រដូវបុណ្យចម្លង
ថ្ងៃសៅរ៍ អាទិត្យទី៥
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២
វិន័យរបស់ព្រះអម្ចាស់
សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឱ្យរស់នៅតាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ អាលេលូយ៉ា!
១៤៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ! |
១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមួយយប់ទល់ភ្លឺ។ |
១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឱ្យរស់នៅតាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)
ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម
អស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។
បន្ទរទី២ ៖ អស់អ្នកដែលមានជ័យជម្នះ នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងចម្រៀងរបស់កូនចៀម អាលេលូយ៉ា!
(បទពាក្យ ៧)
១- | ខ្ញុំស្រែកច្រៀងថ្វាយព្រះ | ជាអម្ចាស់ដែលមានជ័យ | |
លើទ័ពសេះល្បាញល្បី | លិចលង់ក្ស័យក្នុងសមុទ្រ | ។ | |
២- | ព្រះម្ចាស់ជាកម្លាំង | ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត | |
ខ្ញុំសូមឱនក្រាបលុត | ទាំងច្រៀងបទថ្កើងព្រះអង្គ | ។ | |
ព្រោះទ្រង់បានសង្គ្រោះ | ខ្ញុំឲ្យរស់ផុតសៅហ្មង | ||
ព្រះឪពុកខ្ញុំផង | ព្រះខ្ពស់ខ្ពង់លើសអ្វីៗ | ។ | |
៣- | ទ្រង់ជាវីរបុរស | ប្រសើរខ្ពស់លើផែនដី | |
អង់អាចពូកែក្រៃ | ព្រះនាមថ្លៃ “ព្រះអម្ចាស់ | ។ | |
៤- | ព្រះអង្គបានធ្វើឲ្យ | កងទ័ពថយវិនាសអស់ | |
ទាំងទ័ពទាំងរទេះ | ត្រូវវិនាសក្នុងសមុទ្រ | ។ | |
៨- | ពេលខ្យល់បក់បោកមក | ទឹករលកផ្តុំគ្នាឡើង | |
ទំនប់ទឹករលើង | មកនៅគឿងសមុទ្រជាន់ | ។ | |
៩- | ខ្មាំងសត្រូវពោលថា | ខ្ញុំដេញគេតាមឲ្យទាន់ | |
ខ្ញុំទទួលជយភណ្ឌ | ច្រើនគ្រប់គ្រាន់ទើបចាត់ការ | ។ | |
១០- | ព្រះអង្គទ្រង់ផ្លុំខ្យល់ | ទឹកវិលវល់គ្រប់កាយា | |
ពួកគេលិចមរណា | ក្នុងជលសាដូចសំណ | ។ | |
១១- | បពិត្រព្រះអម្ចាស់ | ប្រសើរណាស់ពេញបវរ | |
តើមានព្រះណាល្អ | យុត្តិធម៌ដូចព្រះអង្គ ? | ។ | |
ទ្រង់វិសុទ្ធរឿងរុង | អស្ចារ្យខ្លាំងពេកកន្លង | ||
គួរស្ញែងខ្លាចព្រឺផង | ហើយមានទាំងឫទ្ធីខ្ពស់ | ។ | |
១២- | ព្រះអង្គក្តៅព្រះទ័យ | គ្មានប្រណីគិតស្រណោះ | |
ពេលទ្រង់លើកព្រះហស្ត | ផែនដីប្រេះស្រូបគេឈឹង | ។ | |
១៣- | ព្រះអង្គបានលោះលា | រាស្រ្តគ្រប់គ្នាមានរំពឹង | |
ដឹកនាំគេតម្រង់ | ដំណាក់ទ្រង់ដ៏ឧត្តម | ។ | |
១៧- | ព្រះអង្គនាំប្រជា | រាស្រ្តគ្រប់គ្នាទៅលើភ្នំ | |
ជាចំណែកដ៏ធំ | កន្លែងសំណាក់ព្រះអង្គ | ។ | |
ឱព្រះអម្ចាស់អើយ | ព្រះអង្គហើយដែលបានសង់ | ||
ទីសក្ការៈត្រចង់ | ដោយហស្តទ្រង់កសាងផ្ទាល់ | ។ | |
១៨- | ព្រះម្ចាស់នឹងគ្រងរាជ្យ | ពេញអំណាចអស់កប្បកល្ប | |
ជានិច្ចគ្មានពិភាល់ | ជារៀងរាល់អង្វែងទៅ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ អស់អ្នកដែលមានជ័យជម្នះ នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងចម្រៀងរបស់កូនចៀម អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១១៧
ចូរសរសើរតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។
បន្ទរទី៣ ៖ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ អាលេលូយ៉ា!
១ | ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
២ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។ សូមសរសើរតម្កើងព្រះអម្ចាស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៤,៧-៩)
ក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់ អាលេលូយ៉ា!
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់ អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តជានំប៉័ងនៃជីវិត ព្រះអង្គនឹងក្រោកឡើងនៅថ្ងៃចុងក្រោយបំផុត អស់អ្នកដែលរួមចំណែកក្នុងព្រះបន្ទូល និងព្រះកាយព្រះអង្គ នឹងមានជីវិតរស់ឡើងវិញ។ យើងខ្ញុំសូមទូល ដោយអំណរសប្បាយថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានសេចក្តីសុខសាន្ត និងអំណរសប្បាយឱ្យយើងខ្ញុំផង !
ឱព្រះបុត្រារបស់ព្រះជាម្ចាស់ ! ព្រះអង្គក្រោកឡើងពីចំណោមមនុស្សស្លាប់ ដើម្បីដឹកនាំយើងខ្ញុំចូលទៅកាន់ជីវិត
—សូមព្រះអង្គប្រទានព្រះពរ និងប្រោសឱ្យបុត្រធីតាទាំងឡាយនៃព្រះបិតាបានវិសុទ្ធផង។ (បន្ទរ)
ព្រះអង្គប្រទានសេចក្តីសុខសាន្ត និងអំណរសប្បាយដល់អស់អ្នកដែលជឿលើព្រះអង្គ
—សូមប្រោសឱ្យយើងខ្ញុំធ្វើជាបុត្រធីតានៃពន្លឺ ហើយរីករាយក្នុងជ័យជម្នះរបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គកសាងជំនឿរបស់ព្រះសហគមន៍ ដែលធ្វើដំណើរនៅលើផែនដីនេះ
—ដើម្បីឱ្យព្រះសហគមន៍អាចធ្វើជាសាក្សីអំពីការរស់ឡើងវិញរបស់ព្រះអង្គនៅមុខមនុស្សលោក។ (បន្ទរ)
ព្រះអង្គបានរងទុក្ខលំបាក និងចូលទៅក្នុងសិរីរុងរឿងនៃព្រះបិតា
—សូមព្រះអង្គផ្លាស់ប្តូរទុក្ខព្រួយរបស់យើងខ្ញុំ ឱ្យក្លាយទៅជាអំណរសប្បាយវិញ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតថ្មីឱ្យយើងខ្ញុំដោយសារជំនឿ និងប្រោសឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានសេចក្តីក្លាហាននាំដំណឹងល្អនេះដល់មនុស្សលោកសព្វថៃ្ងផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅ ដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។