• ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ ៖ ចូរយើងនាំគ្នាស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ! ចូរយើងនាំគ្នាចូលមកសម្រាកនៅក្រោមម្លប់បារមីរបស់ព្រះអង្គ! ។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចូរច្រៀងកោតសរសើរកិច្ចប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។

បន្ទរទី១ ៖ ទូលបង្គំប្រកាស​អំពី​ព្រះហឫទ័យមេត្តា​ករុណា​របស់​ព្រះអង្គ តាំង​ពី​ព្រលឹម​មក ហើយ​ប្រកាស​អំពី​ព្រះហឫទ័យស្មោះស្ម័គ្ររបស់​ព្រះអង្គ​នៅ​ពេល​យប់។

បពិត្រព្រះអម្ចាស់ ! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់
ស្មូតបទតម្កើង សរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ !
ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក
ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់
ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។
បពិត្រព្រះអម្ចាស់ ! កិច្ចការដែលព្រះអង្គធ្វើ នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់
ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្តរបស់ព្រះអង្គ។
បពិត្រព្រះអម្ចាស់ ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់
ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ !
មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។
មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ
មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ
ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។
រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច !
១០បពិត្រព្រះអម្ចាស់ ! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
១១ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី
ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
១២ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល
ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ
១៣មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត
ហើយចម្រើនធំឡើងដូចដើមតាត្រៅនៅ​ស្រុក​លីបង់។
១៤ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះ‌វិហាររបស់​ព្រះ‌ជាម្ចាស់
១៥ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល
គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
១៦ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ
ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំប្រកាស​អំពី​ព្រះហឫទ័យមេត្តា​ករុណា​របស់​ព្រះអង្គ តាំង​ពី​ព្រលឹម​មក ហើយ​ប្រកាស​អំពី​ព្រះហឫទ័យស្មោះស្ម័គ្ររបស់​ព្រះអង្គ​នៅ​ពេល​យប់។

ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប (មថ ២៣,៣៧)។

បន្ទរទី២ ៖ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌អម្ចាស់ ! ចូរ​លើក​តម្កើងភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ​នៃ​យើង !

(បទពាក្យ ៧)

១-ឱផ្ទៃមេឃអើយចូរត្រងត្រាប់ពាក្យខ្ញុំថ្លែងប្រាប់ជាដំណឹង
ផែនដីអើយចូរអ្នកខំប្រឹងស្តាប់ឱ្យបានដឹងខ្ញុំបរិយាយ
២-សូមឱ្យពាក្យខ្ញុំទាំងប៉ុន្មានដែលបានទូន្មានរៀងរាល់ថ្ងៃ
ឱ្យដូចសន្សើមភ្លៀងធ្លាក់ថ្មីរុក្ខជាតិខៀវខ្ចីស្រស់បំព្រង
៣-ខ្ញុំនឹងប្រកាសពីព្រះនាមមិនព្រមនៅស្ងៀមមិនភ្លេចម្តង
លើកតម្កើងភាពខ្ពស់កន្លងរុងរឿងគ្មានហ្មងព្រះនៃយើង
៤-ព្រះអម្ចាស់ប្រៀបដូចថ្មដាជាផ្ទាំងសិលាដ៏សែនរឹង
មាគ៌ាព្រះអង្គសុចរិតត្រង់បរិសុទ្ធឥតហ្មងឥតមានខ្ចោះ
៥-ប៉ុន្តែព្រះអង្គទ្រង់ជ្រាបថាអ្នកទាំងអស់គ្នាក្បត់ទាំងអស់
ដោយអ្នកមានចិត្តមិនត្រង់ស្មោះព្រះអង្គផាត់អស់មិនទុកនៅ
លែងរាប់លែងរកលែងទុកថាជាបុត្រធីតាជាកូនចៅ
អ្នករាល់គ្នាមានចិត្តអាស្រូវវៀចវេរមិនត្រូវក្បត់ព្រះអង្គ
៦-ឱជនល្ងីល្ងើឥតប្រាជ្ញាចុះម្តេចឡើយណាមិនបោះបង់
ព្រះគុណព្រះអង្គច្រើនកន្លងតោងគិតផ្គូរផ្គងគិតនឹកនា
ទ្រង់ជាបិតាដែលបង្កើតឱ្យមានកំណើតកើតជន្មា
ឱ្យអ្នកបានក្លាយជាប្រជាជាតិមាំអស្ចារ្យខ្លាំងទៀតផង
៧-ចូរអ្នករាល់គ្នានឹកនាចាំគិតអំពីឆ្នាំដែលកន្លង
ឪពុកដូនតាកុំមានហ្មងរ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់
៨-ពេលព្រះខ្ពង់ខ្ពស់ប្រទានដីជាកេរថ្លាថ្លៃទ្រព្យសំណព្វ
ពេលទ្រង់បំបែកមនុស្សលោកសព្វថែមទាំងកំណត់ព្រំដែនឱ្យ
ព្រះអង្គប្រទានតាមចំនួនឱ្យបានសមសួនមិនបណ្តោយ
គ្នាតិចបានតិចមិនឱ្យធ្លោយគ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង
៩-ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែលទុកជារាស្ត្រផ្ទាល់នៃព្រះអង្គ
ទាំងពូជយ៉ាកុបថែមទៀតផងទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន
១០-ព្រះម្ចាស់រកឃើញអ៊ីស្រាអែលនៅតាមទីវាលរហោស្ថាន
ក្នុងដីហួតហែងព្រៃស្មសានសុទ្ធតែតិរច្ឆានស្នាក់នៅជុំ
តែព្រះអង្គបានបីបាច់ថែថ្នាក់ថ្នមរូបគេហើយអប់រំ
ការពារក្រសោបឱ្យនៅជុំគេរស់សុខដុមផុតវេទនា
១១-ព្រះអង្គការពារនិងណែនាំឱ្យដើរត្រង់ចំផ្លូវសាស្តា
ដូចសត្វឥន្ទ្រីយ៍ជាបក្សាត្រដាងស្លាបវាបាំងកូនបាន
១២-មានតែព្រះម្ចាស់មួយព្រះអង្គដឹកនាំរាស្ត្រទ្រង់យ៉ាងចំណាន
ឱ្យគេរស់នៅយ៉ាងសុខសាន្តព្រះផ្សេងមិនបានដូចទ្រង់ឡើយ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌អម្ចាស់ ! ចូរ​លើក​តម្កើងភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ​នៃ​យើង !

ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត
ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ (អភ ១,២២)។

បន្ទរទី៣ ៖ បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល !

បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំ !
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង លើសផ្ទៃមេឃទៅទៀត! ។
ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ
ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។
ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ
ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ
ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
តើបុត្រមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?
ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដរាជ្យ។
ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក
ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ ឱ្យនៅក្រោមជើងរបស់គេ
គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន
ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ
និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
១០បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ !
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល !

ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្តាសារគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ត្រូវមានចិត្តចុះសម្រុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាបវិញ។

បន្ទរ ៖ ចូរ​ច្រៀង​តម្កើង​ព្រះ‌អង្គដោយអំណរ *ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយព្រះអង្គ!។ បន្ទរឡើងវិញ៖…
-ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ សូមព្រះអង្គតម្រង់​ផ្លូវ​យើងឆ្ពោះ​ទៅ​រក​សេចក្ដីសុខសាន្ត។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ សូមព្រះអង្គតម្រង់​ផ្លូវ​យើងឆ្ពោះ​ទៅ​រក​សេចក្ដីសុខសាន្ត។

ចូរយើងលើកតម្កើងព្រះហឫទ័យសប្បុរស និងព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ត ព្រះអង្គបានប្រទានសេចក្តីស្រឡាញ់របស់ព្រះអង្គ និងការយល់ដឹងដល់មនុស្សទាំងអស់ ជាពិសេស ដល់អ្នកដែលកំពុងរងទុក្ខវេទនា។ យើងខ្ញុំសូមទូលអង្វរព្រះអង្គដោយពោលថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ បានគ្រប់លក្ខណៈនៅក្នុងយើងដែរ។

នៅពេលព្រឹកនេះ យើងខ្ញុំសូមរំឭកនូវការរស់ឡើងវិញរបស់ព្រះអង្គ
—ហើយសូមឱ្យយើងខ្ញុំបានទទួលផលពីការប្រោសលោះនេះផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គជួយឱ្យយើងខ្ញុំក្លាយទៅជាសាក្សីរបស់ព្រះអង្គនៅថ្ងៃនេះ
—ហើយថ្វាយដង្វាយទៅព្រះបិតាតាមរយៈព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គបើកភ្នែកយើងខ្ញុំឱ្យមើលឃើញព្រះអង្គនៅក្នុងមនុស្សទាំងអស់
—ដើម្បីឱ្យយើងខ្ញុំបម្រើព្រះអង្គនៅក្នុងចំណោមពួកគេផង។ (បន្ទរ)

ឱព្រះអម្ចាស់យេស៊ូអើយ ! ព្រះអង្គជាដើមទំពាំងបាយជូរ យើងខ្ញុំជាមែក
—សូមប្រទានឱ្យយើងខ្ញុំស្ថិតនៅជាប់នឹងព្រះអង្គ ដើម្បីបង្កើតផលផ្លែបានច្រើន និងលើកតម្កើងសិរីរុងរឿងដល់ព្រះបិតាផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គឥតឈប់ឈរ ដោយអស់ពីដួងចិត្ត និងជាមួយការរស់នៅរបស់យើងខ្ញុំ។ រាល់ជីវិតរបស់យើងខ្ញុំ គឺជាព្រះអំណោយទានមកពីព្រះអង្គ យើងខ្ញុំសូមថ្វាយអ្វីៗទាំងអស់ដែលយើងខ្ញុំមានទៅព្រះអង្គវិញ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

18 Views

Theme: Overlay by Kaira