រដូវរង់ចាំ
ឬ ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ
ថ្ងៃព្រហស្បតិ៍ សប្ដាហ៍ទី២
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
ថ្ងៃព្រហស្បតិ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨០
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គឱ្យយើងខ្ញុំឃើញ ហើយសូមយាងមកសង្គ្រោះយើងខ្ញុំផង!
២ | ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ឱព្រះអង្គដែលគង់នៅលើពួកខេរូប៊ីមអើយ! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ |
៣ | សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ សូមយាងមកសង្គ្រោះយើងខ្ញុំផង! |
៤ | ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
៥ | បពិត្រព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល! តើព្រះអង្គទ្រង់ព្រះពិរោធ មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត? |
៦ | ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។ |
៧ | ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។ |
៨ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!។ |
៩ | ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។ |
១០ | ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក |
១១ | ម្លប់នៃទំពាំងបាយជូរនោះ គ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។ |
១២ | ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។ |
១៣ | ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ? |
១៤ | ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។ |
១៥ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង! |
១៦ | សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយបារមីរបស់ព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង! |
១៧ | សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។ |
១៨ | សូមដាក់ព្រះហស្តលើស្តេចដែលគង់នៅខាងស្តាំព្រះអង្គ គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។ |
១៩ | យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។ |
២០ | ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គឱ្យយើងខ្ញុំឃើញ ហើយសូមយាងមកសង្គ្រោះយើងខ្ញុំផង!
បទលើកតម្កើងតាមព្យាការីអេសាយ (អស ១២,១-៦)
អំណរសប្បាយរបស់ប្រជារាស្រ្តដែលព្រះអង្គបានលោះ
អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ (យហ ៧,៣៧)។
បន្ទរទី២ ៖ ព្រះអង្គបានសម្ដែងការប្រសើរអស្ចារ្យចំពោះយើង ចូរឱ្យយើងប្រកាសពីការអស្ចារ្យទាំងនេះ ឱ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!
(បទពាក្យ ៧)
១- | ឱព្រះម្ចាស់អើយទូលបង្គំ | លើកហត្ថប្រណម្យសូមតម្កើង | |
គ្រាមុនព្រះអង្គពិរោធយើង | ឥឡូវព្រះអង្គសម្រាលទុក្ខ | ។ | |
២- | ព្រះអម្ចាស់ជាព្រះសង្គ្រោះ | ជីវិតខ្ញុំរស់ស្គាល់តែសុខ | |
លែងភ័យលែងខ្លាចលែងកើតទុក្ខ | ពីនេះទៅមុខពឹងលើព្រះ | ។ | |
ដ្បិតព្រះអម្ចាស់ជាកម្លាំង | ខ្ញុំអាចតតាំងអាចយកឈ្នះ | ||
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ | ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ | ។ | |
៣- | ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នា | ផុតទុក្ខគ្រប់គ្រារស់សុខដុម | |
ចូរទៅដងទឹកត្រជាក់ជុំ | ចេញពីប្រភពសង្គ្រោះផង | ។ | |
៤- | ចូរអរព្រះគុណព្រះអម្ចាស់ | ហើយចូរប្រកាសនាមព្រះអង្គ | |
ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ | ប្រាប់ប្រជាជនផងទាំងឡាយ | ។ | |
៥- | ចូរស្មូតទំនុកតម្កើងថ្វាយ | ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ | |
ដ្បិតការអស្ចារ្យច្រើនពេកក្រៃ | ឱ្យមនុស្សលើដីបានដឹងផង | ។ | |
៦- | អុះឱ អ្នកក្រុងស៊ីយ៉ូនអើយ | ចូរកុំកន្តើយស្រែករំពង | |
ដោយអរសប្បាយដ្បិតព្រះអង្គ | វិសុទ្ធឥតហ្មងព្រះនៃយើង | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអង្គបានសម្ដែងការប្រសើរអស្ចារ្យចំពោះយើង ចូរឱ្យយើងប្រកាសពីការអស្ចារ្យទាំងនេះ ឱ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!
ទំនុកតម្កើងលេខ ៨១
សម្ពន្ធមេត្រីដែលចងឡើងវិញយ៉ាងឱឡារិក
បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ (ហប ៣,១២)។
បន្ទរទី៣ ៖ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង!
២ | ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង! ចូរអបអរសាទរព្រះរបស់លោកយ៉ាកុប! |
៣ | ចូរនាំគ្នាប្រគុំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ! |
៤ | ចូរផ្លុំស្នែងនៅពេលចាប់ផ្តើមខ្នើត នៅពេលខែពេញបូរមី គឺជាថ្ងៃបុណ្យរបស់យើង |
៥ | ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល ជាបទបញ្ជានៃព្រះរបស់លោកយ៉ាកុប |
៦ | ជាវិន័យដែលព្រះអង្គបង្គាប់មកពូជពង្សរបស់លោកយ៉ូសែប នៅពេលដែលព្រះអង្គវាយប្រហារស្រុកអេស៊ីប។ ខ្ញុំឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ឮទាល់តែសោះ បន្លឺថា ៖ |
៧ | “យើងបានយកអង្រែកដ៏ធ្ងន់ចុះពីស្មាអ្នក ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ! |
៨ | នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅក្បែរប្រភពទឹកមេរីបា។ |
៩ | ប្រជារាស្ត្ររបស់យើងអើយ! ចូរស្តាប់សេចក្តីដែលយើងរំលឹកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ! ចូរស្តាប់ពាក្យយើង |
១០ | កុំឱ្យមានព្រះណាទៀតនៅក្នុងចំណោមអ្នកឡើយ កុំថ្វាយបង្គំព្រះដទៃឱ្យសោះ |
១១ | យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីបមក ចូរបើកចិត្តឱ្យទូលាយ យើងនឹងឱ្យពរអ្នកយ៉ាងពេញបរិបូណ៌។ |
១២ | ប៉ុន្តែ ប្រជារាស្ត្ររបស់យើងមិនបានស្តាប់សំឡេងយើងទេ អ៊ីស្រាអែលក៏មិនចង់ស្គាល់យើងទៀតដែរ។ |
១៣ | ហេតុនេះហើយបានជាយើងបណ្តោយគេទៅតាមចិត្តរឹងរូសរបស់ខ្លួន ឱ្យគេនាំគ្នាប្រព្រឹត្តតាមទំនើងចិត្តគេទៅចុះ!។ |
១៤ | ប្រសិនបើប្រជារាស្ត្ររបស់យើង ស្តាប់សំឡេងរបស់យើង ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង |
១៥ | យើងមុខជានឹងបង្ក្រាបខ្មាំងសត្រូវរបស់គេ យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។ |
១៦ | អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ ព្រះអង្គនឹងដាក់ទោសគេជាដរាបតរៀងទៅ។ |
១៧ | ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកឱ្យអ៊ីស្រាអែលបរិភោគ ព្រមទាំងឱ្យគេមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៥,៨)
ចូរឲ្យផ្ទៃមេឃសម្រក់សេចក្ដីសុចរិតចុះមកដូចទឹកសន្សើម ចូរឲ្យពពកបង្អុរសេចក្ដីសុចរិតចុះមកដូចទឹកភ្លៀង ចូរឲ្យផែនដីបើកចំហ ដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើង និងឲ្យសេចក្ដីសុចរិតពន្លកចេញជាមួយគ្នាដែរ។ យើងនេះហើយជាព្រះអម្ចាស់ដែលបានបង្កើតអ្នកនោះមក»។
បន្ទរ៖ យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
អាទិត្យទី២៖ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងជួយអ្នក។ យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
អាទិត្យទី២៖ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងជួយអ្នក។ យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។
ពាក្យអង្វរសកល ៖ អាទិត្យទី២
ចូរយើងទូលអង្វរទៅព្រះជាម្ចាស់ ជាព្រះបិតា ដែលបានប្រទានព្រះបុត្រាឱ្យសង្រ្គោះមនុស្សលោក ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសម្តែងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមកយើងខ្ញុំផង !
បពិត្រព្រះបិតា ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! យើងខ្ញុំសូមប្រកាសជំនឿលើព្រះគ្រីស្តរបស់ព្រះអង្គ តាមបបូរមាត់របស់យើងខ្ញុំ
—សូមព្រះអង្គការពារយើងខ្ញុំពីការបដិសេដព្រះបុត្រា តាមរយៈសកម្មភាពរបស់យើងខ្ញុំផង។ (បន្ទរ)
ព្រះអង្គបានប្រទានព្រះបុត្រាមករំដោះយើងខ្ញុំ
—សូមព្រះអង្គដកយកទុក្ខព្រួយទាំងប៉ុន្មានចេញពីផែនដី និងពីប្រទេសដែលយើងខ្ញុំកំពុងរស់នៅសព្វថ្ងៃនេះ។ (បន្ទរ)
ទឹកដីរបស់យើងខ្ញុំទន្ទឹងរង់ចាំព្រះបុត្រាព្រះអង្គ ដោយក្តីរីករាយ
—ចូរឱ្យទឹកដីនេះមានបទពិសោធន៍ខាងអំណរសប្បាយដ៏ពេញលេញផង។ (បន្ទរ)
ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមជួយយើងខ្ញុំឱ្យរស់នៅបានវិសុទ្ធ និងឥតសៅហ្មងក្នុងលោកនេះ
—ទាំងទន្ទឹងរង់ចាំព្រះគ្រីស្តយាងមកក្នុងសិរីរុងរឿងយ៉ាងអន្ទះសារ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះយើងខ្ញុំ។ សូមព្រះអង្គមេត្តាកែប្រែចិត្តគំនិតរបស់យើងខ្ញុំ ឲ្យស្ម័គ្រចិត្តរៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកំពុងយាងមក។ សូមប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់បម្រើព្រះអង្គ ដោយសេចក្តីស្រឡាញ់ និងជួយដល់អ្នកកម្សត់ទុគ៌ត។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។