ថ្ងៃចន្ទ អាទិត្យទី៣២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃង

ថ្ងៃចន្ទ ទី១០ ខែវិច្ឆិការ ឆ្នាំ២០២៥

សន្តឡេអូ ជាជនដ៏ប្រសើរឧត្តមជាសម្តេ​ច​ប៉ាប
និងជាគ្រូបាធ្យាយនៃ​ព្រះសហគមន៍

លោកឡេអូ (ប្រ. ៣៩៥-៤៦១) ទទួលមុខងារធ្វើជាអភិបាលក្រុងរ៉ូមនៅ គ.ស ៤៤០។ លោកពូកែពន្យល់គម្ពីរយ៉ាងច្បាស់ ជាពិសេសលោកបញ្ជាក់លទ្ធិគ្រីស្តសាសនាអំពីឋានៈរបស់ព្រះយេស៊ូដែលពិតជាមនុស្សផង និងពិតជាព្រះជាម្ចាស់ផង។ អស់លោកអភិបាលដែលជួបជុំគ្នាជាមហាសន្និបាទក្រុងកាលសេដូននៅឆ្នាំ ៤៥១ ទទួលស្គាល់សេចក្តីដែលលោកតែងបង្រៀននោះ ទុកជំនឿរបស់ព្រះសហគមន៍។ លោកចាត់ចែងក្បួនពិធីជាច្រើនសម្រាប់ព្រះសហគមន៍អនុវត្ត។ លោកក៏មានចិត្ដក្លាហានធ្វើអន្តរាគមន៍ការពារក្រុងរ៉ូម ឱ្យរួចពីខ្មាំងដែលបម្រុងវាយសម្រុកក្រុងនោះ។ ឈ្មោះ “ឡេអូ” ប្រែថា “តោ”។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១,១-៧

អស់​អ្នក​គ្រប់​គ្រង​ផែន​ដី​អើយ! ចូរ​ស្រឡាញ់​សេចក្តី​សុចរិត! ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ព្រះ‌អម្ចាស់! ចូរ​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ​សរ ដ្បិត​អស់​អ្នក​ដែល​មិន​ល្បង​ល​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​ឱ្យ​គេ​រក​ព្រះ‌អង្គ​ឃើញ អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះ‌អង្គ ក៏​ព្រះ‌អង្គ​សម្ដែងឱ្យ​គេ​ស្គាល់​ដែរ។ គំនិត​វៀច​វេរ​រមែង​នាំ​ឱ្យ​មនុស្ស​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់ រីឯ​មនុស្ស​ឆោត‌ល្ងង់​ដែល​ចង់​ល្បង​លឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នឹង​ធ្វើ​ឱ្យ​គេ​បិទ​មាត់។ ព្រះ‌ប្រាជ្ញា​ញាណ​មិន​យាង​ទៅ​សណ្ឋិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ហើយ​ក៏​មិន​គង់​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ដែល​ជាប់​បាប​ដែរ។ ព្រះ‌ប្រាជ្ញា​ញាណ​ជា​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​អប់រំ​មនុស្ស។ ព្រះ‌អង្គ​មិន​គង់​នៅ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ពីរ ព្រះ‌អង្គ​ឃ្លាត​ឆ្ងាយ​ពី​មនុស្ស​ដែល​មាន​គំនិត​លេ‌លា ហើយ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ច‌រិត​ឡើយ។ព្រះ‌ប្រាជ្ញា​ញាណ​តែង​តែ​ស្រឡាញ់​រាប់​អាន​មនុស្ស ប៉ុន្តែ​ ព្រះ‌អង្គ​បាន​ដាក់​ទោស​អ្នក​ដែល​និយាយ​ប្រមាថ​ព្រះ‌ជាម្ចាស់។ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស ព្រះ‌អង្គ​ជ្រាប​គំនិត​របស់​គេ​យ៉ាង​ច្បាស់ ហើយ​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​និយាយ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​គង់​នៅ​ពាស​ពេញ​លើ​ផែន​ដី​ទាំង​មូល ព្រះ‌អង្គ​ធ្វើ​ឱ្យអ្វីៗ​ទាំង​អស់​ភ្ជាប់​ជា​មួយ​គ្នា​យ៉ាង​ស្អិត​ល្មួត ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ជ្រាប​ពាក្យ​សម្ដី​ទាំង​អស់​ដែល​មនុស្ស​និយាយ។

ទំនុកតម្កើងលេខ ១៣៩(១៣៨),១-៥.៧-១០ បទកាកគតិ

ព្រះជាម្ចាស់អើយសូមកុំព្រងើយសូមទ្រង់ពិនិត្យ
មើលហើយស្គាល់ខ្ញុំឱ្យបានច្បាស់ពិតសូមទ្រង់អាណិត
ប្រណីអាសូរ
ទោះបីអង្គុយខ្ញុំឈរមុខស្អុយក៏ទ្រង់មិនដូរ
ទ្រង់ជ្រាបគំនិតចិត្តថ្លើមខ្ញុំល្អព្រះម្ចាស់បវរ
មើលពីចម្ងាយ
ទោះបីខ្ញុំដេកខ្ញុំដើរឈរផ្អែកក៏ទ្រង់មិនណាយ
ទ្រង់ស្គាល់ផ្លូវពីជីវិតទៅឆ្ងាយទៅដល់ត្រើយនាយ
ទ្រង់ជ្រាបគ្មានលស់
ទោះពាក្យសម្ដីពុំទាន់មានថ្វីស្ដីពុំចេញសោះ
តែព្រះជាម្ចាស់ទ្រង់ជ្រាបទាំងអស់គ្រប់គៀនគ្រប់កោះ
ជ្រាបអស់គ្មានសល់
ទ្រង់គង់ជុំជិតទាំងមុខក្រោយពិតខ្ញុំឥតមានខ្វល់
ព្រះអង្គលោកដាក់ព្រះហស្ដលើកកល់រូបខ្ញុំកំណល់
កល់ទ្រព្រះហស្ដ
តើទូលបង្គំទៅខេត្តខ័ណ្ឌឃុំទីណានឹងស្បើយ
ឆ្ងាយពីវិញ្ញាណទីលានកោះត្រើយឱ្យផុតរហើយ
ពីភ័ក្រ្ដព្រះអង្គ?
បើទៅស្ថានសួគ៌ទ្រង់គង់ជាជួរសឹងជារបង
បើដេកជាមួយអ្នកស្លាប់ចង្គ្រាងទីនោះក៏ទ្រង់
គង់នៅនោះដែរ
បើនឹងហោះហើរលាក់ខ្លួនបណ្ដើររហូតជើងមេឃ
ហួសទៅសមុទ្រផុតអស់ពីភ្នែកទៅនៅដោយឡែក
ដាច់ពីគេឯង
១០គង់តែព្រះហស្ដព្រះអង្គនាំឆ្ពោះត្រង់ទីកន្លែង
ព្រះហស្ដខាងស្ដាំចាំចាប់មិនលែងខ្ញុំមិនកណ្ដែង
កណ្ដោចឥតអាង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភល ២,១៥-១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនកាន់តាមព្រះបន្ទូលដែលផ្ដល់ជីវិត ដូច្នេះ បងប្អូននឹងភ្លឺក្នុងចំណោមមនុស្សលោក ដូចពន្លឺដែលបំភ្លឺដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១-៦

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័កថា៖ «មាន​មូល​ហេតុ​ជា​ច្រើនដែល​តែង‌តែ​បណ្ដាល​ឱ្យមនុស្ស​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឱ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ។ ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​កទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ជាង​ទុកឱ្យ​គាត់​នៅ​រស់ ហើយ​នាំ​មនុស្ស​តូច‌តាច​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន! ប្រសិន​បើ​បង‌ប្អូន​ណា​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ចូរ​ស្ដី​ប្រដៅ​គាត់​ផង តែ​បើ​គាត់​កែ‌ប្រែ​ចិត្ត​គំនិត ចូរ​អត់‌ទោស​ឱ្យគាត់​ទៅ។ ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នកប្រាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គាត់​ត្រឡប់​មក​រក​អ្នក​ទាំង​ប្រាំ​ពីរ​ដង ដោយ​ពោល​ថា “ខ្ញុំ​ស្ដាយ​ដោយ​បាន​ធ្វើ​ខុស” ចូរ​អត់‌​ទោស​ឱ្យ​គាត់​ទៅ»។ ពួក​គ្រីស្ត‌ទូត​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះ‌អង្គ​ប្រទាន​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល‌​ឆ្លើយ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត ហើយ​បើ​អ្នក​រាល់​គ្នា​និយាយ​ទៅ​កាន់​ដើម​ឈើ​នេះ​ថា “ចូរ​រំលើង​ឫស​ឯង ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ!” វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​មិន​ខាន»។

302 Views

Theme: Overlay by Kaira