រដូវធម្មតា
ថ្ងៃពុធ អាទិត្យទី១២
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ ! ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១០៨
ពាក្យសរសើរតម្កើងព្រះជាម្ចាស់ និងពាក្យទូលអង្វរ
តាំងពីព្រះជាម្ចាស់លើកព្រះបុត្រាឡើងស្ថានបរមសុខ សិរីរុងរឿងរបស់ព្រះអង្គត្រូវបានប្រកាសទូទាំងភពផែនដី (Arnobius) ។
បន្ទរទី១ ៖ ឱព្រះជាម្ចាស់អើយ ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច !
២ | ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច! ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតបទតម្កើងអស់ពីដួងចិត្ត! |
៣ | ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះ |
៤ | ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា |
៥ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
៦ | ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ ហើយសូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល! |
៧ | សូមយាងមកសង្គ្រោះយើងខ្ញុំដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឱ្យប្រជាជនជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត! |
៨ | ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា: «យើងនឹងយកជ័យជម្នះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូតចែកប្រជារាស្ដ្ររបស់យើង។ |
៩ | កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។ |
១០ | ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថា យើងជាម្ចាស់លើទឹកដីនេះ។ យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។ |
១១ | តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុងដ៏រឹងមាំបាន? តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម? |
១២ | ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។ |
១៣ | សូមជួយយើងខ្ញុំឱ្យប្រឆាំងតទល់នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតប្រយោជន៍អ្វីសោះ។ |
១៤ | បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជម្នះ ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងឱ្យរាប។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះជាម្ចាស់អើយ ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច !
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦១,១០-៦២,៥)
អំណរសប្បាយរបស់ព្យាការីស្តីអំពីក្រុងយេរូសាឡឹមថ្មី
ខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី (វវ ២១,២)។
បន្ទរទី២ ៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។
(បទពាក្យ ៧)
១០- | ខ្ញុំមានអំណរសប្បាយខ្លាំង | ព្រោះតែព្រះអង្គស្តាប់អង្វរ | |
ព្រះអង្គសង្គ្រោះខ្ញុំកំដរ | រហូតរៀងមកមិនដែលខាន | ។ | |
លម្អខ្ញុំដូចកូនកំលោះ | ពាក់មកុដស្រស់ល្អភុំផាន | ||
ដូចកូនក្រមុំយ៉ាងចំណាន | នៅលើវិមានថ្ងៃរៀបការ | ។ | |
១១- | ដីធ្វើឱ្យគ្រាប់ពូជធារដុះ | ពន្លកសក្បុសនៅក្នុងច្បារ | |
លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា | ក្តីសុចរិតថ្លាមិនបាត់បង់ | ។ | |
និងការសរសើរលើកតម្កើង | លូតលាស់ផុសឡើងមិនបង្អង់ | ||
ចេញពីទឹកដីល្អផូរផង់ | នៅមុខទូទាំងជាតិទាំងឡាយ | ។ | |
១- | យើងតែងនិយាយការពារក្រុង | ឱ្យនៅគង់វង្សមានអ្នកថែ | |
យេរូសាឡឹមស៊ីយ៉ូនដែរ | យើងមិនស្ងៀមទេមិនកន្តើយ | ។ | |
ដរាបទាល់តែក្តីសុចរិត | ចាំងចែងពេញពិតទើបធូរស្បើយ | ||
ដូចថ្ងៃរះពេញពន្លឺហើយ | ការសង្គ្រោះឱ្យភ្លឺដូចភ្លើង | ។ | |
២- | ពេលនោះមនុស្សគ្រប់ជាតិសាសន៍ | ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង | |
ស្តេចទាំងប៉ុន្មាននឹកឃើញឡើង | សិរីរុងរឿងនៃអ្នកដែរ | ។ | |
ឈ្មោះចាស់ក្រុងឯងគេលែងហៅ | គេពោលសំដៅតាមគេប្រែ | ||
ឈ្មោះល្អសែនសមអ្វីម៉្លេះទេ | ព្រះប្រទានគេឱ្យរុងរឿង | ។ | |
៣- | ក្រុងឯងនឹងទៅជាភួងជ័យ | ប្រណីតពេកក្រៃសែនថ្កុំថ្កើង | |
នឹងទៅជាមកុដរាជ្យរុងរឿង | ព្រះហស្តព្រះយើងទ្រង់កាន់កាប់ | ។ | |
៤- | គេនឹងលែងហៅអ្នកឯងថា | ស្ត្រីមិនបានការមិនចំណាប់ | |
ស្ត្រីប្តីបោះបង់មិនគួររាប់ | គេលែងបង្អាប់ដល់អ្នកទៀត | ។ | |
តំបន់ជុំវិញគេក៏លែង | មើលងាយហៅថាចោលម្សៀត | ||
ថាស្ងាត់ជ្រងំដូចព្រៃស្បាត | ដែលមានដុះសុទ្ធស្មៅទៀតទេ | ។ | |
តែផ្ទុយទៅវិញគេនឹងហៅ | ឯងថាពាលពៅបងសូមស្នេហ៏ | ||
តំបន់ជុំវិញគេបំពេរ | ថាស្ងួនមាសមេភរិយាបង | ។ | |
ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យ | នឹងអ្នកពេកក្រៃគ្មានសៅហ្មង | ||
ដូចពាក្យសំដីឆ្លើយសារសង | ពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា | ។ | |
៥- | ព្រះម្ចាស់បង្កើតជារូបអ្នក | ទ្រង់គង់ថ្នមថ្នាក់រាល់វេលា | |
សប្បាយឥតខ្វល់ដូចភរិយា | ថ្មីថ្មោងជាគ្នានឹងស្វាមី | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។
ទំនុកតម្កើងលេខ ១៤៦
សុភមង្គលរបស់អស់អ្នកដែលជឿទុកចិត្តលើព្រះជាម្ចាស់
ការសរសើរតម្កើងព្រះជាម្ចាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង មានន័យថា គ្រប់យ៉ាងដែលយើងធ្វើ ត្រូវតែសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ (Arnobius)។
បន្ទរទី៣ ៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។
១ | អាលេលូយ៉ា! ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់អស់ពីដួងចិត្ត! |
២ | ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត ខ្ញុំនឹងស្មូតបទថ្វាយព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។ |
៣ | កុំទុកចិត្តមេដឹកនាំ កុំទុកចិត្តមនុស្សលោក ដែលពុំអាចសង្គ្រោះនរណាបាននោះឡើយ |
៤ | ពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោងការរបស់គេក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។ |
៥ | អ្នកណាដែលព្រះរបស់លោកយ៉ាកុបសង្គ្រោះ ហើយអ្នកណាដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។ |
៦ | ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។ |
៧ | ព្រះអង្គរកយុត្តិធម៌ឱ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នកដែលស្រេកឃ្លាន ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង |
៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត |
៩ | ព្រះអម្ចាស់ការពារជនបរទេស ព្រះអង្គគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែព្រះអង្គធ្វើឱ្យគម្រោងការរបស់មនុស្សអាក្រក់ត្រូវរលាយសូន្យ។ |
១០ | ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ! ព្រះរបស់អ្នកនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៤,៣៩-៤០)
ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។ អ្នកត្រូវកាន់តាមវិន័យ និងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឱ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឱ្យអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឱ្យអ្នកមានអាយុយឺនយូរនៅលើទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឱ្យអ្នករហូតតទៅ។
បន្ទរ៖ ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ *គ្រប់ពេលវេលា។ បន្ទរឡើងវិញ៖..
-ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ចូរយើងគោរពបម្រើព្រះអម្ចាស់ក្នុងភាពដ៏រិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ចូរយើងគោរពបម្រើព្រះអម្ចាស់ក្នុងភាពដ៏រិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
ពាក្យអង្វរសកល
ព្រះគ្រីស្តជាសិរីរុងរឿងរបស់ព្រះបិតា ព្រះអង្គបំភ្លឺយើងខ្ញុំដោយសារព្រះបន្ទូលរបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅថា ៖
បន្ទរ ៖ ឱព្រះមហាក្សត្រនៃសិរីរុងរឿងអស់កល្បជានិច្ចអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង។
សូមលើកតម្កើងព្រះជាម្ចាស់ ព្រះអង្គជាអាល់ផា និងជាអូមេកានៃជំនឿរបស់យើងខ្ញុំ
—ព្រោះព្រះអង្គដែលបានត្រាស់ហៅយើងខ្ញុំចេញពីទីងងឹត ដើម្បីចូលទៅក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ និងមនុស្សថ្លង់ឱ្យស្តាប់ឮ
—សូមព្រះអង្គជួយដល់អ្នកដែលគ្មានជំនឿផង។ (បន្ទរ)
ឱព្រះអម្ចាស់អើយ! សូមព្រះអង្គថែរក្សាការពារយើងខ្ញុំ និងសហគមន៍របស់យើងខ្ញុំ ក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ
—សូមកុំឱ្យយើងបែកពីគ្នាឡើយ។ (បន្ទរ)
សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ នៅពេលយើងខ្ញុំស្ថិតក្នុងការល្បួង និងឱ្យយើងខ្ញុំមានចិត្តស៊ូទ្រាំនៅពេលមានទុក្ខលំបាក
—ហើយឱ្យយើងខ្ញុំមានចិត្តកត្តញ្ញូ នៅពេលសម្បូរសប្បាយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់យើងខ្ញុំ ! ព្រះអង្គប្រោសឱ្យសន្តីអាហ្កាថថ្វាយខ្លួនទាំងស្រុងទៅព្រះអង្គជាព្រហ្មចារិនី និងមានចិត្តក្លាហានហ៊ានបូជាជិវិត។ សូមព្រះអង្គមេត្តាស្តាប់ពាក្យអង្វររបស់សន្តីអាហ្កាថសម្រាប់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។