• ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរ​នាំ​គ្នា​មកថ្វាយ‌បង្គំព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រីអ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ (កាឡ ៤,២៦)។

បន្ទរទី១ ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក។

ព្រះអម្ចាស់បានសង់ក្រុងយេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។
ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូនជាងកន្លែងឯទៀតៗទាំងអស់ នៅលើទឹកដីលោកយ៉ាកុប។
ឱក្រុងរបស់ព្រះជាម្ចាស់អើយ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក ដោយពោលថាៈ
ក្នុងចំណោមអ្នកដែលស្គាល់ខ្ញុំ មានជនជាតិអេស៊ីប និងជនជាតិបាប៊ីឡូន
អ្នកខ្លះកើតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី។
ចំពោះបុរីស៊ីយ៉ូនវិញ គេពោលថា យើងទាំងអស់គ្នាសុទ្ធតែកើតចេញមកពីបុរីស៊ីយ៉ូននេះ!
ព្រះដ៏ខ្ពង់ខ្ពស់បំផុតធ្វើឱ្យបុរីនេះរឹងមាំ។
ព្រះ‌អម្ចាស់​រាប់​ចំនួន​ប្រជា‌រាស្ដ្រ​នានា​ចុះ​ក្នុង​បញ្ជី ហើយ​សរសេរ​ថា
បុរីស៊ីយ៉ូន​ជា​ស្រុក​កំណើតរបស់​ពួក​គេ​ទាំង​អស់​គ្នា។
ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា
“បុរីស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱក្រុងរបស់ព្រះជាម្ចាស់អើយ! គេលើកតម្កើងសីរីរុងរឿងរបស់អ្នក។

ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ចូរស្តាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត” (វវ ២២,១២)។

បន្ទរទី២ ៖ ព្រះជាអម្ចាស់​យាង​មកប្រកប​ដោយ​ឫទ្ធានុភាព ព្រះអង្គនឹងនាំយករង្វាន់នៃជ័យជម្នះមកជាមួយ។

(បទកាកគតិ)

១០-មើលហ្ន! ព្រះជាអម្ចាស់រាល់គ្នាទ្រង់បានយាងមក
ដោយព្រះបារមីខ្លាំងក្រៃលើលោកព្រះអង្គយាងមក
ដើម្បីគ្រងរាជ្យ
១១-ព្រះអង្គប្រៀបបានគង្វាលចំណានពេញដោយអំណាច
នាំអស់ហ្វូងចៀមរាល់ថ្ងៃព្រឹកល្ងាចទាំងមេកូនតូច
កំពុងបំបៅ
១២-តើនរណាចេះអាចមានតំរិះនឹងវាស់ជម្រៅ
មហាសមុទ្រធំហើយសែនជ្រៅវាស់រហូតទៅ
ទាំងផ្ទៃមេឃា
តើនរណាអាចមានតំរិះប្រាជ្ញអាចនឹងគណនា
ធូលីហ្មត់ល្អិតថ្លឹងទាំងព្រឹក្សាគិរីបុព្វតា
ដោយខ្លួនឯងបាន
១៣-តើនរណាអាចស្ទង់នូវញាណប្រាជ្ញនៃព្រះថ្កើងថ្កាន
អាចធ្វើជាទីប្រឹក្សាចំណានផ្តល់គំនិតបាន
ចំពោះព្រះអង្គ
១៤-ទ្រង់ឥតមានសួរយោបល់គាប់គួរឬមួយផ្តោះផ្តង
តែទ្រង់វិនិច្ឆ័យត្រឹមត្រូវកន្លងប្រាជ្ញាញាណផង
ទ្រង់ចេះដឹងសព្វ
១៥-ប្រជាទាំងឡាយដូចទឹកហូរខ្ចាយដែលគេកំពប់
គេមានតម្លៃបីដូចជាគ្រាប់ធូលីគេចាប់
យកទៅដាក់ថ្លឹង
ម្យ៉ាងទៀតដូចកោះដែលមានទាំងអស់មិនអាចនៅនឹង
ដូចជាធូលីត្រូវខ្យល់បក់វឹងកោះគ្មានលំនឹង
ខ្យល់កួចទៅបាត់
១៦-ព្រៃឈើក្នុងស្រុកក៏មិនល្មមទុកធ្វើជាសម្បត្តិ
ឬធ្វើជាអុសរួមទាំងសព្វសត្វទាំងអស់ត្រូវបាត់
ធ្វើយញ្ញពុំបាន
១៧-ចំពោះព្រះភក្ត្រព្រះរបស់អ្នកប្រជាប៉ុន្មាន
គ្មានតម្លៃអ្វីថោកហួសការស្មានប្រើការមិនបាន
ឥតមានប្រយោជន៍
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះជាអម្ចាស់​យាង​មកប្រកប​ដោយ​ឫទ្ធានុភាព ព្រះអង្គនឹងនាំយករង្វាន់នៃជ័យជម្នះមកជាមួយ។

ព្រះគ្រីស្តមានឋានៈធំជាងពួកខេរូប៊ីម នៅពេលព្រះអង្គយកភាពទន់ខ្សោយរបស់យើង ព្រះអង្គបានផ្លាស់ប្តូរអំពើបាបរបស់ពិភពលោក (សន្តអាថាណាស)។

បន្ទរទី៣ ៖ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ចូរ​នាំ​គ្នាក្រាប​ថ្វាយ‌បង្គំព្រះអង្គ តម្រង់​ទៅ​រក​ភ្នំ​ដ៏វិសុទ្ធ។

ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។
ព្រះ‌អង្គ​គង់​នៅ​ពី​លើ​ពួក​ខេរូប៊ីម ហើយ​ផែន‌ដី​កក្រើក​ញាប់‌ញ័រ។
ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម នៅក្រុងស៊ីយ៉ូន
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។
មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាមដ៏ឧត្តុង្គឧត្តម
គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះវិសុទ្ធ!។
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយឫទ្ធានុភាព ព្រះអង្គជាព្រះមហាក្សត្រដែលស្រឡាញ់យុត្តិធម៌!
ព្រះអង្គបានតែងច្បាប់ ហើយធ្វើឱ្យមានសេចក្តីសុចរិត និងយុត្តិធម៌ នៅក្នុងស្រុកអ៊ីស្រាអែល!។
ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង
ចូរនាំគ្នាក្រាបទាបព្រះបាទារបស់ព្រះអង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!
លោកម៉ូសេ និងលោកអរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ
លោកសាមូអែលជាមនុស្សម្នាក់ ក្នុង​ចំណោមអ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គ
ពេល​លោក​ទាំង​នោះ​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ឆ្លើយ​តប​មក​លោក​វិញ។
ព្រះអង្គមានព្រះបន្ទូលពីក្នុងដុំពពកមកអស់លោក
អស់លោក​បាន​កាន់​តាម​ព្រះ‌បញ្ជា និង​ប្រតិបត្តិតាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើ។
ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ពួក​លោក ទោះ​បី​ព្រះ‌អង្គ​ដាក់​ទោស​លោក​ទាំង​នោះ
ព្រោះ​តែ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​ក្តី ក៏​ព្រះ‌អង្គ​តែង‌តែ​អត់‌ទោស​ឲ្យ​ពួក​លោក​ជា‌និច្ច។
ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃយើង
ចូរនាំគ្នាក្រាបថ្វាយបង្គំ តម្រង់​ទៅ​រក​ភ្នំ​ដ៏‌វិសុទ្ធ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ចូរ​នាំ​គ្នាក្រាប​ថ្វាយ‌បង្គំព្រះអង្គ តម្រង់​ទៅ​រក​ភ្នំ​ដ៏វិសុទ្ធ។

បង‌ប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះ‌អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឱ្យ​សម​នឹង​នាទី​របស់​បង‌ប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះ‌អំណោយ​ទាន​គ្រប់​បែប​យ៉ាង​របស់​ព្រះ‌ជាម្ចាស់។ បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឱ្យ​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឱ្យ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត។

បន្ទរ៖ ឱព្រះអម្ចាស់អើយ ពីក្នុងរណ្ដៅដ៏ជ្រៅ ទូល‌បង្គំស្រែកអង្វរព្រះ‌អង្គ *សូមព្រះសណ្ដាប់ទូលបង្គំផង។ បន្ទរឡើងវិញ៖…
-ទូលបង្គំនឹងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ ព្រះ‌អង្គសង្គ្រោះយើងឱ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ ព្រះ‌អង្គសង្គ្រោះយើងឱ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។

យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយចិត្តអំណរសប្បាយ ដែលព្រះអង្គបានជួយណែនាំ និងផ្គត់ផ្គង់ប្រជារាស្ត្ររបស់ព្រះអង្គ ដោយព្រះហឫទ័យស្រឡាញ់។ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ ក្នុងគ្រប់ជំនាន់តរៀងទៅ។

ឱព្រះបិតាដ៏មានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ! យើងខ្ញុំសូមសរសើរតម្កើងចំពោះព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ
—ដ្បិតព្រះអង្គបានបង្កើតយើងខ្ញុំមកយ៉ាងអស្ចារ្យ លើសពីនេះទៅទៀត ព្រះអង្គបានប្រទានឱ្យយើងខ្ញុំទទួលព្រះអំណោយទានរបស់ព្រះអង្គសាជាថ្មី។ (បន្ទរ)

នៅថ្ងៃចាប់ផ្តើមថ្មីនេះ សូមព្រះអង្គធ្វើឱ្យដួងចិត្តរបស់យើងខ្ញុំមានអំណរសប្បាយ ដើម្បីបម្រើព្រះអង្គ
—ដើម្បីឱ្យការគិត និងសកម្មភាពរបស់យើងខ្ញុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើងវិញផង។ (បន្ទរ)

សូមព្រះអង្គលាងជម្រះដួងចិត្តរបស់យើងខ្ញុំ ឱ្យបានរួចចាកផុតពីសេចក្តីអាក្រក់ទាំងឡាយ
—សូមឱ្យយើងខ្ញុំមានចិត្តធ្វើកិច្ចការណាស្របតាមព្រះហឫទ័យរបស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គបើកដួងចិត្តយើងខ្ញុំ ឱ្យចេះមើលឃើញពីតម្រូវការរបស់មនុស្សផងទាំងពួង
—សូមប្រទានឱ្យយើងខ្ញុំចេះបម្រើអ្នកដទៃអស់ពីសមត្ថភាពផង។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះអង្គបំភ្លឺប្រជាជនដែលរស់នៅក្នុងទីងងឹតនៃសេចក្តីស្លាប់ ដោយពន្លឺរស្មីរបស់ព្រះអង្គ។ សូមឱ្យពន្លឺដែលរះពីទីខ្ពស់ ចាំងមកលើយើងខ្ញុំ តាមរយៈព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

18 Views

Theme: Overlay by Kaira