អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣២ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១,១-៧

អស់អ្នកដែលគ្រប់គ្រងផែនដីអើយ! ចូរស្រឡាញ់ាសេចក្ដីសុចរិត ចូរមានគំនិតត្រឹម​ត្រូវចំពោះព្រះអម្ចាស់ ចូរស្វែងរកព្រះអង្គដោយចិត្តស្មោះ ដ្បិតព្រះអង្គប្រទានឱ្យអ្នក​ដែលមិនល្បងមើលប្ញទ្ធានុភាពរបស់ព្រះអង្គអាចរកព្រះអង្គឃើញ ទ្រង់ក៏សម្ដែងព្រះអង្គ​ឱ្យអ្នកដែលជឿសង្ឃឹមលើព្រះអង្គបានស្គាល់ដែរ។ គំនិតវៀចវេរនាំឱ្យឃ្លាតឆ្ងាយពី​ព្រះអង្គ ហើយប្ញទ្ធានុភាពរបស់ព្រះអង្គ ក៏ផ្ចាញ់ផ្ចាលមនុស្សដែលចង់ល្បងមើលព្រះអង្គដែរ។ ព្រះប្រាជ្ញាញាណមិនយាងចូលក្នុងចិត្តមនុស្សអាក្រក់ទេ ហើយក៏មិនស្ថិតនៅក្នុងខ្លួនអ្នកបាបដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធតែងតែអប់រំមនុស្ស និងយាងចាកចេញពីមនុស្សមានចិត្ដពីរ ព្រះអង្គយាងឆ្ងាយពីមនុស្សគិតផ្ដេសផ្ដាស ទ្រង់មិនគាប់ព្រះហឫទ័យនឹងអ្នក​ប្រព្រឹត្ដអំពើទុច្ចរិតទេ។ ព្រះប្រាជ្ញាញ្ញាណជាវិញ្ញាណសប្បុរសដែលស្រឡាញ់មនុស្ស​ ប៉ុន្ដែ ទ្រង់នឹងដាក់ទោសអ្នកនិយាយដើមគេ ព្រោះព្រះជាម្ចាស់ជាសាក្សី ទ្រង់ឈ្វេងយល់ចិត្តថ្លើមមនុស្សយ៉ាងច្បាស់លាស់ ព្រះអង្គក៏ស្ដាប់ឮពាក្យទាំងអស់ដែលមនុស្សនិយាយដែរ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ពិតជាគង់នៅពាសពេញពិភពលោកទាំងមូល។ ដោយព្រះអង្គបង្រួបបង្រួមអ្វីៗទាំងអស់ឱ្យជាប់ជាមួយគ្នា ទ្រង់ជ្រាបសូរសម្លេងទាំង​អស់ដែលមនុស្សនិយាយ។

ទំនុកតម្កើងលេខ ១៣៩,១-៥.៧-១០ បទកាកគតិ

១.ព្រះជាម្ចាស់អើយសូមកុំព្រងើយសូមទ្រង់ពិនិត្យ
មើលហើយស្គាល់ខ្ញុំឱ្យបានច្បាស់ពិតសូមទ្រង់អាណិត
ប្រណីអាសូរ ។
២.ទោះបីអង្គុយខ្ញុំឈរមុខស្អុយក៏ទ្រង់មិនដូរ
ទ្រង់ជ្រាបគំនិតចិត្តថ្លើមខ្ញុំល្អព្រះជាម្ចាស់បវរ
មើលពីចំងាយ ។
៣.ទោះបីខ្ញុំដេកខ្ញុំដើរឈរផ្អែកក៏ទ្រង់មិនណាយ
ទ្រង់ស្គាល់ផ្លូវខ្ញុំពីជិតទៅឆ្ងាយទៅដល់ត្រើយនាយ
ទ្រង់ជ្រាបគ្មានលស់ ។
៤.ទោះពាក្យសម្ដីពុំទាន់មានថ្វីស្ដីពុំចេញសោះ
តែព្រះជាម្ចាស់ទ្រង់ជ្រាបទាំងអស់គ្រប់គៀនគ្រប់កោះ
ជ្រាបអស់គ្មានសល់ ។
៥.ទ្រង់គង់ជុំជិតទាំងមុខក្រោយពិតខ្ញុំឥតមានខ្វល់
ព្រះអង្គលោកដាក់ព្រះហស្ដលើកកល់រូបខ្ញុំកំណល់
កល់ទ្រព្រះហស្ដ ។
៧.តើទូលបង្គំទៅខេត្តខ័ណ្ឌឃុំទីណានឹងស្បើយ
ឆ្ងាយពីវិញ្ញាណទីលានកោះត្រើយឱ្យផុតរហើយ
ពីភ​ក្រ្ដព្រះអង្គ? ។
៨.បើទៅស្ថានសួគ៌ទ្រង់គង់ជាជួរសឹងជារបង
បើដេកជាមួយអ្នកស្លាប់ចង្គ្រាងទីនោះក៏ទ្រង់
គង់នៅនោះដែរ ។
៩.បើនឹងហោះហើរលាក់ខ្លួនបណ្ដើររហូតជើងមេឃ
ហួសទៅសមុទ្រផុតអស់ពីភ្នែកទៅនៅដោយឡែក
ដាច់ពីគេឯង ។
១០.គង់តែព្រះហស្ដព្រះអង្គនាំឆ្ពោះត្រង់ទីកន្លែង
ព្រះហស្ដខាងស្ដាំចាំចាប់មិនលែងខ្ញុំមិនកណ្ដែង
កណ្ដោចឥតអាង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម លក ២,១៥-១៦

អលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនកាន់តាមព្រះបន្ទូលដែលផ្ដល់ជីវិត ដូច្នេះ បងប្អូននឹងភ្លឺក្នុងចំណោមមនុស្សលោក ដូចពន្លឺដែលបំភ្លឺដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១-៦

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖« មានមូលហេតុជាច្រើនដែលតែងតែបណ្ដាលឱ្យមនុស្សប្រព្រឹត្តអំពើបាប។ ប៉ុន្ដែ អ្នកណានាំគេឱ្យប្រព្រឹត្តអំពើបាបអ្នកនោះត្រូវវេទនាហើយ។ ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងក​រួចទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឱ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។ ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វី​ខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង​ តែបើគាត់កែប្រែចិត្តគំនិត ចូរអត់ទោសឱ្យគាត់​ទៅ។ ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់​មករកអ្នកទាំងប្រាំពីរដង ដោយពោលថា៖« ខ្ញុំស្ដាយដោយបានធ្វើខុស! ចូរអត់ទោសឱ្យ​​គាត់ទៅ»។ ក្រុមសាវ័កទូលព្រះអម្ចាស់ថា៖«សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖« ប្រសិនបើអ្នករាល់គ្នាមានជំនឿ​ប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា៖“ចូររំលើងប្ញសឯងទៅដុះក្នុងសមុទ្រ!” វាមុខជានឹងស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។

347 Views

Theme: Overlay by Kaira