ថ្ងៃចន្ទ អាទិត្យទី៣៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥
នៅសតវត្សទី១៦ មានគ្រីស្តបរិស័ទអ្នកនាំដំណឹងល្អទៅប្រជាជនវៀតណាម។ មានជនជាតិវៀតណាមមួយចំនួនធំ នាំគ្នាជឿព្រះយេស៊ូ។ នៅសតវត្សទី១៩ ព្រះចៅអធិរាជវៀតណាមបៀតបៀនធ្វើបាបគ្រីស្តបរិស័ទជាច្រើន ដោយទ្រង់យល់ថា គ្រីស្តបរិស័ទលែងចូលក្រោមអំណាចរបស់ព្រះចៅ។ នៅថ្ងៃនេះ ព្រះសហគមន៍គោរពគ្រីស្តបរិស័ទវៀតណាម និងគ្រីស្តបរិស័ទជាតិបរទេស ១១៧នាក់ដែលស៊ូស្លាប់ជាជាងលះបង់ជំនឿរបស់ខ្លួន។ ក្នុងចំណោមមរណសាក្សីទាំងនោះ មានលោកស្ទេផាន គូអេណូត៍ ដែលបំពេញមុខងារជាអភិបាលព្រះសហគមន៍នាប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ ១៨៤០ ដល់ ១៨៤៤។
លោកអន់ដ្រេយុងឡាក់ ជាបូជាចារ្យជាតិវៀតណាមម្នាក់។ លោកបូជាជិវិតថ្វាយព្រះគ្រីស្តរួមជាមួយគ្រីស្តបរិស័ទឯទៀតៗ ១១៦នាក់ នៅសតវត្សទី ១៨។ ក្នុងចំណោមគ្រីស្តបរិស័ទទាំងនោះមានសាសនទូតបារាំង ១០នាក់ សាសនទូតអេស្បាញ ១១នាក់ និងជាតិវៀតណាម ៩៦នាក់។ ក្នុងចំណោមគ្រីស្តបរិស័ទវៀតណាមទាំងនោះ មានបូជាចារ្យ ៣៧នាក់។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម យ៉ូហានប៉ូលទី២ ប្រកាសថា អ្នកទាំងនោះជាសន្តបុគ្គលនៅថ្ងៃ ១៩ មិថុនា ឆ្នាំ១៩៨៨។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យការីដានីអែល ដន ១,១-៦.៨-២០
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម ជាស្តេចស្រុកយូដា ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម។ ព្រះអម្ចាស់បានប្រគល់ព្រះបាទយ៉ូយ៉ាគីមជាស្តេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ព្រះវិហារទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូកានេសារ។ ព្រះចៅនេប៊ូកានេសារបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណេអារ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។ ព្រះមហាក្សត្របានបញ្ជាទៅលោកអាស្ពេណា ជានាយកក្រុមមហាតលិក ឱ្យនាំយុវជនខ្លះដែលជាប់ព្រះរាជវង្សរបស់ស្តេចអ៊ីស្រាអែល ឬជាកូនចៅរបស់ពួកអភិជនមក។ យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានកម្លាំងអាចបម្រើព្រះមហាក្សត្រ។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរសាស្ត្រ និងភាសាខាល់ដេថែមទៀតផង។ ព្រះមហាក្សត្របញ្ជាគេឱ្យយកព្រះស្ងោយ និងស្រាមួយចំណែកទៅឱ្យយុវជនទាំងនោះជារៀងរាល់ថ្ងៃ ហើយបញ្ជាឱ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្តេច។ ក្នុងចំណោមយុវជនទាំងនោះ មានខ្លះជាជនជាតិយូដា គឺដានីអែល ហាណានីយ៉ា មីកាអែល និងអសារីយ៉ា។ យុវជនដានីអែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ព្រះមហាក្សត្រទេ ក្រែងនាំឱ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឱ្យបរិភោគម្ហូបអាហារទាំងនោះ។ ព្រះជាម្ចាស់ប្រោសប្រទានឱ្យនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់យុវជនដានីអែល។លោកនាយកក្រុមមហាតលិកពោលទៅកាន់យុវជនដានីអែលថា៖ «ខ្ញុំខ្លាចព្រះករុណាជាម្ចាស់ណាស់ ដ្បិតព្រះអង្គបានតម្រូវឱ្យខ្ញុំយកម្ហូបអាហារ និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ ព្រះអង្គមុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។ យុវជនដានីអែលពោលទៅកាន់លោកម្នាក់ ដែលនាយកក្រុមមហាតលិកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ ហាណានីយ៉ា មីកាអែល និងអសារីយ៉ាថា៖ «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឱ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ បន្ទាប់មក សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗដែលបរិភោគព្រះស្ងោយរបស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំតាមការយល់ឃើញរបស់លោកចុះ!»។លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។ លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និងមានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគព្រះស្ងោយរបស់ស្តេចទៅទៀត។ ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្តេចឱ្យយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និងទឹកឱ្យពួកគេប៉ុណ្ណោះ។ព្រះជាម្ចាស់ប្រោសប្រទានឱ្យយុវជនទាំងបួននាក់នេះមានចំណេះវិជ្ជា ប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀតយុវជនដានីអែលចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។ លុះដល់ពេលព្រះរាជាកំណត់ឱ្យនាំពួកយុវជនទៅថ្វាយ លោកនាយកក្រុមមហាតលិកក៏នាំយុវជនទាំងនោះចូលទៅគាល់ព្រះចៅនេប៊ូកានេសារ។ ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីអែល ហាណានីយ៉ា មីកាអែល និងអសារីយ៉ាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឱ្យធ្វើជាព្រះរាជបម្រើ។ ពេលស្តេចសាកសួរអំពីរឿងអ្វីៗទាំងអស់ ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះ យុវជនទាំងបួននាក់ពូកែជាងគ្រូមន្តអាគម និងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូលដប់ដងទៅទៀត។
ទំនុកតម្កើងព្យការីដានីអែល ៣,៥២-៥៦ បទកាកគតិ
| ៥២ | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
| សូមកោតសរសើ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម |
| | អស់កល្បតទៅ | ។ |
| ខ្ញុំសូមតម្កើង | លើកព្រះនាមឡើង | ពុំមានអាស្រូវ |
| សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ |
| | សរសើរព្រះអង្គ | ។ |
| ៥៣ | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្តង |
| ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ |
| | កុំនៅទីមទាម | ។ |
| ៥៤ | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីន |
| ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូត្រទាំងញញឹម |
| | តម្កើងជានិច្ច | ។ |
| ៥៥ | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
| សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច |
| | កុំប្រែក្រឡះ | ។ |
| ៥៦ | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
| ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស |
| | ព្រះអង្គរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៤,៤២.៤៤
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន! ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់វេលាណាទេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,១-៤
ព្រះយេស៊ូទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់។ ព្រះអង្គទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិបថ្វាយព្រះជាម្ចាស់ដែរ»។
1,023 Views
Post Views:
1,039