អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌បៃតង
បុណ្យរម្លឹក

សន្តយ៉ូហានទី២៣ ជាសម្តេចបា៉ប

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១,១-៧

ខ្ញុំប៉ូល ជាអ្នកបម្រើរបស់ព្រះគ្រីស្តយេស៊ូ ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំ ឱ្យធ្វើជា​គ្រីស្ដទូត និងជ្រើសរើសខ្ញុំឱ្យប្រកាសដំណឹងល្អអំពីព្រះអង្គ។ ដំណឹងល្អនេះព្រះជាម្ចាស់​បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការីរបស់ព្រះអង្គ ស្ដីអំពីព្រះបុត្រា​របស់ព្រះអង្គ។ បើគិតជាមនុស្ស ព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ តែបើគិតជាព្រះវិញ្ញាណដែលផ្ដល់ឱ្យមនុស្សបានវិសុទ្ធវិញ ព្រះជាម្ចាស់បាន​តែងតាំងព្រះអង្គជាព្រះបុត្រា ប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឱ្យមាន​ព្រះជន្មរស់ឡើងវិញ។​ តាមរយៈព្រះបុត្រា គឺព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង ព្រះ​ជាម្ចាស់បានប្រណីសន្តោសយើង និងប្រទានឱ្យយើងមានមុខងារជាគ្រីស្តទូត ដើម្បីនាំ​ជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។ បងប្អូនដែលព្រះយេស៊ូគ្រីស្តបានត្រាស់ហៅក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។​ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រីស្តជាអម្ចាស់ ប្រណីសន្តោស ​និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន!។

ទំនុកតម្កើងលេខ ៩៨,១-៥ បទកាកគតិ

១.ចូច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយឬទ្ធិចេស្តា
យកជ័យជំនះ ។
២. ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីការសង្រ្គោះ
ព្រះអង្គសម្ដែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ ។
៣.ព្រះអង្គនៅតែសម្ដែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់ ។
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្រ្គោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា ។
៤.ជនទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោរខ្ញៀវខ្ញា
ដោយតូរ្យតន្រ្តី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៩-៣២

ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់​មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោក​យ៉ូណាសបានធ្វើជាទីសម្គាល់ឱ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើ​ជាទីសម្គាល់ឱ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់​វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងយាងមកពី​តំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូនដែលប្រកប​ដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើង​ជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម អ្នក​ក្រុងនីនីវេបានកែប្រែចិត្តគំនិតនៅពេលឮសេចក្តីដែលព្យាការីយ៉ូណាសប្រកាស។​ រីឯ​នៅទីនេះ មានម្នាក់ប្រសើរលើសព្យាការីយ៉ូណាសទៅទៀត!»។

224 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira