រដូវរង់ចាំ
ថ្ងៃសៅរ៍ សប្ដាហ៍ទី៣
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់គង់នៅជិតបង្កើយហើយ ចូរយើងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២
ខ្ញុំស្រែកហៅ ព្រះអង្គគង់ជិតខ្ញុំ
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី១ ៖ ព្រះជាម្ចាស់នឹងយាងមកពីស្រុកលីបង់។ ព្រះអង្គនឹងភ្លឺដូចព្រះអាទិត្យ។
១៤៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ! |
១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមុនពេលភ្លឺ។ |
១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់នឹងយាងមកពីស្រុកលីបង់។ ព្រះអង្គនឹងភ្លឺដូចព្រះអាទិត្យ។
បទលើកតម្កើងតាមគម្ពីរព្រះប្រាជ្ញាញាណ (ប្រាញ ៩,១-៦.៩-១១)
សូមព្រះអង្គប្រទានព្រះប្រាជ្ញាញាណមកទូលបង្គំ
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំងអាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ (លក ២១,១៥)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី២ ៖ សូមព្រះដ៏វិសុទ្ធដែលមកពីស្ថានបរមសុខ យាងចុះមកដូចទឹកភ្លៀង។ សូមឱ្យផែនដីចេញផ្កា ហើយទទួលព្រះសង្រ្គោះដ៏ទន់ភ្លន់។
(បទពាក្យ ៧)
១- | ឱព្រះជាម្ចាស់ថ្លៃឧត្តម | ប្រសើរសក្តិសមពន់ពេកណាស់ | |
ព្រះអង្គជាព្រះបុព្វបុរស | ទ្រង់ធ្លាប់សន្តោសស្ម័គ្រមេត្តា | ។ | |
ព្រះអង្គបង្កើតពិភពលោក | ក្នុងទឹកលើគោកពេញត្រៀបត្រា | ||
ដោយព្រះបន្ទូលពោលវាចា | រស់ពេញលោកាច្រើនវាល់លាន | ។ | |
២- | ព្រះអង្គបានសូនរូបមនុស្ស | ទាំងស្រីទាំងប្រុសដោយវិញ្ញាណ | |
ឱ្យគ្រប់គ្រងសត្វលោកប៉ុន្មាន | ដែលព្រះអង្គបានបង្កើតស្រេច | ។ | |
៣- | ឱ្យត្រួតកាន់កាប់តាមសុចរិត | ដោយភាពវិសុទ្ធល្អបណ្តាច់ | |
ព្រមទាំងឱ្យវិនិច្ឆ័យសម្រេច | កុំឱ្យក្រឡាច់ពីយុត្តិធម៌ | ។ | |
៤- | សូមទ្រង់មេត្តាប្រោសប្រទាន | ព្រះប្រាជ្ញាញាណដ៏បវរ | |
ដល់ខ្ញុំជាអ្នកនៅកំដរ | ហើយសូមអង្វរកុំកាត់កាល់ | ។ | |
៥- | ទូលបង្គំជាអ្នកបម្រើ | ម្តាយខ្ញុំក៏ធ្វើគ្មានពិភាល់ | |
ខ្ញុំមនុស្សឆោតល្ងង់មិនសូវយល់ | វិន័យនិមលច្បាប់ព្រះអង្គ | ។ | |
៦- | ទោះបីជាមានមនុស្សណា | ល្អគ្រប់ប្រការឥតមានហ្មង | |
តែគ្មានប្រាជ្ញាញាណតម្រង់ | ជីវិតគេផងក៏គ្មានន័យ | ។ | |
៩- | បពិត្រព្រះម្ចាស់ព្រះប្រាជ្ញា | ញាណដ៏ថ្លៃថ្លាគង់សព្វថ្ងៃ | |
ជាមួយព្រះអង្គជ្រាបអស់ន័យ | ស្នាព្រះហស្តថ្លៃទាំងប៉ុន្មាន | ។ | |
ពេលទ្រង់បង្កើតពិភពលោក | ប្រាជ្ញាញាណមកគង់សុខសាន្ត | ||
ជាមួយព្រះអង្គគ្មានរំខាន | ព្រះអង្គជ្រាបបានអ្វីទាំងអស់ | ។ | |
១០- | សូមទ្រង់ប្រទានព្រះប្រាជ្ញា | ញាណវិសុទ្ធថ្លាដោយសន្តោស | |
ឱ្យចុះពីស្ថានបរមសុខខ្ពស់ | ពីបល្ល័ង្កយសដ៏ឧត្តម | ។ | |
សូមឱ្យព្រះប្រាជ្ញាញាណរួម | ធ្វើការទាំងព្រមជាមួយខ្ញុំ | ||
បង្ហាត់បង្រៀនការតូចធំ | កិច្ចការដែលល្មមគាប់ព្រះទ័យ | ។ | |
១១- | ដ្បិតព្រះប្រាជ្ញាញាណជ្រាបសព្វ | ទ្រង់ឈ្វេងយល់គ្រប់ទាំងឈ្លាសវៃ | |
ណែនាំរូបខ្ញុំទាំងរំពៃ | ការពារផុតភ័យខ្ញុំរុងរឿង | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ សូមព្រះដ៏វិសុទ្ធដែលមកពីស្ថានបរមសុខ យាងចុះមកដូចទឹកភ្លៀង។ សូមឱ្យផែនដីចេញផ្កា ហើយទទួលព្រះសង្រ្គោះដ៏ទន់ភ្លន់។
ទំនុកតម្កើងលេខ ១១៧
ចូរសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី៣ ៖ អ៊ីស្រាអែលអើយ! ចូររៀបចំខ្លួនជួបនឹងព្រះអម្ចាស់ ដ្បិតព្រះអង្គកំពុងតែយាងមក។
១ | ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
២ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។ សូមសរសើរតម្កើងព្រះអម្ចាស់ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អ៊ីស្រាអែលអើយ! ចូររៀបចំខ្លួនជួបនឹងព្រះអម្ចាស់ ដ្បិតព្រះអង្គកំពុងតែយាងមក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៧,១៤-១៥)
ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា «អេម៉ានូអែល»។ បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អវិញ។
បន្ទរ៖ យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ កុំភ័យខ្លាចអ្វីឡើយ ! ក្នុងរយៈពេលប្រាំថ្ងៃ ព្រះអម្ចាស់របស់យើងនឹងយាងមកសង្រ្គោះយើង។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ កុំភ័យខ្លាចអ្វីឡើយ ! ក្នុងរយៈពេលប្រាំថ្ងៃ ព្រះអម្ចាស់របស់យើងនឹងយាងមកសង្រ្គោះយើង។
ពាក្យអង្វរសកល
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ បានយាងមកគង់នៅក្នុងចំណោមយើងរាល់គ្នា ដោយព្រះហឫទ័យមេត្តាករុណរបស់ព្រះអង្គ។ ចូរយើងស្រែកទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !
ព្រះអង្គបានយាងមកពីព្រះបិតា យកសភាពជាមនុស្សធម្មតាដូចយើងខ្ញុំ
—សូមព្រះអង្គរំដោះយើងខ្ញុំឱ្យរួចពីមហន្តរាយ ដែលមកពីអំពើបាបផង។ (បន្ទរ)
នៅថ្ងៃណាមួយ ព្រះអង្គនឹងយាងមកម្តងទៀតក្នុងសិរីរុងរឿង ដើម្បីប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស
—នៅថ្ងៃនេះ សូមព្រះអង្គយាងមកជួយយើងខ្ញុំដែលជាអ្នកបាប ឱ្យទទួលស្គាល់ព្រះហឫទ័យមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះអង្គផង។ (បន្ទរ)
យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់យេស៊ូ
—សូមព្រះអង្គយាងមកនាំការសង្រ្គោះមកយើងខ្ញុំផង។ (បន្ទរ)
ដោយសារជំនឿ ព្រះអង្គនាំយើងខ្ញុំចូលមកក្នុងពន្លឺ
—សូមឱ្យយើងខ្ញុំបង្ហាញយុត្តិធម៌របស់ព្រះអង្គ តាមទង្វើរបស់យើងខ្ញុំផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាអើយ ! ព្រះអង្គសណ្តាប់ពាក្យទូលអង្វររបស់យើងខ្ញុំ ដោយចាត់ព្រះបុត្រាឲ្យយាងមករួមរស់ជាមួយមនុស្សលោក ទាំងប្រទានកិត្តិយសដ៏ថ្លៃថ្លាឲ្យយើងខ្ញុំ។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ព្រះអង្គនៅថៃ្ងព្រះគ្រីស្តយាងមក។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។