អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៣ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្តអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្តម
ជាអភិបាល និងជាគ្រូបាធ្យាយ
នៃព្រះសហគមន៍
លោកអាលបែ៊រ (ប្រ.១២០៦-១២៨០) កើតនៅប្រទេសអាឡឺម៉ង់។ លោកមានចិត្តចង់ចេះចង់ដឹងអ្វីៗទាំងអស់ ជាពិសេសចង់រៀនវិទ្យាសាស្រ្ត។ លោកចូលបួសក្នងក្រុមគ្រួសារបព្វជិតដូមីនីកូ ហើយយកចិត្តទុកដាក់នឹងទេវវិទ្យា តាមទស្សនវិទ្យារបស់លោកអរីស្តូត។ ក្នុងចំណោមកូនសិស្សរបស់លោកមានសន្តថូម៉ាស់ នៅអាគីណូដែលធ្វើឱ្យទេវិទ្យាគ្រីស្តសាសនារីកចម្រើន។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ាទិស្បូន (ស្រុកប៉ូឡូញ) ប៉ុន្តែ ពីរឆ្នាំក្រោយមក លោកសុំលាលែងមុខតំណែងនេះដើម្បីទៅបង្រៀនគេវិញ។ លោកជាឧបការីរបស់អ្នករៀនវិជ្ជាគ្រប់យ៉ាង។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ១,១០-១៥.៤១.៤៣.៥៤-៥៧.៦២-៦៥
នៅឆ្នាំមួយរយសាមសិបប្រាំពីរនៃសករាជក្រិក ព្រះបាទអន់ចូគូសអេពីផាន ជារាជបុត្ររបស់ព្រះបាទអន់ចូគូស ឡើងសោយរាជ្យ ក្រោយពីបានរួចពីចំណាប់ទុកនៅក្រុងរ៉ូមមក។ ទ្រង់ជាស្ដេចពាលឥតសាសនា។ នៅពេលនោះ មានពួកមនុស្សខិលខូចងើបឡើងនៅស្រុកអ៊ីស្រាអែល ហើយល្បួងទាក់ទាញចិត្តអ្នកស្រុកជាច្រើន ដោយពោលថា៖«យើងនាំគ្នាចងសម្ពន្ធមេត្រីជាមួយប្រជាជាតិទាំងប៉ុន្មានដែលរស់នៅជុំវិញយើង ដ្បិតតាំងពីយើងបានរស់នៅតាមរប្រៀបប្លែកពីគេមក យើងចេះតែជួបក្ដីអន្ដរាយជាច្រើន។ អ្នកស្រុកពេញចិត្តស្ដាប់ពាក្យនេះ ហើយមានគ្នាជាច្រើនប្រញាប់ប្រញាល់ទៅគាល់ព្រះមហាក្សត្រ។ សេ្ដចក៏ទ្រង់រាជានុញ្ញាតឱ្យគេកាន់តាមប្រពៃណីប្រជាជាតិទាំងនោះ។ ដូច្នេះ ពួកគេសាងកីឡាស្ថាននៅក្រុងយេរូសាឡឹមតាមទំនៀមទម្លាប់របស់ប្រជាជាតិដទៃ។ គេយកស្បែកមកភ្ជិត ដើម្បីកុំឱ្យឃើញស្នាមកាត់ស្បែក។ គេលះបង់សម្ពន្ធមេត្រីដ៏វិសុទ្ធចោល ហើយបែរទៅចូលរួមរស់ជាមួយជនជាតិដ៏ទៃ។ ពួកគេក៏លក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ថែមទៀតផង។
ព្រះបាទអន់ចូគូសបានចេញរាជ្យក្រឹត្យមួយ បញ្ជាឱ្យជនជាតិទាំងប៉ុន្មានដែលរស់នៅក្នុងរាជាណាចក្រទាំងមូល លះបង់ទំនៀមទម្លាប់រៀៗខ្លួនចោល ដើម្បីចូលរួមគ្នាធ្វើជាប្រជាជនតែមួយ ប្រជាជាតិដទៃទាំងប៉ុន្មានអនុវត្តតាមព្រះរាជ្យក្រឹត្យនេះ។ ជនជាតិអ៊ីស្រាអែលជាច្រើនក៏សុខចិត្តកាន់តាមសាសនារបស់ព្រះមហាក្សត្រដែរ គឺនាំគ្នាធ្វើយញ្ញបូជាថ្វាយព្រះក្លែងក្លាយ ព្រមទាំងលែងគោរពថ្ងៃសប្ប័ទផង។ នៅថ្ងៃទីដប់ប្រាំខែមិគសិរ ឆ្នាំមួយរយសែសិបប្រាំ ព្រះបាទអន់ទីយ៉ូគូសធ្វើរូបបដិមាដ៏គួរស្អប់ខ្ពើមដាក់នៅលើអាសនៈ ក្នុងព្រះវិហារក្រុងយេរូសាឡឹម ហើយអ្នករាជការក៏សង់អាសនៈតាមក្រុងនានា ដែលនៅជុំវិញដែរ។ គេដុតធូបនៅមាត់ទ្វារផ្ទះ និងកន្លែងសាធារណៈ។ បើគេរកឃើញគម្ពីរធម្មវិន័យ គេហែកដុតចោល។ ប្រសិនបើគេឃើញគម្ពីរសម្ពន្ធមេត្រីក្នុងផ្ទះអ្នកណា ឬបើអ្នកណាម្នាក់ប្រតិបត្តិតាមធម្មវិន័យក៏គេកាត់ទោសអ្នកនោះ តាមព្រះរាជ្យក្រឹត្យរបស់ព្រះមហាក្សត្រ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយក៏ជនជាតិអ៊ីស្រាអែលជាច្រើនមានចិត្តរឹងប៉ឹង ក្លាហានអង់អាច មិនព្រមបរិភោគម្ហូបអាហារមិនបរិសុទ្ធឡើយ។ អ្នកទាំងនោះស៊ូស្លាប់ ជាជាងបរិភោគអាហារមិនបរិសុទ្ធ ហើយត្រូវទទួលទោសដល់ស្លាប់ក្ដី ក៏គេមិនព្រមបង្អាប់បង្អោនសម្ពន្ធមេត្រីដ៏វិសុទ្ធដែរ។ នៅគ្រានោះ ជនអ៊ីស្រាអែលជួបគ្រោះមហន្ដរាយយ៉ាងខ្លាំង។
ទំនុកតម្កើងលេខ ១១៩ (១១៨) ,៥៣.៦១.១៣៤.១៥០.១៥៥.១៥៨ បទកាកគតិ
៥៣. | ពេលពួកមនុស្ស | ពាលមិនស្គាល់ខុស | ឱ្យខ្ញុំខ្វល់ខ្វាយ |
ចាក់រុកឆ្កិះឆ្កៀល | ឱ្យក្ដៅក្រហាយ | គេចង់កម្ចាយ | |
វិន័យព្រះអង្គ ។ |
៦១. | ពួកជនអាក្រក់ធ្វើឱ្យខ្ញុំ | ជាប់អន្ទាក់រុំរបស់វា |
តែទូលបង្គំខំពុះពារ | គោរពមាគ៌ាច្បាប់ព្រះអង្គ ។ | |
១៣៤. | សូមជួយរំដោះខ្ញុំឱ្យរួច | ពីអ្នកខិលខូចខ្ញុំបានស្បើយ |
អ្នកដែលជិះជាន់ឈប់មានហើយ | ខ្ញុំមិនកន្ដើយធ្វើតាមច្បាប់ ។ | |
១៥០. | ពួកអ្នកឃ្លាតចាកពីវិន័យ | ធម៌ព្រះម្ចាស់ថ្លៃគេមានល្បិច |
ខិតចូលមកជិតខ្ញុំជានិច្ច | ចិត្តគេគួចកិច្ចគុំកម្លៅ ។ | |
១៥៥. | ព្រះអង្គទ្រង់មិនសង្គ្រោះអ្នក | ដែលមិនជឿជាក់ចិត្តសាមាន្យ |
មិនកាន់វិន័យល្អថ្កើងថ្កាន | គេធ្វើមិនបានតាមបញ្ញត្តិ ។ | |
១៥៦. | បពិត្រព្រះម្ចាស់អើយព្រះអង្គ | ព្រះហប្ញទ័យត្រង់តែងអាណិត |
សូមប្រោសឱ្យខ្ញុំមានជីវិត | តាមក្ដីសម្រេចនោះឡើងវិញ ។ | |
១៥៨. | ពេលដែលខ្ញុំឃើញជនទុរយស | ខ្ញុំសែនទើសទាស់ពេញក្នុងចិត្ត |
ដ្បិតគេមិនធ្វើតាមបែបបទ | បន្ទូលវិសុទ្ធព្រះអង្គទេ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ដ! ព្រះអង្គពិតជាពន្បំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺដែលនាំគេទៅកាន់ជីវិត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៥,១-១០
ព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ ស្រាប់តែមានមនុស្សខ្វាក់ម្នាក់អង្គុយសុំទាននៅតាមផ្លូវ។ ពេលគាត់ឮស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថា មានរឿងអ្វី។ គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ មនុស្សខ្វាក់ក៏ស្រែកឡើងថា៖«ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវិឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឱ្យនៅស្ងៀម ប៉ុន្ដែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖« ឱព្រះរាជវង្សព្រះបាទដាវិឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេឱ្យនាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖«តើអ្នកចង់ឱ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឱ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឱ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ!»។ រំពេចនោះ គាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។