ថ្ងៃចន្ទ
Monday
ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!
អរគុណព្រះម្ចាស់
បន្ទរ | អរគុណព្រះម្ចាស់ | អរព្រះគុណទាំងអស់គ្នា | ព្រោះទ្រង់ការពារ |
យើងរាល់គ្នា | ឱ្យផុតទុក្ខ | ឱ្យរស់ស្រណុក | |
នៅក្នុងសុខសន្តិភាព | ហើយផ្តល់កម្លាំង | ក្នុងជីវិតរស់នៅសព្វថ្ងៃ។ | |
១ | ព្រះអង្គជាម្ចាស់ | មានតែមួយមែនពិត | ទ្រង់បានបង្កើត |
ផ្ទៃមេឃ និងដី | អស្ចារ្យពេកក្រៃ | អស្ចារ្យពេកក្រៃ | |
ទុកឱ្យយើងខ្ញុំ | សង់លំនៅរស់នៅអើយ | ។ | |
២ | ព្រះអង្គជាម្ចាស់ | ខ្ពង់ខ្ពស់សោភាពិត | ទ្រង់បានបង្កើត |
សត្វគោក និងទឹក | អស្ចារ្យពេកក្រៃ | អស្ចារ្យពេកក្រៃ | |
ទុកឱ្យយើងខ្ញុំ | បរិភោគរស់នៅអើយ | ។ | |
៣ | ព្រះអង្គជាម្ចាស់ | ធំលើសពីការស្មាន | ទ្រង់បានបង្កើត |
ឈើព្រៃ និងទឹក | អស្ចារ្យពេកក្រៃ | អស្ចារ្យពេកក្រៃ | |
ទុកឱ្យយើងខ្ញុំ | យកប្រើប្រាស់រស់នៅអើយ | ។ |
ទំនុកតម្កើងលេខ ៨៦ សូមប្រទានឱ្យខ្ញុំមានចិត្ដស្មោះត្រង់
សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើងខ្ញុំ។ ព្រះអង្គជាព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្ដាករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ (២ ករ ១,៣)
រដូវធម្មតា | បពិត្រព្រះអម្ចាស់ដែលមានព្រះហឫទ័យមេត្ដាករុណាដ៏លើសលប់! សូមផ្ទៀងព្រះការណ៌ស្ដាប់ពាក្យអង្វររបស់ទូលបង្គំ។ |
រដូវរង់ចាំ | ទូលបង្គំផ្ចង់ចិត្ដគំនិតទៅរកព្រះអង្គ សូមរក្សាការពារជីវិតទូលបង្គំផង។ |
រដូវបុណ្យណូអែល | បពិត្រព្រះអម្ចាស់! ប្រជាជាតិនានានឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។ |
រដូវត្រណម | សូមប្រទានឱ្យទូលបង្គំមានចិត្ដស្មោះត្រង់គោរពកោតខ្លាចព្រះនាមព្រះអង្គ។ |
រដូវបុណ្យចម្លង | អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! |
១ | ឱ!ព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង! សូមឆ្លើយតបមកទូលបង្គំវិញដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត! |
២ | សូមរក្សារការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្ដស្មោះត្រង់ចំពោះព្រះអង្គ ឱ!ព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ ដែលផ្ញើជីវិតលើព្រះអង្គនេះផង! |
៣ | ឱ!ព្រះអម្ចាស់អើយ! សូមអាណិតមេត្ដាទូលបង្គំ ដ្បិតទូលបង្គំស្រែកហៅរកព្រះអង្គពេញមួយថ្ងៃ។ |
៤ | ឱ!ព្រះអម្ចាស់អើយ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ |
៥ | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស និងតែងតែអត់ឱនឱ្យយើងខ្ញុំ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។ |
៦ | ឱ!ព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអង្វររបស់ទូលបង្គំ សូមយកព្រះហប្ញទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង។ |
៧ | នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ។ |
៨ | បពិត្រព្រះអម្ចាស់! ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។ |
៩ | បពិត្រព្រះអម្ចា! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។ |
១០ | ដ្បិតព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្តម ព្រះអង្គធ្វើការអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។ |
១១ | ឱ!ព្រះអម្ចាស់អើយ! សូមបង្ហាញមាគ៌ារបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្តីពិតរបស់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។ |
១២ | បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងស្មោះអស់ពីចិត្ត ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតរៀងទៅ |
១៣ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់ ព្រះអង្គបានរំដោះជីវិតទូលបង្គំឱ្យរួចផុតពីមច្ចុរាជ។ |
១៤ | បពិត្រព្រះអម្ចាស់! មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរឃៅមួយពួក ចង់ដកជីវិតទូលបង្គំ អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។ |
១៥ | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្តោស ព្រះអង្គអត់ធ្មត់ ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។ |
១៦ | សូមបែរព្រះភក្ត្រមកទតមើលទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ សូមប្រទានកម្លាំងមកទូលបង្គំ ហើយសង្គ្រោះទូលបង្គំដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។ |
១៧ | សូមសម្ដែងទីសម្គាល់ដ៏អស្ចារ្យចំពោះទូលបង្គំដោយព្រះហឫទ័យសប្បុរស ដើម្បីឱ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ត្រូវអាម៉ាស់។ បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។ សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងលេខ ៨៦(៨៥) បទព្រហ្មគីតិ
១ | ឱព្រះអម្ចាស់អើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | |
ស្តាប់ស័ព្ទខ្ញុំវាចា | ហើយមេត្តាតបវិញផង | ។ | |
ដ្បិតខ្ញុំជាមនុស្ស | កម្សត់ខុសគេទាំងពួង | ||
ទុរគតពេកកន្លង | តោកយ៉ាកផងរាល់វេលា | ។ | |
២ | សូមរក្សាជីវិត | ឱ្យខ្ញុំស្ថិតផុតគ្រាំគ្រា | |
ដ្បិតខ្ញុំត្រង់ល្អជា | ស្ម័គ្រគ្រប់គ្រាគ្មានគេចកែ | ? | |
សូមមេត្តាសង្គ្រោះ | ដ្បិតខ្ញុំស្មោះឥតប្រួលប្រែ | ||
ជាបម្រើនៅក្បែរ | ពឹងផ្អែកតែលើម្ចាស់ថ្លៃ | ។ | |
៣ | ឱ! ព្រះអម្ចាស់អើយ | អាណិតហើយសូមប្រណី | |
ខ្ញុំស្រែកទូលរាល់ថ្ងៃ | រកព្រះអង្គមិនឈប់ឈរ | ។ | |
៤ | ឱព្រះអម្ចាស់អើយ | សូមប្រោសឱ្យបម្រើល្អ | |
មានសប្បាយអំណរ | តម្រង់រកព្រះអម្ចាស់ | ។ | |
៥ | បពិត្រព្រះម្ចាស់ខ្ញុំ | ព្រះឧត្តមសប្បុរសណាស់ | |
អត់ឱនមិនថ្កោលទោស | តែងសន្តោសខ្ញុំបរិបូណ៌ | ។ | |
ព្រះអង្គតែងអាណិត | អ្នកផ្តេកផ្តិតទ្រង់អាសូរ | ||
អ្នកដែលដង្ហោយថ្ងូរ | ហៅព្រះអង្គមកសង្គ្រោះ | ។ | |
៦ | ឱព្រះអម្ចាស់អើយ | ទ្រង់ផ្ទៀងហើយសូមសន្តោស | |
ពាក្យខ្ញុំស្រែករកនោះ | សូមទ្រង់ប្រោសរូបខ្ញុំផង | ។ | |
៧ | នៅថ្ងៃមានអាសន្ន | ខ្ញុំបែរបន់មិនរំលង | |
អង្វររកព្រះអង្គ | ទ្រង់ឆ្លើយត្រង់តបមកខ្ញុំ | ។ | |
៨ | ឱព្រះជាអម្ចាស់ | ទ្រង់ជាព្រះដ៏ឧត្តម | |
ព្រះអង្គសែនសក្តិសម | គ្មានព្រះធំដូចទ្រង់ឡើយ | ។ | |
៩ | បពិត្រព្រះអម្ចាស់ | គ្រប់ជាតិសាសន៍ដែលកើតហើយ | |
គេនឹងមិនកន្តើយ | តម្កើងកើយនាមព្រះអង្គ | ។ | |
១០ | ព្រោះដ្បិតទ្រង់ជាព្រះ | ដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់ | |
នោះគឺមានតែទ្រង់ | ដែលជាអង្គលើលោកា | ។ | |
១១ | ឱ! ព្រះអម្ចាស់ខ្ញុំ | មេត្តាសូមប្រាប់មាគ៌ា | |
ឱ្យខ្ញុំស្គាល់គ្រប់គ្រា | នឹងយាត្រាចេញដើរតាម | ។ | |
យើងខ្ញុំនឹងប្រព្រឹត្ត | តាមសុចរិតមាគ៌ាស្នាម | ||
ឱ្យខ្ញុំចេះប្រណម្យ | កោតឧត្តមបរមនាម | ។ | |
១២ | បពិត្រព្រះម្ចាស់ខ្ញុំ | ទូលបង្គំមិនទីមទាម | |
ថ្លែងអរព្រះគុណភ្លាម | ឥតលាក់លៀមពីដួងចិត្ត | ។ | |
ខ្ញុំនឹងលើកតម្កើង | ព្រះនាមឡើងអស់កល្បពិត | ||
ថ្កើងថ្កានខ្ពស់ប្រណីត | រៀងស្ថេរស្ថិតជាប់រហូត | ។ | |
១៣ | ដ្បិតទ្រង់មានព្រះទ័យ | ករុណាក្រៃមិនរលត់ | |
ជួយរំដោះជីវិត | ខ្ញុំឱ្យផុតពីក្សិណក្ស័យ | ។ | |
១៤ | បពិត្រព្រះជាម្ចាស់ | ពួកមនុស្សច្រើនពេកក្រៃ | |
ព្រហើនមិនយល់អ្វី | គេពួតដៃប្រឆាំងខ្ញុំ | ។ | |
មានអ្នកខ្លាំងពូកែ | បានប្របែប្រមូលផ្តុំ | ||
ចង់ដកជីវិតខ្ញុំ | មិនបារម្ភព្រះអង្គសោះ | ។ | |
១៥ | បពិត្រព្រះម្ចាស់អើយ | ព្រះអង្គហើយព្រះទ័យស្មោះ | |
ករុណាទ្រង់សន្តោស | សប្បុរសមានមេត្តា | ។ | |
១៦ | សូមទ្រង់បែរព្រះភក្ត្រ | ទតឱ្យជាក់ខ្ញុំនេះណា | |
សូមអាណិតមេត្តា | ខ្ញុំគ្រប់គ្រាកុំបីខាន | ។ | |
សង្គ្រោះខ្ញុំជាអ្នក | បម្រើស្ម័គ្រសូមឱ្យមាន | ||
កម្លាំងខ្លាំងក្លាហាន | សូមផ្ញើប្រាណនឹងព្រះអង្គ | ។ | |
១៧ | សូមមេត្តាសម្តែង | ការស្ញប់ស្ញែងគេឃើញផង | |
អ្នកស្អប់ខ្ញុំកន្លង | ឃើញព្រះអង្គប្រោសសង្គ្រោះ | ។ | |
សូមឱ្យខ្មាំងសត្រូវ | វាអស់ផ្លូវត្រូវអាម៉ាស់ | ||
នៅពេលដែលទ្រង់ត្រាស់ | ប្រោសសង្គ្រោះការពារខ្ញុំ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ធម ៥,៩ខ-១០)
ព្រះអង្គឱ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងបានសោយទិវង្គតសម្រាប់យើង ដើម្បីឱ្យយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។
បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។
- ព្រះអង្គបានដោះលែងទូលបង្គំ
- សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)
រដូវធម្មតា | បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។ |
២៩ | «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ |
៣០ | ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ |
៣១ | ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ |
៣២ | គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។ |
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)
២៩ | “បពិត្រព្រះម្ចាស់ជាចៅហ្វាយ | ពេលនេះឯងហើយទ្រង់សម្រេច | |
តាមព្រះបន្ទូលគ្មានកលកិច្ច | សន្យាឥតភ្លេចលុះឥឡូវ | ។ | |
ដូច្នេះសូមឱ្យរូបខ្ញុំជា | បំរើគ្រប់គ្រាផុតហ្មងសៅ | ||
សូមឱ្យខ្ញុំចាកលោកនេះទៅ | ខ្ញុំបានជួបនូវក្តីសុខសាន្ត | ។ | |
៣០ | ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ | ពីការសង្គ្រោះមិនដែលខាន | |
៣១ | ដែលព្រះអង្គទ្រង់ប្រោសប្រទាន | ដល់ប្រជាជនគ្រប់ជាតិសាសន៍ | ។ |
៣២ | គឺជាពន្លឺដែលនាំឱ្យ | គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់ | |
និងជាសិរីរុងរឿងច្បាស់ | អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះរាជបុត្រា ព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ នៅពេលដែលយើងខ្ញុំសម្រាកយ៉ាងសុខសាន្ត សូមឱ្យគ្រាប់ពូជរបស់ព្រះរាជ្យនៃស្ថានបរមសុខ ដែលយើងខ្ញុំបានសាបព្រោះនៅថ្ងៃនេះ ដុះលូតលាស់ ចម្រើនឡើងរហូតដល់ពេលច្រូតកាត់ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រឹស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។
បពិត្រព្រះអម្ចាស់! សូមឱ្យព្រះភក្ត្ររបស់ព្រះអង្គបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់មកលើយើងខ្ញុំ ហើយសូមប្រទានឱ្យយើងខ្ញុំបានប្រកបដោយធម៌មេត្តាករុណារបស់ព្រះអង្គផង! អាម៉ែន។