pneumatomaques) ដែលបដិសេធន៍លក្ខណៈជាព្រះជាម្ចាស់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះសហគមន៍បាន ហៅធម៌នេះថា “ធម៌ប្រកាសជំនឿ នៃក្រុងនីសេ និងក្រុងកុងស្តង់ទីណូប្ល”។
  • នៅសតវត្សទី១៨ ព្រះសហគមន៍កាតូលិកខាងលិចបានប្រើធម៌នេះនៅក្នុងក្បួនពិធីអភិបូជា ដោយបញ្ចូលពាក្យ « Filioque » : « Esprit Saint procède du Père et du Fils » ព្រះវិញ្ញាណដ៏វិសុទ្ធហូរចេញពីព្រះបិតា និងព្រះបុត្រា។ សេចក្តីនេះ ត្រូវបានបញ្ចូលនៅប្រទេសអេស្បាញ ដើម្បីប្រឆាំងនឹងក្រុម អារីយែន Ariennes បន្ទាប់មកនៅ ក្រុងកាល់សេដ័ន និងយូរមកទៀតនៅក្នុងពិធីបុណ្យក្រុងរ៉ូម។ ការបន្ថែមពាក្យទាំងនេះ បានធ្វើឱ្យខូចទំនាក់ទំនងរវាងព្រះសហគមន៍ខាងកើត និងពិភពឡាតាំងជាយូរសតវត្ស។

សេចក្តីពន្យល់

ធម៌ប្រកាសជំនឿនេះ សង្កត់ធ្ងន់ទៅលើការរួមគ្នាជាធ្លុងតែមួយ៖ ព្រះជាម្ចាស់តែមួយ (ទត ៦,៤) ព្រះអម្ចាស់តែមួយគឺព្រះគ្រីស្ត ពិធីជ្រមុជទឹកតែមួយ (អភ ៤,៤-៦)។

  • ព្រះបិតា ជាព្រះជាម្ចាស់តែមួយព្រះអង្គគត់ បន្ថែម ជាព្រះបង្កើតទាំងអ្វីៗមើលឃើញ និងអ្វីៗមើលមិនឃើញ។
  • ព្រះគ្រីស្ត ជាព្រះបន្ទូលដែលបង្កើតអ្វីៗទាំងអស់ (យហ ១,៣) រស់ឡើងវិញ (១យហ ១៥,៣-៥; កក១,៦-១១; ១០,៤២)។
  • ព្រះវិញ្ញាណដ៏វិសុទ្ធ ចេញពីព្រះបិតាមក (យហ ១៥,២៦)។

ធម៌ប្រកាសជំនឿក្នុងពិធីបុណ្យបច្ចុប្បន្នមានពីរដើម្បីជ្រើសរើសតាមតម្រូវការ។


ឋានៈព្រះគ្រីស្ត
ជំនឿ និងប្រាជ្ញា
ព្រះត្រៃឯក
ប្រវត្តិនៃធម៌ប្រកាសជំនឿ
ធម៌ជឿ និងជីវិត
158 Views

Theme: Overlay by Kaira