រដូវធម្មតា
ថ្ងៃអាទិត្យ អាទិត្យទី១៥
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់ ! ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាថ្មដាសង្គ្រោះយើង អាលេលូយ៉ា! ។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៩៣
សិរីរុងរឿងរបស់ព្រះជាម្ចាស់
ព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាលើអ្វីទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ (វវ ១៩,៦-៧)។
បន្ទរទី១ ៖ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្តុង្គឧត្ដម។ អាលេលូយ៉ា!
១ | ព្រះអម្ចាស់ជាព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្តា ដូច្នេះ ផែនដីនៅរឹងមាំឥតរង្គើឡើយ។ |
២ | បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំទាំ តាំងពីដើមរៀងមក ព្រះអង្គមានព្រះជន្មគង់នៅតាំងពីអស់កល្បជានិច្ច។ |
៣ | បពិត្រព្រះអម្ចាស់! មហាសាគរបន្លឺសំឡេងឡើង មហាសាគរបន្លឺសំឡេងឡើងយ៉ាងគគ្រឹកគគ្រេង។ |
៤ | ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្តុង្គឧត្តម ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំងជាងសំឡេងមហាសាគរ ព្រះអង្គមានបារមីខ្លាំងជាងរលកសមុទ្រទៅទៀត។ |
៥ | បពិត្រព្រះអម្ចាស់! ក្រឹត្យវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធអស់កល្បតរៀងទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្តុង្គឧត្ដម។ អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)
ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!
«អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!» (វវ ១៩,៥)។
បន្ទរទី២ ៖ ចូរសរសើរតម្កើងព្រះអម្ចាស់ ! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ។ អាលេលូយ៉ា!
(បទកាកគតិ)
៥៧- | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
ជារៀងដរាប | សូមនាំគ្នាស្មូត | តម្កើងរហូត | |
អស់កល្បអន្លាយ | ។ | ||
៥៨- | ឱផ្ទៃមេឃអើយ | កុំនៅកន្តើយ | ហាក់ដូចជិនណាយ |
ស្មូតបទតម្កើង | ដោយចិត្តសប្បាយ | អស់កល្បអន្លាយ | |
តទៅកុំឈប់ | ។ | ||
៥៩- | សូមឱ្យទេវទូត | តម្កើងរហូត | ទាំងថ្ងៃទាំងយប់ |
ព្រះម្ចាស់ថ្កុំថ្កើង | អស់កល្បអស់កប្ប | តម្កើងកុំឈប់ | |
តទៅរាល់ថ្ងៃ | ។ | ||
៦០- | ចូរទឹកទាំងឡាយ | អបអរសប្បាយ | លើនភាល័យ |
នាំគ្នាសរសើរ | តម្កើងម្ចាស់ថ្លៃ | កុំបង្អង់អី | |
អស់កល្បអង្វែង | ។ | ||
៦១- | ហ្វូងតារារះ | នៃព្រះអម្ចាស់ | នាំគ្នាសម្ដែង |
តម្កើងព្រះអង្គ | សរសើរស្ញប់ស្ញែង | គ្រប់ទីកន្លែង | |
តទៅឥតដាច់ | ។ | ||
៦២- | សូមព្រះអាទិត្យ | ព្រះចន្ទមានឫទ្ធិ | ពន្លឺចិញ្ចាច |
តម្កើងព្រះអង្គ | ដោយចិត្តអង់អាច | កុំភ័យកុំខ្លាច | |
តទៅកុំប្រែ | ។ | ||
៦៣- | សូមអស់ទាំងផ្កាយ | ដែលនៅរាត់រាយ | លើមេឃផងដែរ |
សរសើរតម្កើង | កុំបីប្រួលប្រែ | កុំក្រឡះកែ | |
រាល់ថ្ងៃខែឆ្នាំ | ។ | ||
៦៤- | សូមឱ្យសន្សើម | ទឹកភ្លៀងដ៏ឆ្នើម | ធ្លាក់ជាប្រចាំ |
ចូរលើកតម្កើង | ទាំងថ្វាយបង្គំ | ព្រះម្ចាស់ឧត្តម | |
ជានិច្ចកុំរា | ។ | ||
៦៥- | ចូរអស់ទាំងខ្យល់ | ធ្លាប់បក់វិលវល់ | រាល់ប្រាំងវស្សា |
គ្រប់ទីកន្លែង | តម្កើងព្រះជា | ម្ចាស់អ្នករាល់គ្នា | |
កុំបីឆ្មៃឆ្មើង | ។ | ||
៦៦- | ចូរឱ្យកម្ដៅ | ទាំងក្នុងទាំងក្រៅ | ឱ្យមានទាំងភ្លើង |
នាំគ្នាជួយលើក | សរសើរតម្កើង | ព្រះអង្គខ្ពស់ឡើង | |
តទៅឥតអាក់ | ។ | ||
៦៧- | ចូរឱ្យខ្យល់ក្តៅ | ពេលនេះតទៅ | និងខ្យល់ត្រជាក់ |
សរសើរតម្កើង | ព្រះជាម្ចាស់អ្នក | កុំបីអន់អាក់ | |
ជានិច្ចតទៅ | ។ | ||
៦៨- | សន្សើមនិងព្រឹល | សូមអ្នកកុំខ្ជិល | កុំបង្អង់នៅ |
ស្មូតបទតម្កើង | ព្រះម្ចាស់ជាផ្លូវ | អង្វែងតទៅ | |
អស់កល្បជានិច្ច | ។ | ||
៦៩- | ចូរថ្ងៃនិងយប់ | កោតកុំឈរឈប់ | សរសើរកុំភ្លេច |
ស្មូតបទតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
អស់កល្បស្ថេរស្ថិត | ។ | ||
៧០- | ចូរឱ្យពន្លឺ | រន្ទាលរន្ទឺ | និងភាពងងឹត |
សរសើរតម្កើង | អម្ចាស់មានឫទ្ធិ | រាល់ថ្ងៃកុំគិត | |
ខ្វល់ខ្វាយឡើយណា | ។ | ||
៧១- | អាកាសត្រជាក់ | ខ្យល់រងាធ្លាក់ | មកជាធម្មតា |
ចូរលើកតម្កើង | ព្រះអម្ចាស់ជា | ព្រះអ្នករាល់គ្នា | |
កុំបីឃ្លាងឃ្លាត | ។ | ||
៧២- | សូមឱ្យទឹកកក | កុំបីខានខក | ទាំងសន្សើមទៀត |
ចូរលើកតម្កើង | កុំបីរវាត | កុំឱ្យឃ្លាងឃ្លាត | |
រហូតតទៅ | ។ | ||
៧៣- | សូមដុំពពក | ផ្លេកបន្ទោរមក | កុំបង្អង់នៅ |
តម្កើងព្រះអង្គ | កុំបីហ្មងសៅ | ស្មូតរហូតទៅ | |
អស់កល្បយូរលង់ | ។ | ||
៧៤- | សូមឱ្យផែនដី | ទាំងមូលលកលៃ | តម្កើងព្រះអង្គ |
សរសើរកុំឈប់ | កុំនៅរេរង់ | កោតសរសើរទ្រង់ | |
កុំប្រែសាវា | ។ | ||
៧៥- | សូមឱ្យភ្នំធំ | កុំនៅសំងំ | ភ្នំតូចផងណា |
ស្មូតបទតម្កើង | ព្រះម្ចាស់រាល់គ្នា | ថ្កើងព្រះនាមា | |
អស់កល្បជានិច្ច | ។ | ||
៧៦- | សព្វអស់អ្វីៗ | ដែលដុះលើដី | កុំបីមានភ្លេច |
ចូរលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
អស់កល្បអន្លាយ | ។ | ||
៧៧- | ចូរសមុទ្រស្ទឹង | ទន្លេល្វើយល្វឹង | តូចធំទាំងឡាយ |
នាំគ្នាតម្កើង | ដោយក្តីរីករាយ | សរសើរម្ចាស់ថ្លៃ | |
ឱ្យលាន់រងំ | ។ | ||
៧៨- | ចូរប្រភពទឹក | មានច្រើនសន្ធឹក | ព្រែកទាំងតូចធំ |
ទឹកហូរពីជ្រោះ | ទឹកធ្លាក់ពីភ្នំ | កុំនៅសំងំ | |
តម្កើងព្រះអង្គ | ។ | ||
៧៩- | ចូរអស់ទាំងត្រី | តូចធំម្តេចក្តី | និងសត្វរស់ក្នុង |
ទន្លេសមុទ្រ | តាមព្រែកបួរបឹង | កុំសំងំឈឹង | |
តម្កើងព្រះម្ចាស់ | ។ | ||
៨០- | សូមបក្សីសត្វ | ដែលរស់ខ្វែងខ្វាត់ | ច្រើនមីរដេរដាស |
ស្មូតបទតម្កើង | ព្រះជាអម្ចាស់ | កុំបីចន្លោះ | |
អស់កល្បយូរលង់ | ។ | ||
៨១- | សូមឱ្យសត្វស្រុក | រស់នៅអែអុក | ទាំងសត្វព្រៃផង |
នាំគ្នាសរសើរ | តម្កើងព្រះអង្គ | អស់កល្បយូរលង់ | |
តទៅអន្លាយ | ។ | ||
៨២- | ចូរឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | កុំបីឃ្លាតឆ្ងាយ |
សរសើរព្រះអង្គ | ជាព្រះម្ចាស់ថ្លៃ | រៀងរាល់យប់ថ្ងៃ | |
កុំបីអល់អែក | ។ | ||
៨៣- | ឱអ៊ីស្រាអែល | អ្នកជាជាតិដែល | វិសុទ្ធពន់ពេក |
ចូរលើកតម្កើង | ព្រះខ្ពស់អនេក | ហួសទាំងផ្ទៃមេឃ | |
កុំសំងំនៅ | ។ | ||
៨៤- | អស់បូជាចារ្យ | ទាំងឡាយនាំគ្នា | ឆ្ពោះតម្រង់ទៅ |
តម្កើងព្រះអង្គ | ទាំងថ្ងៃយប់ជ្រៅ | កុំសំងំនៅ | |
សរសើរកុំឈប់ | ។ | ||
៨៥- | ចូរអ្នកទាំងឡាយ | ដែលតែងខ្វល់ខ្វាយ | បម្រើគោរព |
ស្មូតតម្កើងព្រះ | ទាំងថ្ងៃទាំងយប់ | កុំឈរកុំឈប់ | |
នៅស្ងៀមឱ្យសោះ | ។ | ||
៨៦- | ចូរវិញ្ញាណក្ខ័ន្ធ | អ្នកស្លាប់ប៉ុន្មាន | កុំបីចន្លោះ |
ព្រលឹងនៃអ្នក | សុចរិតទាំងអស់ | តម្កើងដោយស្មោះ | |
កុំនៅកន្តើយ | ។ | ||
៨៧- | អស់អ្នកគោរព | ប្រណិប័តន៍គ្រប់ | ព្រះអម្ចាស់អើយ |
និងអ្នកដាក់ចិត្ត | ជាអ្នកខ្សត់ហើយ | កុំបង្អង់ឡើយ | |
តម្កើងព្រះអង្គ | ។ | ||
៨៨- | លោកអណានីយ៉ា | រួមជាមួយគ្នា | អសារីយ៉ាផង |
និងមីកាអែល | តម្កើងព្រះអង្គ | ស្មូតតម្កើងផង | |
តទៅដរាប | ។ | ||
ព្រះអង្គរំដោះ | យើងខ្ញុំឱ្យរស់ | ផុតពីក្តីស្លាប់ | |
ហើយទ្រង់សង្គ្រោះ | ខ្ញុំជាប្រញាប់ | រួចផុតទុក្ខសព្វ | |
ទាំងភ្លើងសន្ធៅ | ។ |
(មិនមានសូត្រ “ ធម៌កោតសរសើរ ” ក្នុងបទលើកតម្កើងនេះទេ)។
បន្ទរ ៖ ចូរសរសើរតម្កើងព្រះអម្ចាស់ ! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ។ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១៤៨
ចូរឱ្យអ្វីៗទាំងអស់សរសើរតម្កើងព្រះនាមព្រះអម្ចាស់
“សូមព្រះអង្គដែលគង់នៅលើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្តាអស់កល្បជាអង្វែងតរៀងទៅ!” (វវ ៥,១៣)។
បន្ទរទី៣ ៖ ចូរសរសើរតម្កើងព្រះអម្ចាស់នៅស្ថានបរមសុខ! អាលេលូយ៉ា! ។
១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់នៅស្ថានបរមសុខ! អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ! ចូរសរសើរតម្កើងព្រះអង្គ! |
២ | ទេវទូតទាំងអស់អើយ! ចូរសរសើរតម្កើងព្រះអង្គ! ពពួកទេវតាទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ! |
៣ | ព្រះអាទិត្យ និងព្រះចន្ទអើយ! ចូរសរសើរតម្កើងព្រះអង្គ! ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ! |
៤ | ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ! ចូរសរសើរតម្កើងព្រះអង្គ! ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ! ចូរសរសើរតម្កើងព្រះអង្គ! |
៥ | ចូរឱ្យអ្វីៗសព្វសារពើ សរសើរតម្កើងព្រះនាមព្រះអម្ចាស់ ដ្បិតពេលព្រះអង្គមានព្រះបន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។ |
៦ | ព្រះអង្គបានតាំងអ្វីៗទាំងអស់ ឱ្យនៅស្ថិតស្ថេរជានិច្ចរហូតតរៀងទៅ ព្រះអង្គដាក់ច្បាប់មួយដែលមិនប្រែប្រួលឡើយ។ |
៧ | ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដី មហាសាគរ និងសត្វធំៗនៅក្នុងសមុទ្រអើយ! ចូរសរសើរតម្កើងព្រះអង្គ។ |
៨ | ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រមទាំងខ្យល់ព្យុះ ដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ។ |
៩ | ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ!។ |
១០ | សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សី និងសត្វលូនវារទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអង្គ!។ |
១១ | ស្តេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅលើផែនដី ចូរសរសើរតម្កើងព្រះអង្គ! |
១២ | យុវជន យុវនារី មនុស្សចាស់ជរា និងកូនក្មេង ចូរសរសើរតម្កើងព្រះអង្គ! |
១៣ | ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់ទាំងអស់គ្នាទៅ! ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលប្រសើរឧត្តមលើសគេ ព្រះអង្គសម្តែងភាពថ្កុំថ្កើងរុងរឿងពាសពេញនៅលើផែនដី និងផ្ទៃមេឃ។ |
១៤ | ព្រះអង្គប្រោសប្រទានឱ្យប្រជារាស្ត្ររបស់ព្រះអង្គ មានកម្លាំងឡើងវិញ ហើយធ្វើឱ្យអស់អ្នកដែលជឿលើព្រះអង្គ គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល ដែលស្និទ្ធស្នាលនឹងព្រះអង្គបានខ្ពស់មុខឡើង! អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរសរសើរតម្កើងព្រះអម្ចាស់នៅស្ថានបរមសុខ! អាលេលូយ៉ា! ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ៣៧,១២ខ-១៤)
ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ ៖ “ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាឡើងពីផ្នូរនោះ បន្ទាប់មកយើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។ ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាឡើងមកនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ” នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
បន្ទរ៖ ឱព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអើយ! *សូមអាណិតអាសូរយើងខ្ញុំផង។ បន្ទរឡើងវិញ៖…
-ព្រះអង្គដែលគង់នៅខាងស្តាំព្រះបិតា។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ពួកសាវ័កក៏ចេញទៅ ប្រកាសឱ្យមនុស្សម្នាកែប្រែចិត្តគំនិត។ គេបានដេញអារក្ខជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឱ្យគេជាសះស្បើយ។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ពួកសាវ័កក៏ចេញទៅ ប្រកាសឱ្យមនុស្សម្នាកែប្រែចិត្តគំនិត។ គេបានដេញអារក្ខជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឱ្យគេជាសះស្បើយ។
ពាក្យអង្វរសកល
បពិត្រព្រះបិតា! ព្រះអង្គបានបញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យមកបំភ្លឺចិត្តគំនិតមនុស្សគ្រប់ៗរូប។ សូមព្រះអង្គព្រះសណ្តាប់នូវពាក្យអធិដ្ឋានរបស់យើងខ្ញុំ ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គបំភ្លឺប្រជារាស្រ្តរបស់ព្រះអង្គ។
ឱព្រះជាម្ចាស់ជាព្រះពន្លឺយើងខ្ញុំអើយ ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ
—ព្រះអង្គបានប្រទានថ្ងៃថ្មីដ៏ភ្លឺត្រចះត្រចង់ រួមជាមួយសិរីរុងរឿងរបស់ព្រះអង្គដល់យើងខ្ញុំ។ (បន្ទរ)
ព្រះអង្គបានបំភ្លឺពិភពទាំងមូល នៅពេលព្រះបុត្រាមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង
—តាមរយៈព្រះសហគមន៍ សូមព្រះអង្គបញ្ចេញពន្លឺនេះដល់មនុស្សទាំងអស់ផង។ (បន្ទរ)
ព្រះអង្គបានប្រទានព្រះអំណោយទាននៃការយល់ដឹង ដល់ក្រុមសាវ័ករបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
—សូមព្រះវិញ្ញាណដែលនាំឱ្យមានការយល់ដឹង ថែរក្សាព្រះសហគមន៍ឱ្យមានចិត្តស្មោះត្រង់ចំពោះព្រះអង្គផង។ (បន្ទរ)
ព្រះអង្គជាពន្លឺបំភ្លឺប្រជាជាតិទាំងឡាយ សូមព្រះអង្គនឹកចាំដល់អស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
—សូមព្រះអង្គបើកភ្នែករបស់ពួកគេ ឱ្យពួកគេបានទទួលស្គាល់ព្រះអង្គ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់! ព្រះអង្គតែងតែប្រទានពន្លឺនៃសេចក្តីពិត ឱ្យអស់អ្នកដែលឃ្លាតឆ្ងាយពីព្រះអង្គ អាចវិលត្រឡប់មករកមាគ៌ារបស់ព្រះអង្គវិញបាន។ សូមព្រះអង្គមេត្តាប្រោសឱ្យគ្រីស្តបរិស័ទទាំងអស់ជ្រួតជ្រាបនូវព្រះបន្ទូលព្រះអង្គ និងលះបង់អ្វីៗដែលមិនសមនឹងឋានៈរបស់ខ្លួនផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។