រដូវបុណ្យចម្លង
ថ្ងៃពុធ អាទិត្យទី៧
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៦
ពាក្យអធិដ្ឋានរបស់មនុស្សកំសត់ទុគ៌តនៅពេលមានទុក្ខព្រួយ
សូមលើកតម្កើងព្រះជាម្ចាស់ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា។
ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខគ្រប់បែបយ៉ាង (២ករ ១,៣-៤)។
បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ អាលេលូយ៉ា!
១- | ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំផង! សូមឆ្លើយតបមកទូលបង្គំវិញ ដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត! |
២- | សូមរក្សាការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ ដែលផ្ញើជីវិតលើព្រះអង្គនេះផង! |
៣- | ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ ដ្បិតទូលបង្គំស្រែកហៅរកព្រះអង្គពេញមួយថ្ងៃ។ |
៤- | ឱព្រះអម្ចាស់អើយ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ |
៥- | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស និងតែងតែអត់អោនឱ្យយើងខ្ញុំ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។ |
៦- | ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអង្វររបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង។ |
៧- | នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ។ |
៨- | បពិត្រព្រះអម្ចាស់! ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។ |
៩- | បពិត្រព្រះអម្ចាស់! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។ |
១០- | ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអង្គធ្វើការអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។ |
១១- | ឱព្រះអម្ចាស់អើយ! សូមបង្ហាញមាគ៌ារបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្តីពិតរបស់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។ |
១២- | បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងស្មោះអស់ពីចិត្ត ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតរៀងទៅ |
១៣- | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់ ព្រះអង្គបានរំដោះជីវិតទូលបង្គំឱ្យរួចផុតពីមច្ចុរាជ។ |
១៤- | បពិត្រព្រះអម្ចាស់! មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរឃៅមួយពួក ចង់ដកជីវិតទូលបង្គំ អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។ |
១៥- | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្តោស ព្រះអង្គអត់ធ្មត់ ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។ |
១៦- | សូមបែរព្រះភក្រ្តមកទតមើលទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ សូមប្រទានកម្លាំងមកទូលបង្គំ ហើយសង្គ្រោះទូលបង្គំ ដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។ |
១៧- | សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យចំពោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស ដើម្បីឱ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ត្រូវអាម៉ាស់។ បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៣,១៣-១៦)
ការវិនិច្ឆ័យត្រឹមត្រូវរបស់ព្រះជាម្ចាស់
ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន
និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ (កក ២,៣៩)។
បន្ទរទី២ ៖ ពេលនោះ យើងនឹងឃើញព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើង អាលេលូយ៉ា!
(បទកាកគតិ)
១៣- | ឱអ្នកដែលនៅ | ស្រុកឆ្ងាយៗត្រូវ | នាំគ្នាប្រុងស្តាប់ |
អំពីកិច្ចការ | ដែលយើងធ្វើស្រាប់ | ត្រូវខំត្រងត្រាប់ | |
ស្តាប់ទាំងអស់គ្នា | ។ | ||
ឯអ្នកដែលនៅ | ជិតៗនេះត្រូវ | កុំនៅរួញរា | |
ត្រូវទទួលស្គាល់ | បារមីឫទ្ធា | អានុភាពចេស្តា | |
យើងខ្លាំងក្លាក្រៃ | ។ | ||
១៤- | នៅក្រុងស៊ីយ៉ូន | មនុស្សបាបញ័រខ្លួន | រន្ធត់ភិតភ័យ |
ពួកទមិឡតក់ស្លុត | ញ័រអស់ជើងដៃ | គេពោលស្រដី | |
ពាក្យដូច្នេះថា | ។ | ||
ពួកយើងទាំងអស់ | នរណាអាចរស់ | ជិតភ្លើងខ្លាំងក្លា | |
ឬក្បែរគុកភ្លើង | ឆេះខ្លាំងអស្ចារ្យ | អស់កល្បយូរយារ | |
តទៅជានិច្ច | ។ | ||
១៥- | មានតែអ្នកបាន | ប្រព្រឹត្តតាមដាន | មាគ៌ាសុចរិត |
និងអ្នកនិយាយ | តែពាក្យដែលពិត | ទើបអាចស្ថេរស្ថិត | |
កៀកកិតនៅជាប់ | ។ | ||
គឺអ្នកមិនធ្វើ | ទៅតាមអំពើ | ហិង្សាមិនគាប់ | |
ចង់រកកម្រៃ | ប្រវ័ញ្ចគៃកិប | មិនទទួលយក | |
សំណូកទៀតផង | ។ | ||
១៦- | មនុស្សបែបនេះ | នឹងបាននៅរស់ | កន្លែងខ្ពស់ខ្ពង់ |
មានថ្មរឹងមាំ | ជ្រកកោនទៀតផង | អាហារគ្រប់គ្រាន់ | |
ទាំងទឹកមិនខ្វះ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ពេលនោះ យើងនឹងឃើញព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើង អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៩៨
ព្រះអម្ចាស់វិនិច្ឆ័យទោស ដោយព្រះហឫទ័យមេត្តាករុណា
នៅក្នុងទំនុកតម្កើងមួយនេះ មានរៀបរាប់អំពីការយាងមកលើកដំបូងរបស់ព្រះអម្ចាស់
ហើយមានមនុស្សគ្រប់ជាតិសាសន៍ នឹងទទួលជឿលើព្រះអង្គ (សន្តអាថាណាស)។
បន្ទរទី៣ ៖ មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង អាលេលូយ៉ា!
១- | ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានប្រព្រឹត្តការអស្ចារ្យ ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្តាដ៏វិសុទ្ធរបស់ព្រះអង្គ។ |
២- | ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គបានសម្តែងឱ្យប្រជាជាតិនានា ឃើញសេចក្តីសុចរិតរបស់ព្រះអង្គ។ |
៣- | ព្រះអង្គនៅតែសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង។ |
៤- | មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរអបអរសាទរព្រះអម្ចាស់ដោយអំណរ! ចូរស្រែកហ៊ោរយ៉ាងសប្បាយ ព្រមទាំងដេញតូរ្យតន្ត្រីផង! |
៥- | ចូរដេញពិណថ្វាយព្រះអម្ចាស់ ចូរដេញយ៉ាងពីរោះថ្វាយព្រះអង្គ |
៦- | ចូរផ្លុំត្រែ និងផ្លុំស្នែង ចូរអបអរសាទរព្រះអម្ចាស់ ជាព្រះមហាក្សត្រ!។ |
៧- | សមុទ្រ និងអ្វីដែលមានជីវិតនៅក្នុងសមុទ្រ ផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង! |
៨- | ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោរព្រមៗគ្នាឡើង |
៩- | នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី ព្រះអង្គនឹងគ្រប់គ្រងផែនដីដោយយុត្តិធម៌ ព្រះអង្គនឹងគ្រប់គ្រងប្រជាជនទាំងឡាយដោយទៀងត្រង់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៦,៨-១១)
ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ដ យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ ព្រោះយើងដឹងថា ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ ដ្បិតព្រះអង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឱ្យបានរួចផុតពីអំណាចបាបម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សម្រាប់ព្រះជាម្ចាស់។ រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះគ្រីស្ដយេស៊ូ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖..
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឱ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ត អាលេលូយ៉ា!
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឱ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ត អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើជាបន្ទាល់ឱ្យវិញ្ញាណរបស់យើងដឹងថា យើងខ្ញុំជាបុត្រធីតារបស់ព្រះជាម្ចាស់។ ចូរយើងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា ដោយទូលថា ៖
បន្ទរ៖ បពិត្រព្រះបិតា ! សូមព្រះសណ្តាប់ពាក្យអង្វររបស់បុត្រធីតាព្រះអង្គផង !
បពិត្រព្រះជាម្ចាស់ដែលមានព្រះហឫទ័យអត់ធ្មត់ និងលួងលោម ! សូមបង្រៀនយើងខ្ញុំឱ្យមានចិត្តថ្លើមតែមួយ ដោយយកគំរូតាមព្រះយេស៊ូ
—ដូច្នេះ យើងខ្ញុំអាចច្រៀងកោតសរសើរព្រះអង្គ ដោយសម្លេងតែមួយ និងវិញ្ញាណតែមួយ។ (បន្ទរ)
សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទាំងអស់គ្នា ចេះស្វែងរកការបម្រើអ្នកជិតខាង
—ដោយការធ្វើអំពើល្អ និងកសាងសហគមន៍នៃក្តីស្រឡាញ់។ (បន្ទរ)
សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំស្ថិតនៅក្រោមការណែនាំពីវិញ្ញាណនៃលោកីយ៍ ដែលចាក់ឫសនៅក្នុងមារកំណាចនោះឡើយ
—តែសូមដឹកនាំយើងខ្ញុំដោយសារព្រះវិញ្ញាណដែលមកពីព្រះអង្គវិញ។ (បន្ទរ)
ព្រះអង្គឈ្វេងយល់ចិត្តគំនិតមនុស្សទាំងអស់
—សូមណែនាំយើងខ្ញុំឱ្យដើរតាមមាគ៌ានៃសេចក្តីពិត និងភាពស្មោះត្រង់ជានិច្ច។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ! សូមព្រះអង្គបង្រួបបង្រួមព្រះសហគមន៍ឱ្យរួមគ្នាក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងខ្ញុំអាចបម្រើព្រះអង្គដោយអស់ពីដួងចិត្ត ហើយធ្វើការរួមជាមួយគ្នាដោយសេចក្តីស្រឡាញ់ ដែលមិនអាត្មានិយម។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។